អតីត​​កងទ័ព​​​​ស្ម័គ្រចិត្ត​​វៀត​ណាម​​​​បាន​បូជា​​​ជីវិត​​​ក្នុង​ការ​ជួយ​កម្ពុជា​


ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០៤
ក្នុងជំនួបសម្តែងការគួរសម
កោះសន្តិភាព
ក្នុងជំនួបសម្តែងការគួរសម

រាជធានីភ្នំពេញ​ ៖ ​ក្នុងជំនួប​សម្តែងការ​គួរសម​​​ជាមួយ​សម្តេច​​អគ្គ​មហា​សេនាបតី​​​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា​​​​ នា​រសៀវ​​​ថ្ងៃទី​​១៩ ខែសីហា ​​ឆ្នាំ​​២០១១ នៅ​​វិមាន​សន្តិភាព ​​​លោកឧត្តម​​​សេនីយ៍​ទោ ដូ បាទី​ (DO Baty) ​អនុរដ្ឋ​មន្ត្រី​​​ក្រសួងការពារ​​​ប្រទេស​និង​ជា​ប្រធាន​​អគ្គ​​សេនាធិការ​ កងទ័ព​ប្រជាជន​​វៀត​​ណាម​​ មាន​ប្រសាសន៍​​ថា ក្នុង​ដំណើរ​​​ទស្សនកិច្ច​​មក​កាន់​​ប្រទេស​កម្ពុជា​​​​នៅ​ពេល​នេះ លោក​​បាន​​ជួបពិភាក្សា​​ជាមួយ​​​លោក​​ឧបនាយក​រដ្ឋមន្ត្រី​​ទៀ បាញ់ ​និង​លោក​នាយ​ឧត្តម​សេនីយ៍​​ប៉ុល សារឿន ​​ក្នុង​ក្របខណ្ឌ​​​​​ពង្រឹង​ពង្រីក​​កិច្ច​​សហប្រតិ​បត្ត​ិ​ការ​​​​រវាង​ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​វៀត​ណាម​-កម្ពុជា ។

លោក​ឧត្តម​សេនីយ៍​​​ទោ​មាន​​ប្រសាសន៍​​​ថា កន្លង​​​មក​​លោក​​បាន​ដឹងច្បាស់​​​ពី​ផល​​លំបាក​​របស់​កម្ពុជា ​​​អ្វី​ដែល​​កម្ពុជា​​​បាន​ឆ្លង​កាត់​​​ជាមួយ​​​​​នឹង​ថៃ​ ប៉ុន្តែ​​​ទោះបីជា​យ៉ាងណា​ក៏ដោយ​ ​ក្រោម​ការ​ដឹក​នាំ​​​​ដ៏ឈ្លាសវៃ​​របស់​​សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​​ កម្ពុជា​នៅតែ​ទទួល​បាន​​​សុខសន្តិភាព​​​ ស្ថិរភាព​ និង​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ពិសេស​​វិស័យ​សេដ្ឋកិច្ច​។​​ លោក​ឧត្តម​​សេនីយ៍​​ទោ​មាន​ប្រសាសន៍​​​សង្កត់​ធ្ងន់​ថា កងទ័ព​​​​និង​ប្រជាជន​​វៀត​ណាម​នឹងបន្ត​​​គាំទ្រ​​នូវ​រាល់​វិធី​ដោះ​​ស្រាយ ​បញ្ហា​ព្រំដែន​​​​​របស់​​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​​​ ​ក្នុង​​ការ​ប្រែក្លាយ​​តំបន់​​ព្រំដែន​ឱ្យ​ទៅជាតំបន់​​​សន្តិ​ភាព​​ និងអភិវឌ្ឍ​​​ន៍​​​​ ។ នេះគឺ​ជា​ក្តីសង្ឃឹម​​របស់​ប្រជា​​ពលរដ្ឋ​​​ទាំងអស់​ដែលរស់នៅ​តាមព្រំដែន​ ហើយ​តាម​រយៈ​​នេះ កងទ័ព​​វៀត​ណាម​​​នឹងបន្ត​​សហការ​ជាមួយ​នឹង​កងទ័ព​​កម្ពុជា​តាម​​​អ្វី​ដែល​ បាន​​គ្រោង​ទុក​ ។
នៅក្នុង​ជំនួប​​​នេះដែរ​ លោក​ឧត្តម​សេនីយ៍​​ទោ​ ដូ បាទី បាន​ថ្លែង​​អំណរគុណ​​​​​​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​​ និងរាជ​រដ្ឋា​ភិបាល​​​កម្ពុជា​ ដែល​​បាន​ខិតខំ​​ប្រឹង​ប្រែង​​​​អស់​​ពីកម្លាំង​​កាយ​ចិត្ត​​​ ជួយ​​ស្វែងរក​​អដ្ឋិធាតុ​​​កងទ័ព​​ស្ម័គ្រ​​ចិត្ត​វៀត​ណាម​ ដែល​បាន​ពលីជីវិត​​នៅកម្ពុជា​​ ដើម្បី​ធ្វើ​​មាតុ​ភូមិ​និវត្តន៍​​​ទៅ​កាន់​​​ប្រទេស​​វិញ​ ។
សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​​មាន​​ប្រសាសន៍​​ វាយ​តម្លៃ​​​​ខ្ពស់​​ចំពោះ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​​​រវាង​កងទ័ព​​ទាំង២​កម្ពុជា-​វៀត​ណាម​​ ។ សម្តេច​មាន​ប្រសាសន៍​បន្ត​ថា អតីត​កងទ័ព​​​វៀត​ណាម​ដែល​បាន​ពលីជីវិត​​នៅកម្ពុជា​​ គឺបាន​​បូជា​សាច់​ស្រស់​​ឈាម​​ស្រស់​​​ដើម្បី​​ជួយ​​ដល់​​កម្ពុជា​​ ក្នុង​ន័យ​​នេះ​កម្ពុជា​ប្តូរ​ផ្តាច់​​​ស្វែងរក​​​អដ្ឋិ​​ធាតុ​ដើម្បី​​ធ្វើ ​មាតុ​ភូមិនិវត្តន៍​​ដល់​ក្រុម​គ្រួសារ​​ដែល​បាន​​បាត់បង់​ប្តី​ បងប្អូន​​ កូនចៅ​​​ជាទី​​ស្រឡាញ់​​​​​របស់​ខ្លួន ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น