យុវជនដែលត្រូវប៉ូលិសចាប់ខ្លួននោះម្នាក់
ឈ្មោះបៃ លីនដា អាយុ២៣ឆ្នាំ
មុខរបរលក់និងជួសជុលទូរស័ព្ទដៃនៅភូមិព្រៃគុយ ឃុំត្រពាំងគង
ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាម្ចាស់ម៉ូតូបំពាក់ស៊ីរ៉ែន
ម៉ាកណៃហតពណ៌ខ្មៅអត់ស្លាកលេខ និងម្នាក់ទៀតឈ្មោះអ៊ី ប្រុស
អាយុ២២ឆ្នាំ មុខរបរជាងទង មានទីលំនៅភូមិខ្នារ ឃុំទួលព្រិច
ស្រុកអង្គស្នួល ខេត្តកណ្តាល ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា
ជនទំនើងទាំងពីរនាក់នេះបានជិះម៉ូតូម៉ាកណៃហតពណ៌ខ្មៅ
ឌុបគ្នាជ្រែពេញផ្លូវ
និងបើកឱ្យឮសំឡេងយ៉ាងកងរំពងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់
ប្រជាពលរដ្ឋ ឯអ្នកធ្វើដំណើរតាមផ្លូវទាំងរថយន្ត
និងម៉ូតូនៅម្តុំផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល
នាំគ្នាគេចចុះទៅចិញ្ចើមផ្លូវគ្រប់ៗគ្នា ព្រោះនឹកស្មានថា
ជាស៊ីរ៉ែននាំផ្លូវក្បួនគណៈប្រតិភូ
ឬក្បួនរថយន្តថ្នាក់ដឹកនាំ លុះពេលក្រឡេកមើលច្បាស់ទើបដឹងថា
ជាម៉ូតូក្រុមក្មេងទំនើងទៅវិញ ។
ប្រភពដដែលបានបន្តទៀតថា
ដោយសារតែស្អប់ខ្ពើមទង្វើទំនើងបែបនេះ
ប្រជាពលរដ្ឋបានទូរស័ព្ទរាយការណ៍សុំឱ្យប៉ូលិសព្រហ្មទណ្ឌ
ស្រុកអង្គស្នួលចេញអន្តរាគមន៍ឃាត់ខ្លួនជនទាំងពីរនាក់នេះយកទៅ
ដុសក្អែលចេញម្តង ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម
កម្លាំងប៉ូលិសព្រហ្មទណ្ឌស្រុកអង្គស្នួលបានចេញសហការជាមួយ
ប៉ូលិសប៉ុស្តិ៍ឃុំដំណាក់អំពិល និងឃុំពើក
ដេញតាមរហូតដល់ភូមិខ្លាកូន ទើបចាប់បាន រួចនាំយកទៅសាកសួរ
និងកសាងសំណុំរឿង ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា
យុវជនទាំងពីរនាក់នេះគឺជាជនទំនើងមានលុយទិញម៉ូតូល្អ
ស៊េរីទំនើបជិះបំពាក់ស៊ីរ៉ែនបើកដើរលេងសប្បាយ
និងបង្កឱ្យឮសំឡេងកងរំពងពេញដងផ្លូវ
ដោយពួកគេដឹងថាធ្វើបែបនេះខុសហើយនៅតែនាំគ្នាប្រព្រឹត្តទៀត ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានធ្វើការអប់រំ
និងឱ្យពួកគេធ្វើកិច្ចសន្យាដោះស៊ីរ៉ែនចេញ
បន្ទាប់មកឱ្យអាណាព្យាបាលទៅធានា ទើបឱ្យត្រឡប់ទៅផ្ទះវិញ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น