ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងមកដល់ នៅឆ្នាំ ២០១២ ខាងមុខ ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានឈ្នះឆ្នោតលើសលប់ពីគណបក្សប្រឆាំងនោះ ឥឡូវនេះ បានបញ្ចេញការវាយប្រហារគណបក្សប្រឆាំងជាថ្មីម្ដងទៀត អំពីការលួចទាក់ទងគ្នាជាសម្ងាត់។
លោក ហ៊ុន សែន នៅថ្ងៃទី ៦ មិថុនា បានព្រមានគណបក្សប្រឆាំងចំនួនពីរ គឺគណបក្ស សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ក្នុងឱកាសប្រគល់វិញ្ញាបនបត្រដល់កម្មសិក្សាការី នៅសាលាភូមិន្ទរដ្ឋបាល នារាជធានីភ្នំពេញ នៅថ្ងៃទី ៦ មិថុនាថា មេដឹកនាំគណបក្សទាំងពីរនេះ ធ្លាប់បានទាក់ទងលោកជាច្រើនដង។
លោក ហ៊ុន សែន បានប្រកាសថា លោកនឹងមានឯកសារជាច្រើនទៀត និយាយអំពីការទាក់ទងគ្នាជាសម្ងាត់ជាមួយលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា អតីតអនុប្រធានគណបក្សសិទ្ធិមនុស្ស ដែលផ្ដាច់ខ្លួនចូលគណបក្សប្រជាជនវិញនោះ គឺលោក កែវ រ៉េមី គឺលោកជាអ្នករៀបចំឲ្យដែរ។
ទាក់ទងទៅនឹងបញ្ហានេះ លោក កែវ រ៉េមី ដែលបច្ចុប្បន្នមាននាទីជាមន្ត្រីនាំពាក្យនៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ដែលអតីតជាអនុប្រធានគណបក្សសិទ្ធិមនុស្ស ដែលធ្លាប់តែរិះគន់ការដឹកនាំ ប្រទេសមិនល្អរបស់រដ្ឋាភិបាលនោះ លោកបានបញ្ជាក់ថា ការលើកឡើងរបស់លោក ហ៊ុន សែន ជាការពិត។
ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានបំភ្លឺថា លោកគ្មានដឹងអំពីផែនការរបស់លោក ហ៊ុន សែន រៀបចំលោក កែវ រ៉ែមី ដែលអតីតជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី ហើយចូលមកធ្វើនយោបាយជាមួយគណបក្សសិទ្ធិមនុស្សរបស់លោកនោះទេ។
លោក កឹម សុខា បានមានប្រសាសន៍ថា លោកគ្មានការភ្ញាក់ផ្អើលអំពីផែនការរបស់លោក ហ៊ុន សែន ដែលព្រមានថា មានឯកសារសម្ងាត់ជាច្រើនទៀតនោះក្តី។ ប៉ុន្តែ លោក កឹម សុខា បានអះអាងថា លោកធ្លាប់បានទាក់ទងជាមួយលោក ហ៊ុន សែន នោះ គឺនិយាយអំពីបញ្ហាជាតិ ដូចជា ករណីរំលោភសិទ្ធិមនុស្ស ករណីរំលោភដីធ្លីប្រជាពលរដ្ឋ។ វាគ្មានអាថ៌កំបាំងអ្វីឡើយ។
លោក កឹម សុខា បានអះអាងម្ដងទៀតថា គោលបំណងរបស់លោក ហ៊ុន សែន គឺជារឿងនយោបាយ ដើម្បីធ្វើឲ្យគណបក្ស សម រង្ស៊ី ដកសេចក្ដីទុកចិត្តពីគណបក្សសិទ្ធិមនុស្ស ដោយសារតែលោក ហ៊ុន សែន មិនចង់ឲ្យគណបក្ស សម រង្ស៊ី បង្កើតសម្ពន្ធភាពនឹងគណបក្សសិទ្ធិមនុស្សតែប៉ុណ្ណោះ។
ការប្រកាសជាថ្មីម្ដងទៀតរបស់លោក ហ៊ុន សែន អំពីការទាក់ទងគ្នានឹងលោក កឹម សុខា នេះ នៅបន្ទាប់ពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបញ្ចេញខ្សែអាត់និយាយពីការទាក់ទងគ្នារវាងលោក កឹម សុខា និងលោក ហ៊ុន សែន ដែលគេបង្ហោះនៅលើគេទំព័រក្នុងស្រុកមួយ កាលពីថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១១ និយាយអំពីការធ្វើសមាជគណបក្សសិទ្ធិមនុស្ស កាលពីឆ្នាំ ២០០៧។
