អាណាព្យាបាលសិស្សអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា ឲ្យបើកការស៊ើបអង្កេត និងទប់ស្កាត់ចំពោះភាពមិនប្រក្រតីបានកើតមាននៅក្នុងសម័យប្រឡងឆមាសទី២ នៅតាមវិទ្យាល័យដែលកើតមានអំពើពុករលួយ ដោយគ្រូប្រចាំថ្នាក់ និងថ្នាក់ដឹកនាំតាមវិទ្យាល័យមួយចំនួន តម្រូវឲ្យសិស្សបង់លុយជាថ្នូរបានប្រឡងជាប់ ឬទទួលបានពិន្ទុល្អ។
បុរសម្នាក់ហុចប្រ៊ុយយ៉ុងឲ្យបេក្ខជនប្រឡង នៅអនុវិទ្យាល័យចតុមុខ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ កក្កដា ឆ្នាំ២០១០។ ក្រសួងអប់រំយុវជន និងកីឡាកម្ពុជា បានកំណត់យកថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ សម្រាប់ឲ្យសិស្សថ្នាក់ទី១២ ឬមធ្យមសិក្សាកម្រិតទី២ នៅទូទាំងប្រទេសប្រឡងឆមាសទី២ មុននឹងប្រឡងយកសញ្ញាបត្របញ្ចប់ការសិក្សានៅខែកក្កដា ខាងមុខ។ ប៉ុន្តែការប្រឡងឆមាសទី២ ដែលទើបបិទបញ្ចប់នៅថ្ងៃពុធ ទី១៥ ខែមិថុនា មានសេចក្ដីរាយការណ៍ពីអាណាព្យាបាល និងសិស្សានុសិស្សឲ្យដឹងថា ថ្នាក់ដឹកនាំនៅតាមវិទ្យាល័យមួយចំនួននៅទីក្រុងភ្នំពេញ បានគំរាមឲ្យសិស្សបង់លុយក្នុងតម្លៃខ្ពស់ជាថ្នូរបានប្រឡងជាប់។ បុរសវ័យចំណាស់ស្នើមិនបញ្ចេញឈ្មោះ និងសំឡេងម្នាក់ រស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានអះអាងថា ការប្រឡងឆមាសទី២ សម្រាប់សិស្សថ្នាក់ទី១២ ឆ្នាំនេះ កូនៗរបស់គាត់បានសុំលុយចំនួន ២៥ដុល្លារក្នុងម្នាក់សម្រាប់បង់ជូនគ្រូប្រចាំថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំវិទ្យាល័យឫស្សីកែវ ដែលទាមទារឲ្យសិស្សគ្រប់ៗរូបត្រូវបង់ប្រាក់ ដោយបានគំរាមថា បើសិស្សរូបណាមិនបង់លុយឲ្យគ្រូ អាចប្រឡងមិនជាប់ ឬមិនទទួលបានពិន្ទុល្អទេ។ ដោយឡែកនៅវិទ្យាល័យច្បារអំពៅ និងតាមវិទ្យាល័យមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ក៏មានព័ត៌មានពីសិស្សានុសិស្ស និងមាតាបិតាសិស្សប្រហាក់ប្រហែលគ្នាដែរ ជុំវិញការប្រឡងឆមាសទី២នេះ។ ភាពអនាធិបតេយ្យទាំងនេះ អាណាព្យាបាលសិស្សបានស្នើទៅថ្នាក់ដឹកនាំក្រសួងអប់រំ និងប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យជួយស៊ើបអង្កេត ឬជួយទប់ស្កាត់ភាពមិនប្រក្រតីទាំងនេះកុំឲ្យកើតមានក្នុងវិស័យអប់រំកម្ពុជា តទៅថ្ងៃអនាគត ដើម្បីលើកស្ទួយវិស័យសិក្សាធិការនៅកម្ពុជា ឲ្យមានគុណភាព។ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានឲ្យដឹងថា ការប្រឡងឆមាសទី២ ឆ្នាំនេះ សមាគមលោកពិតជាបានរកឃើញមានភាពមិនប្រក្រតីជាច្រើនពិតមែន មានដូចជាការបែកធ្លាយវិញ្ញាសាមុខវិជ្ជាខ្មែរ និងមុខវិជ្ជាគណិតវិទ្យាជាដើម។ លោកថា ភាពមិនប្រក្រតី ឬអំពើពុករលួយក្នុងវិស័យអប់រំនៅកម្ពុជា