ដោយ យន់ សាមៀន និង ហាស់ សាន
2011-06-30
២៦-មេសា-២០១១៖
ពលរដ្ឋខ្មែរជម្លៀសខ្លួនចេញពីលំនៅឋានក្នុងតំបន់អូរស្មាច់
ខេត្តឧត្ដរមានជ័យ ដោយសារសង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃ។
ការមិនទុកចិត្តគ្នានេះ មានឡើងនៅបន្ទាប់ពីកម្ពុជា ទទួលជោគជ័យសម្រាប់គម្រោងរៀបចំប្រាសាទព្រះវិហារ។ ចំណែកថៃ បានបរាជ័យ និងបានប្រកាសដកខ្លួនចេញពីអនុសញ្ញាបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្គូ (UNESCO)។
នៅដើមសប្ដាហ៍នេះ រដ្ឋាភិបាល និងយោធាខ្មែរ-ថៃ បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីគម្រោងធ្វើសង្គ្រាមតំបន់ក្បែរ ប្រាសាទព្រះវិហារ។ ការមិនទុកចិត្តគ្នានេះ បានកើតឡើងកន្លងមកដោយសារតែការផ្ទុះអាវុធរវាងទាហានខ្មែរ និងថៃ មានភាពផុយស្រួយពេក ដែលបណ្ដាលឲ្យទាហានទាំងសងខាងស្លាប់ច្រើនជាង ២០នាក់។
មន្ត្រីយោធាថៃ ត្រូវបានសារព័ត៌មានថៃ ដកស្រង់សម្ដីថា ទាហានថៃ មានគោលជំហរច្បាស់លាស់ គឺមិនឈ្លានពានប្រទេសណានោះទេ ប៉ុន្តែនឹងធ្វើការវាយប្រហារបកវិញ ប្រសិនបើមានការប្រហារមកលើខ្លួន។
ឧត្ដមសេនីយ៍ឯកមេបញ្ជាការទីមួយប្រចាំយុទ្ធភូមិភាគ១ លោក ឧត្តមដេត ស៊ីតាបុត្រ (Udomdej sitabutr) មានប្រសាសន៍កាលពីថ្ងៃពុធ ទី២៩ មិថុនា ថា ថៃនឹងមិនចាប់ផ្ដើមវាយប្រហារកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះទេ ៖ «ទំនាក់ទំនងរវាងមន្ត្រី និងអង្គភាពយោធារបស់ប្រទេសទាំងពីរនៅតែបន្តធ្វើដូចដើម។ យើងនៅតែនិយាយរកគ្នាទៅវិញទៅមក។ កន្លងមកមានពាក្យចចាមអារ៉ាមខ្លះពីភាគីកម្ពុជា អំពីការវាយប្រហាររបស់ថៃ។ ប៉ុន្តែវាមិនមែនជាការពិតទេដែលថៃ នឹងចាប់ផ្ដើមប្រយុទ្ធនឹងកម្ពុជានោះ។ ខ្ញុំអាចអះអាងបានថា យើងរួមទាំងអគ្គមេបញ្ជាការទ័ព គ្មានគោលនយោបាយណាមួយ ស្ដីពីការវាយប្រហារកម្ពុជាទេ។ ប៉ុន្តែប្រសិនបើយើងរងនូវការវាយប្រហារ យើងចាំបាច់ត្រូវតែតបតវិញ»។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក ឈុំ សុជាត កាលពីថ្ងៃទី២៩ ខែមិថុនា បានបញ្ជាក់ថា កងទ័ពកម្ពុជា ពុំមានការចល័តទ័ព និងហ្វឹកហាត់យុទ្ធសាស្ត្របោកគ្រាប់បែក និងបាញ់កាំភ្លើងធំ ដូចការចោទប្រកាន់របស់មេបញ្ជាការយោធាថៃនោះទេ។
អ្នកនាំពាក្យរូបនេះបន្តថា កងទ័ពខ្មែរដែលកំពុងតែឈរជើងនៅតាមខ្សែត្រៀមជួរមុខ បានរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែបានត្រៀមលក្ខណៈដើម្បីការពារទឹកដី។ លោកបន្តថា ចំណែកឯការចោទប្រកាន់របស់យោធាថៃ គឺជាលេសមួយដើម្បីវាយប្រហារជាថ្មីមកលើភាគីកម្ពុជា តែប៉ុណ្ណោះ។
ទាហានខ្មែរម្នាក់ឈរជើងនៅតំបន់ក្បែរប្រាសាទព្រះវិហារសុំមិន បញ្ចេញឈ្មោះ បានឲ្យកាលពីថ្ងៃអង្គារ ទី២៨ មិថុនា មានប្រសាសន៍ថា កងទ័ពកម្ពុជា កំពុងត្រៀមខ្លួនខ្លាចក្រែងមានការប៉ះទង្គិចគ្នាដោយអាវុធសាជា ថ្មីម្ដងទៀត។ លោកបន្តថា មកទល់ថ្ងៃ២៨ មិថុនា នៅតំបន់ព្រំដែនមិនទាន់មានស្ថានភាពធ្ងន់ធ្ងរនៅឡើយទេ។