ក្រៅអំពីការទាក់ទងគ្នាជាមួយមេដឹកនាំគណបក្ស សិទ្ធិមនុស្ស លោក ហ៊ុន សែន ក៏បានប្រកាសថា លោកក៏ធ្លាប់ទាក់ទងជាមួយលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែរ។ លោក ហ៊ុន សែន បានលើកពីលោក សម រង្ស៊ី ថាធ្លាប់បានជួបលោកនៅតាខ្មៅ និងជួបគ្នាតាមទូរស័ព្ទ និយាយពីការកែប្រែរដ្ឋធម្មនុញ្ញជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ការជ្រើសតាំងរដ្ឋាភិបាលពីរូបមន្ត ២ ភាគ ៣ ទៅជា ៥០ បូក ១ វិញ។
មន្រ្តីនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បានឆ្លើយតបវិញថា លោក សម រង្ស៊ី ធ្លាប់បានជួបលោក ហ៊ុន សែន មិនមែនជួបជាសម្ងាត់ទេ។ រាល់ការជួបរបស់លោក សម រង្ស៊ី និងលោក ហ៊ុន សែន គឺជាសាធារណៈ ដូចជា ការជួបគ្នាកាលពីឆ្នាំ ១៩៩៨ និងជួបគ្នាចុងឆ្នាំ ២០០៦ គឺរាល់ការជួបលោក សម រង្ស៊ី បានជំរុញឲ្យលោក ហ៊ុន សែន ដោះស្រាយបញ្ហាជាតិ រួមមានដោះស្រាយរឿងព្រំដែន រឿងជនអន្តោប្រវេសន៍ខុសច្បាប់ និងដោះស្រាយភាពក្រីក្រ។ល។
ទាក់ទងទៅនឹងការកែប្រែរដ្ឋធម្មនុញ្ញ លោក យឹម សុវណ្ណ បានពន្យល់ថា គណបក្សប្រឆាំងមិនមែនធ្វើតាមបញ្ជាលោក ហ៊ុន សែន ទេ។ មានន័យថា គណបក្សប្រឆាំងកែចំណុចណា ដែលគេយល់ថាជាករណីខូចប្រយោជន៍ជាតិប៉ុណ្ណោះ។
នៅគ្រាដែលមេដឹកនាំរដ្ឋាភិបាលកម្ពុជា ប្រហារទៅលើមេដឹកនាំគណបក្សប្រឆាំង នៅពេលនេះ ត្រូវបានអ្នកវិភាគឯករាជ្យលើកឡើងថា មេដឹកនាំកម្ពុជាកំពុងតែដើរលើផ្លូវនយោបាយ មិនខុសពីមេដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្នប៉ុន្មានឡើយ។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរ ដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ហង្ស ឆាយា ពន្យល់ថា មេដឹកនាំគណបក្សនយោបាយកម្ពុជា ហាក់បីដូចជាកំពុងតែធ្វើយុទ្ធនាការឃោសនាទៅវិញទេ។ លោក ហង្ស ឆាយា អះអាងថា នៅខណៈដែលប្រជាពលរដ្ឋកម្ពុជាកំពុងចាប់អារម្មណ៍រឿងព្រំដែនកម្ពុជា ទាំងអស់មិនថា ព្រំប្រទល់ដែនកម្ពុជាថៃ ឬព្រំប្រទល់កម្ពុជាវៀតណាម និងឡាវនោះទេ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាកំពុងតែបង្វែរស្ថានការណ៍នេះទៅវិញ។
ទោះជាយ៉ាងណាក៏ដោយ លោក ហង្ស ឆាយា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនគួរលេងល្បែងនយោបាយវាយប្រហារគ្នានេះទេ។ បញ្ហាដែលសំខាន់នៅចំពោះមុខរដ្ឋាភិបាល គួរតែដោះស្រាយភាពក្រីក្ររបស់ប្រជាពលរដ្ឋវិញប្រសើរជាង។
គណបក្សនយោបាយ ដែលជាប់សំឡេងឆ្នោត កាលពីឆ្នាំ ២០០៨ នៅក្នុងអាណត្តិទី ៤ ដែលអាសនៈនៅក្នុងរដ្ឋសភា មានចំនួន ៥ គណបក្ស រួមមានគណបក្សប្រជាជនកម្ពុជា មាន ៩០ អាសនៈ គណបក្ស សម រង្ស៊ី មាន ២៦ អាសនៈ គណបក្សសិទ្ធិមនុស្ស មាន ៣ អាសនៈ គណបក្សហ្វ៊ុនស៊ិនប៉ិច មាន ២ អាសនៈ និងគណបក្សជាតិនិយម ដែលបច្ចុប្បន្នប្ដូរឈ្មោះជាគណបក្ស នរោត្ដម រណឫទ្ធិ នោះ មាន ២ អាសនៈ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น