ខេត្តបាត់ដំបង ៖ លោកនួន មួន មេបញ្ជាការផ្នែកសឹករងស្រុករតនមណ្ឌល និងកូនចៅក្រោមឱវាទរបស់គាត់ប៉ុន្មាននាក់ទៀតដែលកំពុងមានវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ត្រូវគេសង្ស័យថាបានប្រើប្រាស់ឯកសារមិនប្រក្រតីដាក់បង្ហាញជូនទៅក្រុមអធិការកិច្ចខេត្ត ក្នុងការប៉ុនប៉ងដណ្តើមកាន់កាប់
ដីចំការដែលមានទំហំជាង២០០ហិកតា ពីប្រជាពលរដ្ឋជាង៨០គ្រួសារ នៅចំណុចភ្នំស្រង់តូច ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ដែលកសិករទាំងនេះសុទ្ធតែមានប័ណ្ណកាន់កាប់ដីស្របច្បាប់រួចទៅហើយ ។
ជួបជាមួយអ្នកសារព័ត៌មាន និងសមាគម ការពារសិទ្ធិមនុស្ស «អាដហុក» លោកនួន មួន មេបញ្ជាការផ្នែកសឹករងស្រុករតនមណ្ឌលបានប្រាប់ថា ដីទំហំ៦០០ហិកតាដែលស្ថិតនៅតំបន់ភ្នំស្រង់តូច ក្នុងឃុំត្រែង ត្រូវបានលោកបែងចែកទៅឱ្យមន្ត្រីយោធាក្រោមឱវាទ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនក្នុងស្រុករតនមណ្ឌល ក្នុងមួយគ្រួសារចំនួន៥ហិកតា ក្រោយពីរូបលោកស្នើសុំដីព្រៃទាំងនេះបានពីអាជ្ញាធរស្រុក កាលពីឆ្នាំ១៩៩៦ ។ លោកនិយាយថា មនុស្សចំនួន១៤៨នាក់ ទទួលបានដីនេះ ប៉ុន្តែភាគច្រើនពួកគេបានលក់បន្តទៅឱ្យក្រុមហ៊ុនដាំដើមកៅស៊ូក្នុងអំឡុងឆ្នាំ២០០៥ ហើយនៅសល់ប្រហែលជិត២០០ហិកតា ដែលមានម្ចាស់កាន់កាប់ស្របច្បាប់ទៅហើយ បែរជាមានប្រជាពលរដ្ឋចំនួន៨៤គ្រួសារ ទៅរំលោភបំពានយកក្នុងអំឡុងឆ្នាំ២០០០ ។ លោកមេបញ្ជាការរូបនេះ បញ្ជាក់ថា មន្ត្រីយោធា មន្ត្រីរាជការ និងប្រជាពលរដ្ឋចំនួន១៤៨នាក់ ដែលទទួលបានការបែងចែកដីនេះ សុទ្ធតែមានឈ្មោះ និងស្នាមេមដៃត្រឹមត្រូវ ។
នៅក្នុងពាក្យស្នើសុំដីបង្កបង្កើនផលចំនួន៦០០ហិកតា របស់លោកនួន មួន សម្រាប់គ្រួសារកងទ័ពក្នុងអង្គភាពរបស់លោក គោរពជូនលោកអភិបាលខេត្តចុះថ្ងៃទី១ មករា ឆ្នាំ១៩៩៦ តាមរយៈលោកមេឃុំត្រែង និងលោកអភិបាលស្រុករតនមណ្ឌល គេមិនឃើញមានចំណារឯកភាពពីអាជ្ញាធរខេត្តដែលបញ្ជាក់ថា បានប្រគល់ដីត្រង់ចំណុចណាមួយឱ្យទៅតាមការស្នើសុំរបស់លោកនួន មួន នោះទេ រហូតមកដល់ពេលនេះ ។ ផ្ទុយទៅវិញ នៅលើពាក្យស្នើសុំដីនោះ មានតែចំណារបញ្ជាក់ពីមេឃុំត្រែងលោកឆឹង យី បញ្ជូនបន្តមកលោកអភិបាលស្រុក ដើម្បីពិនិត្យ ហើយលោកប្រាក់ សន់ អភិបាលរងស្រុកនាសម័យនោះបានចារបញ្ជូនបន្តទៅលោកអភិបាលខេត្ត ដើម្បីសុំយោបល់សម្រេចតែប៉ុណ្ណោះ ។ ដូច្នេះមិនមានខ្លឹមសារបន្តិចណាដែលថា អាជ្ញាធរឃុំ ស្រុក ឬខេត្តយល់ព្រមប្រគល់ដី៦០០ហិកតា ទៅឱ្យលោកនួន មួន យកទៅចែកគ្រួសារកងទ័ពរបស់គាត់នោះទេ ប៉ុន្តែលោកនួន មួន បែរជាទៅវាស់ដីទាំងនោះចែករំលែកដល់មនុស្សចំនួន១៤៨នាក់ ដែលគាត់អះអាងថា ជាគ្រួសារកងទ័ព មន្ត្រីរាជការ និងប្រជាពលរដ្ឋផង មានឈ្មោះ និងស្នាមមេដៃច្បាស់លាស់ទៅវិញ ។
នៅក្នុងបញ្ជីរាយនាមអ្នកទទួលបានដីពីលោកនួន មួន ចំនួន១៤៨នាក់ ភាគច្រើនត្រូវគេរកឃើញថា មិនមែនជាស្នាមមេដៃរបស់សាមីខ្លួនឡើយ ហើយសាមីខ្លួនខ្លះមិនបានដឹងថា មានឈ្មោះក្នុងបញ្ជីទទួលដីរបស់លោកនួន មួន ទៀតផង ។ ជាក់ស្តែង ដូចជាមានឈ្មោះលោកប្រាក់ សន់ អតីតអភិបាលរងស្រុករតនមណ្ឌល លោកផន សុផល មេឃុំអណ្តើកហែបបច្ចុប្បន្ន លោកសូត្រ ពក អតីតក្រុមប្រឹក្សាឃុំអណ្តើកហែប និងលោកមិត្ត អាន អតីតយោធាផ្នែកសឹករងស្រុកនេះជាដើម ។ ពួកគាត់សុទ្ធតែអះអាងថា មិនជាប់ពាក់ព័ន្ធក្នុងបញ្ជីឈ្មោះទទួលបានដីពីលោកនួន មួន ឡើយ ។ មិនតែប៉ុណ្ណោះ ពួកគាត់បានបង្ហាញស្នាមមេដៃដើម្បីផ្ទៀងផ្ទាត់ជាមួយស្នាមមេដៃក្នុងបញ្ជីរាយនាមនោះទៀតផង និងនៅមានឈ្មោះជាច្រើនទៀតត្រូវគេលួចចុះក្នុងបញ្ជីនេះ ។
លោកសូត្រ ពក អាយុ៧០ឆ្នាំ បានប្រតិកម្ម ចំពោះការយកឈ្មោះ និងបន្លំស្នាមមេដៃចុះក្នុងបញ្ជីទទួលដីមិនប្រក្រតីនេះ ។ លោកនិយាយថា លោកមិនស្គាល់ដីនៅតំបន់ភ្នំស្រង់តូចនោះទេ ហើយលោកនឹងធ្វើការសើរើបើសិនជាផ្ទុះរឿងធំ ។ រីឯលោកផន សុផល មេឃុំអណ្តើកហែប បានឆ្លើយតបក្រោយពីរូបលោកបានពិនិត្យ ឈ្មោះ និងស្នាមមេដៃក្នុងបញ្ជីរាយនាមនោះរួចថា ជាបញ្ជីឈ្មោះដែលធ្វើឡើងដោយមិនប្រក្រតី ។ លោកមេឃុំបានបញ្ជាក់ថា សូម្បីតែម្តាយរបស់លោកឈ្មោះណម សន សព្វថ្ងៃជាដូនជីក៏មានឈ្មោះក្នុងបញ្ជីខ្មៅនេះដែរ ។ លោកមិនបានដឹងទាល់តែសោះអំពីបញ្ហានេះ ។ លោកផន សុផល បាននិយាយថា គេមិនគួរយកឈ្មោះ និងបន្លំស្នាមមេដៃរបស់លោកធ្វើឱ្យប្រជាកសិករទន់ខ្សោយ ទឹកភ្នែកបែបនេះទេ ។ លោកមានការសោកស្តាយចំពោះទង្វើនេះ ហើយលោកនឹងធ្វើការបំភ្លឺជុំវិញបញ្ហានេះដែរ ។
