ដោយ សុខ សេរី
2011-06-30
សហរដ្ឋអាមេរិកបានចាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រចាំឆ្នាំ លំដាប់លេខ២ គឺល្អបង្គួរក្នុងការប្រឆាំងអំពើជួញដូរមនុស្សនៅឆ្នាំ២០១១។
ម្ចាស់សណ្ឋាគារ ឆាយ ហួរ II
នៅទីក្រុងភ្នំពេញ (រូបពាក់មួក)
ត្រូវបានចាប់ខ្លួនក្រោមបទជួញដូរមនុស្ស និងផ្លូវភេទនៅឆ្នាំ២០០៥។
របាយការណ៍បានបន្តថា បុរស ស្រ្តី និងកុមារកម្ពុជា បានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សតាមរយៈពលកម្មចំណាកស្រុក ទៅប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសដទៃទៀត ដូចជាការជួញដូរផ្លូវភេទ ការធ្វើពលកម្មដោយបង្ខំក្នុងការងារនេសាទ កសិកម្ម ឧស្សាហកម្ម និងរោងចក្រ ព្រមទាំងការងារនៅតាមផ្ទះសម្បែង គឺតាមរយៈក្រុមហ៊ុនជ្រើសរើសពលករ។
របាយការណ៍ដដែលបានបង្ហាញថា ប្រទេសកម្ពុជា ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ល្អបង្គួរ ក្នុងការប្រឆាំងអំពើជួញដូរមនុស្ស ប៉ុន្តែចំណាត់ថ្នាក់នេះមិនទាន់អាចចាត់ទុកជាចំណុចខ្លាំងក្លានៅ ឡើយ ដោយសារតែរដ្ឋាភិបាលកម្ពុជា នៅមិនទាន់បានបង្ហាញអំពីការរីកចម្រើនល្អប្រសើរក្នុងការពង្រឹង ច្បាប់ប្រឆាំងការជួញដូរមនុស្សនៅឆ្នាំ២០១១។
របាយការណ៍នេះបានកត់សម្គាល់ទៀតថា កាលពីឆ្នាំ២០១០ កន្លងទៅ ពលករចំនួន ១៦.៣៩៥នាក់ ត្រូវបានបញ្ជូនទៅប្រទេសម៉ាឡេស៊ី នៅក្នុងនោះមានស្ត្រីចំនួន ១១.៩១៨នាក់ ប្រៀបធៀបនឹងឆ្នាំ២០០៩ គឺមានចំនួនសរុប ៩.៩៨២នាក់ និងឆ្នាំ២០០៨ ចំនួន ២.៦៥៤នាក់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍នៅថ្ងៃទី២៩ ខែមិថុនា ថា ការវាយតម្លៃ និងការដាក់ឈ្មោះកម្ពុជា ក្នុងលំដាប់លេខ២ គឺដូចឆ្នាំមុនៗដែរ។ លោកចាត់ទុកថា របាយការណ៍នេះជាផែនទីចង្អុលផ្លូវមួយ។
លោកបន្តថា ៖ «យើងចាត់ថា នេះជាការវាយតម្លៃមួយដែលសហរដ្ឋអាមេរិក បានចាត់ទុកថា នេះយើងមានការខិតខំប្រឹងប្រែងមានសុឆន្ទៈ»។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់ សហគមន៍ លោក មឿន តុលា បានមានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលមិនបានចាត់វិធានការឲ្យបានខ្លាំងក្លា ដើម្បីចាប់ខ្លួនជនល្មើស ឬប្រធានក្រុមហ៊ុននាំចេញពលករ ដូចជាក្រុមហ៊ុន ធី អែន ភី (T & P) ជាដើម ដែលមានពលករលោតចេញពីក្រុមហ៊ុនបណ្ដាលឲ្យបាក់ជើងទាំង២ និងមានពលករម្នាក់បានស្លាប់នៅក្នុងក្រុមហ៊ុន។
លោកបន្តថា ៖ «ក្រសួងការងារមិនបានធ្វើអ្វីក្រៅពីបញ្ជាឲ្យ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលមួយរបស់មជ្ឈមណ្ឌលនេះបិទទេ។ មណ្ឌលផ្សេងៗនៅបើកហ្នឹង ហើយមិនមានការដាក់ទោសទណ្ឌអ្វី វាហាក់ដូចជាមិនបានធ្វើអ្វីសោះ ព្រោះជាទម្លាប់របស់ក្រុមហ៊ុននាំពលករចេញ។ កាលណាមានបញ្ហានៅមណ្ឌលមួយអ៊ីចឹង គេមិនបើកមណ្ឌលហ្នឹងទៀតទេ គេតែងតែប្ដូរពលករទាំងអស់ទៅមណ្ឌលផ្សេងៗទៀតហើយ»។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្ដល់អនុសាសន៍ដូចតទៅ បង្កើនការប្រឹងប្រែងក្នុងការស៊ើបអង្កេត និងផ្ដន្ទាទោសជនល្មើសនៃអំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរផ្លូវភេទ។
របាយការណ៍បានរិះគន់ថា រដ្ឋាភិបាលកម្ពុជា មិនបានប្រឹងប្រែងឲ្យបានល្អប្រសើរក្នុងការការពារជនរងគ្រោះ និងផ្ដល់ការជួយឧបត្ថម្ភនានា។ ខ្វះសម្ភារៈដើម្បីផ្ដល់ការស្នាក់នៅរបស់ជនរងគ្រោះនៃការជួញដូរ មនុស្ស។
កាលពីឆ្នាំ២០០៥ កន្លងទៅ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ឈ្មោះប្រទេសកម្ពុជា ក្នុងលំដាប់ថ្នាក់លេខ៣ គឺអាក្រក់បំផុត ដោយសារតែប្រទេសកម្ពុជា នៅពេលនោះមានរឿងអាស្រូវធំមួយនៃការជួញដូរមនុស្ស និងផ្លូវភេទ នៅសណ្ឋាគារ ឆាយ ហួរ II នៅក្នុងទីក្រុងភ្នំពេញ។ ម្ចាស់សណ្ឋាគារឈ្មោះ ប៉ោ លី ត្រូវបានចាប់ខ្លួនផ្ដន្ទាទោសនៅពេលនោះ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น