ប្រសិនបើថ្នាក់ដឹកនាំស្ថាប័ននេះ ឬថ្នាក់ដឹកនាំរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ គុណភាពអប់រំនៅកម្ពុជា នឹងត្រូវធ្លាក់ចុះ និងប៉ះពាល់ដល់ការសិក្សារបស់សិស្សមានជីវភាពក្រីក្រ។ លោក រ៉ុង ឈុន ឲ្យដឹងបន្ថែមដូច្នេះ ៖ «សកម្មភាពរយៈពេល ៣ថ្ងៃនេះ យើងទទួលបានព័ត៌មានថា នៅសាលាវិទ្យាល័យឫស្សីកែវ មានការផ្ដល់ប្រាក់ ២៥ដុល្លារ ដើម្បីដំឡើងពិន្ទុ ហើយនៅវិទ្យាល័យច្បារអំពៅ អ្នកប្រឡងបេក្ខជនស្វៃរិន ១មុខវិជ្ជា ១៥ដុល្លារ ឲ្យគ្រូធ្វើអត្រាកំណែឲ្យ។ ទង្វើបែបនេះវាជារូបភាពអាក្រក់មែនទែននៅកម្ពុជាយើង»។ ទាក់ទងបញ្ហានេះ លោក អ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំយុវជន និងកីឡា នៅថ្ងៃទី១៥ ខែមិថុនា បានថ្លែងថា ក្រសួងនៅមិនទាន់ទទួលបានព័ត៌មានជុំវិញអំពើពុករលួយ ឬការបែកធ្លាយវិញ្ញាសាប្រឡងឆមាសទី២ សម្រាប់សិស្សថ្នាក់ទី១២ ដែលទើបបញ្ចប់នៅថ្ងៃពុធ នោះទេ។ ទោះយ៉ាងនេះក្ដី លោក អ៊ូ អេង បានអះអាងថា នឹងបើកការស៊ើបអង្កេតទៅលើសំណើរបស់សិស្ស និងអាណាព្យាបាលជុំវិញអំពើពុករលួយទាំងនេះ ៖ «ឲ្យតែមានព័ត៌មានយើងស៊ើបអង្កេតហើយបាទ!»។ មន្ត្រីក្រសួងអប់រំបានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានសិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ឬមធ្យមសិក្សាកម្រិតទី២ មានសិស្សចំនួនជិត ១០០.០០០នាក់ (ដប់ម៉ឺននាក់) ដែលមានឈ្មោះប្រឡងឆមាសទី២ ឆ្នាំ២០១១នេះ។ របាយការណ៍វិទ្យាស្ថានអភិវឌ្ឍន៍បរទេសរបស់ប្រទេសអង់គ្លេស (United Kingdom-based Oversea Development) ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា បានវាយតម្លៃអំពីគុណភាពវិស័យអប់រំរបស់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងសកលលោកបង្ហាញថា ការអភិវឌ្ឍលើវិស័យអប់រំនៅកម្ពុជា ស្ថិតក្នុងកម្រិតទាបក្នុងចំណោមប្រទេសមួយចំនួនដែលមានការវិវឌ្ឍលើវិស័យសិក្សាធិការយឺតយ៉ាវ ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើកំណែទម្រង់ជាបន្ទាន់ បើមិនដូច្នេះទេ ផែនការសិក្សាសហសវត្សរ៍ដែលកំណត់នៅឆ្នាំ២០១៥ កម្ពុជានឹងមិនអាចទទួលជោគជ័យបានទេ។ របាយការណ៍ដដែលក៏បានចាត់ចំណាត់ថ្នាក់គុណភាពអប់រំប្រទេសកម្ពុជា ស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទាប ឬគួរឲ្យភ្ញាក់ផ្អើល ដែលក្នុងនោះរួមមានប្រទេសឡាវ (Laos) ប្រទេសអែលសាល់វាឌ័រ (El Salvador) អេរីត្រា (Eritrea) រ៉វ៉ាន់ដា (Rwanda) អេត្យូពី (Ethiopia) សូម៉ាលី (Somalia) និងរដ្ឋសូម៉ាលីលែន (Somali land) ដែលជារដ្ឋស្វយ័តនៃប្រទេសសូម៉ាលី៕
ไม่มีความคิดเห็น:
แสดงความคิดเห็น