2011-06-10
ឯកអគ្គរាជទូតថ្មីរបស់ថៃប្រចាំនៅកម្ពុជា បានជួបសម្ដែងការគួរសមជាមួយប្រមុខការទូតខ្មែរ ដោយបានពិភាក្សាពីបញ្ហាមួយចំនួនទាក់ទងនឹងបញ្ហាព្រំដែនរវាងប្រទេស ទាំងពីរ។
១០-មិថុនា-២០១១៖
ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា លោក សំផុង សាងួនប៊ុន (Sompong
Sanguanbun) [ឆ្វេង] និងឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង
ជួបពិភាក្សានៅក្រសួងការបរទេសកម្ពុជា រាជធានីភ្នំពេញ។
ការបញ្ជាក់ជំហរនៅពេលនេះ គឺនៅស្របពេលដែលភាគីកម្ពុជា និងថៃ កំពុងតែរង់ចាំសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលគេគ្រោងប្រកាសនៅខែកក្កដា ខាងមុខនេះ។
លោក ហោ ណាំហុង បានផ្ញើសារដោយផ្ទាល់មាត់បែបនេះតាមរយៈឯកអគ្គរាជទូតថ្មីរបស់ ប្រទេសថៃ នៅកម្ពុជា លោក សំផុង សាងួនប៊ុន (Sompong Sanguanbun) ដែលបានមកសម្ដែងការគួរសមនៅឯក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១១។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ក្រោយពីជំនួបខ្លីរយៈពេល ៣០នាទី បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា កម្ពុជាចង់ឲ្យភាគីថៃ ទទួលយកដំណោះស្រាយជាកញ្ចប់ និងទទួលយកអ្នកសង្កេតការណ៍លើបទឈប់បាញ់ពីប្រទេសឥណ្ឌូណេស៊ី។
លោក កុយ គួង បន្ថែមដូច្នេះ ៖ «ឆ្លើយតបទៅសំណួរពាក់ព័ន្ធទៅនឹង ការប្រជុំគណៈកម្មការ JBC និង GBC ដែលឯកអគ្គរាជទូតថ្មីរបស់ថៃ បានលើកឡើងនោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ហើយថា កិច្ចប្រជុំ JBC និង GBC មិនអាចធ្វើបានទេ ដរាបណាភាគីថៃ នៅមិនទាន់យល់ព្រម ឬក៏ឆ្លើយតបជាវិជ្ជមានដល់ដំណោះស្រាយជាកញ្ចប់នេះ ដោយបានយល់ព្រមដោយរដ្ឋមន្ត្រីការបរទេសទាំងបី កាលពីថ្ងៃទី៩ ខែឧសភា កន្លងមកនេះ»។
ឯកអគ្គរាជទូតថ្មីរបស់ប្រទេសថៃ នៅកម្ពុជា លោក សំផុង សាងួនប៊ុន ត្រូវបានដកស្រង់សម្ដីដោយលោក កុយ គួង បានមានប្រសាសន៍ថា ប្រទេសថៃ ចង់ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផងដែរ និងចង់ឃើញប្រជាពលរដ្ឋប្រទេសទាំងពីររស់នៅក្នុងសន្តិភាព និងស្ថិរភាព ដោយមានកិច្ចសហប្រតិបត្តិការគ្នានឹងល្អ។
លោក សំផុង សាងួនប៊ុន បានបញ្ជាក់ប្រាប់លោក ហោ ណាំហុង ថា លោកប្រឹងប្រែងធ្វើឲ្យមានការបន្ធូរបន្ថយនូវស្ថានការណ៍តានតឹង និងមានការយល់គ្នាប្រសើរជាងមុន។
ក្រសួងការបរទេសកម្ពុជា បានប្ដឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងទីក្រុងទ្បាអេ (Hague) ប្រទេសហុល្លង់ (Netherlands) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ សុំឲ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ ទាក់ទងករណីប្រាសាទព្រះវិហារ និងសុំឲ្យតុលាការនេះចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់កងទ័ពថៃ នៅដីក្បែរតំបន់ប្រាសាទព្រះវិហារ ដែលថៃហៅថា ដីតំបន់ ៤,៦គីឡូម៉ែត្រការ៉េ។ បញ្ឈប់ការបាត់បង់ជីវិតមនុស្ស និងរក្សាប្រាសាទព្រះវិហារមិនឲ្យរងការខូចខាតធ្ងន់ធ្ងររហូតដល់ការ បកស្រាយសាលក្រមឆ្នាំ១៩៦២ នោះ ត្រូវបានប្រកាស។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានមានប្រសាសន៍ថា ក្រសួងការបរទេសកម្ពុជា បានបញ្ជូនឯកសាររួចហើយស្ដីពីស្ថានការណ៍របស់ជនភៀសសឹកនៅក្នុងការ វាយប្រយុទ្ធរវាងកងទ័ពថៃ និងកម្ពុជា កន្លងមក តាមសំណើរបស់តុលាការយុត្តិធម៌អន្តរជាតិ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น