ជាមួយគ្នានេះ អតីតអភិបាលរងស្រុករតនមណ្ឌលលោកប្រាក់ សន់ ដែលមានឈ្មោះ និងស្នាមមេដៃក្នុងបញ្ជីទទួលដីពីលោកនួន មួន នេះ ដែរ បានព្រមានថា បើសំណុំរឿងរបស់លោកនួន មួន ធ្វើឱ្យប៉ះពាល់ដល់ពេលវេលាប្រកបរបរទទួលទាន ឬរំខានដល់ក្រុមគ្រួសាររបស់លោក នោះលោកនឹងប្តឹងទៅតុលាការពីបទក្លែងបន្លំពីព្រោះពួកគេហ៊ានប្រើឈ្មោះ និងបន្លំស្នាមមេដៃរបស់លោកទៅបោកប្រាស់រំលោភយកដីពីប្រជាពលរដ្ឋដែលមានប័ណ្ណកាន់កាប់ដីដោយស្របច្បាប់ ។
ពាក់ព័ន្ធនឹងឯកសារក្លែងបន្លំ និងការមានប្រតិកម្មខាងលើនេះ លោកនួន មួន បានសារភាពអំពីកំហុសឆ្គងរបស់ខ្លួន ។ លោកបានប្រាប់ថា លោកបានដាក់ពាក្យស្នើសុំដីកាលពីឆ្នាំ១៩៩៦ តែបានរៀបចំធ្វើបញ្ជីរាយនាមអ្នកសុំកាន់កាប់ដីនៅឆ្នាំ២០០៥ ។ លោកបានទទួលស្គាល់ថា ស្នាមមេដៃភាគច្រើនពិតជាមានអ្នកផ្តិតជំនួសមែន ព្រោះកាលណោះសាមីខ្លួនម្នាក់ៗជាប់រវល់ ម្យ៉ាងយើងត្រូវការលក់ដីមួយចំនួនទៅឱ្យក្រុមហ៊ុនដាំកៅស៊ូ ដូច្នេះហើយទើបធ្វើបែបនេះ។ ប៉ុន្តែលោកនួន មួន បានបញ្ជាក់ថា គ្មានអ្នកណាម្នាក់ដែលមានឈ្មោះហើយថា គ្មានដីនោះទេ ប៉ុន្តែពួកគេបានលក់បន្ត ក្រោយពេលលោកបែងចែក ។ ទោះជាបែបណា រូបលោកបានដាក់ឯកសារទាំងនោះទៅកាន់អធិការកិច្ចខេត្តដើម្បីពិនិត្យហើយ ។
សូមបញ្ជាក់ថា ដោយសារតែឯកសារក្លែងបន្លំទាំងនេះហើយដែលនាំឱ្យលោកនួន មួន និងកូនចៅរបស់គាត់ប៉ុន្មាននាក់កំពុងប្រឈមមុខ ដាក់គ្នាជាមួយប្រជាពលរដ្ឋចំនួន៨៤គ្រួសារដែលពួកគាត់មានប័ណ្ណកាន់កាប់ដីស្របច្បាប់ ទទួលស្គាល់ដោយអាជ្ញាធរ ។ លោកយិន ម៉េងលី មន្ត្រីស៊ើបអង្កេតសមាគមអាដហុកប្រចាំខេត្តបាត់ដំបង-ប៉ៃលិន ដែលបានចុះស្រាវជ្រាវករណីខាងលើបានថ្លែងថា លោកអភិបាលខេត្ត ឬមន្ត្រីអធិការកិច្ចគួរតែពិនិត្យលើខ្លឹមសារនៃពាក្យសុំដីរបស់លោកនួន មួន ព្រោះគ្មានតម្លៃតាមផ្លូវច្បាប់ទេ ។ រីឯការក្លែងបន្លំស្នាមមេដៃវាជាបទល្មើសព្រហ្មទណ្ឌ ។ លោកនិយាយថា ក្រុមអធិការកិច្ច គួរតែចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ដីជម្លោះ ចៀសវាងការអូសបន្លាយពេលយូរ ព្រោះអាចបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង ហើយបើចាំបាច់សមាគមអាដហុករីករាយសហការជាមួយអាជ្ញាធរទាំងស្មារតី និងសំភារ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น