អ្នកវិភាគបញ្ជាក់ថា ភាពតានតឹងនៅតាមព្រំដែនដោយសារការខកចិត្តរបស់ថៃ ក្រោយពេលដែលកម្ពុជា បានសម្រេចផែនការជួសជុល និងអភិរក្សកម្ពុជា។ កាលពីថ្ងៃសៅរ៍ ទី២៥ មិថុនា គណៈប្រតិភូថៃ បានដកខ្លួនចេញពីអង្គការយូណេស្កូ បន្ទាប់ពីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានទទួលយកគម្រោងកម្ពុជា មកពិភាក្សា។ ថៃបានចោទប្រកាន់ថា សេចក្ដីសម្រេចរបស់គណៈកម្មាធិការនេះជាអំពើអយុត្តិធម៌សម្រាប់ខ្លួន ដែលអាចធ្វើឲ្យប៉ះពាល់ដល់បូរណភាពទឹកដីខ្លួន។
នាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាលពីថ្ងៃអង្គារ ទី២៨ បានប្រកាសថា រដ្ឋាភិបាលចាំផ្ទះរបស់លោកនឹងទុកបញ្ហាសមាជិកភាពអង្គការយូណេស្កូ ថៃ ទៅឲ្យរដ្ឋាភិបាលឈ្នះឆ្នោតថ្មីដោះស្រាយជាបន្តទៀត។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថៃ បានសម្ដែងការព្រួយបារម្ភប្រសិនបើការជំទាស់របស់ថៃ បណ្ដាលឲ្យជម្លោះព្រំដែនកាន់តែធ្ងន់ធ្ងរទៀត។
មន្ត្រីក្រសួងពាណិជ្ជកម្មថៃ កំពុងតាមដានស្ថានភាពពាណិជ្ជកម្មថៃ នៅកម្ពុជា។ មន្ត្រីបន្តថា ប្រសិនបើមានការប្រយុទ្ធគ្នាមែននោះ ពាណិជ្ជកម្មថៃ នៅកម្ពុជា នឹងមានផលប៉ះពាល់ជាមិនខាន។
ថៃមិនយកលេសរឿងជម្លោះព្រំដែនដើម្បីពន្យារការបោះឆ្នោតទេ
ទីភ្នាក់ងារព័ត៌មានអាល្លឺម៉ង់ DPA ឲ្យដឹងនៅថ្ងៃពុធ ទី២៩ មិថុនា ថា នាយករដ្ឋមន្ត្រីថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ ឆ្លើយតបទៅនឹងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ថៃនឹងយកលេសរឿងវិវាទជាមួយកម្ពុជា ដើម្បីលើកថ្ងៃបោះឆ្នោតនោះថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៣ មិថុនា ដូចបានគ្រោងទុក ឥតកែប្រែទេ ហើយថា ថៃនឹងមិនបង្កភាពតានតឹងរឿងព្រំដែនជាមួយកម្ពុជា ដើម្បីពន្យារពេលបោះឆ្នោតនោះឡើយ។
តាមដំណឹងក្នុងកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) នៅថ្ងៃ២៩ មិថុនា មេបញ្ជាការយោធភូមិភាគទី១ថៃ ឧត្ដមសេនីយ៍ឯក ឧត្តមដេត ស៊ីតាបុត្រ (Udomdej Sitabutr) និងមេបញ្ជាការយោធភូមិភាគទី២ ឧត្ដមសេនីយ៍ឯក សុវត្ថិឆ័យ សាមុតសាខន (Sowatchay Samutsakorn) ថា ពុំមានការបន្ថែមកម្លាំងទ័ពទៅកាន់ជាយដែនអ្វីនោះទេ គ្រាន់តែផ្លាស់ប្ដូរអង្គភាពយោធាពីកន្លែងមួយទៅកន្លែងមួយ តែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ មេបញ្ជាការយោធភូមិភាគទី១ ឧត្ដមសេនីយ៍ឯក ឧត្តមដេត ស៊ីតាបុត្រ ថ្លែងថា កម្ពុជាបានបន្ថែមកម្លាំងទ័ពថ្មើរជើងខ្លះនៅតាមជាយដែន តែមិនច្រើនទេ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น