ដោយ ជី វិតា
2011-07-05
ព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ នៅក្នុងថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ បានបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងរងរបួសជាច្រើនរយនាក់។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ឆ្លើយបទសម្ភាសរបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី
នៅព្រះរាជដំណាក់របស់ព្រះអង្គនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤
ខែធ្នូ ឆ្នាំ២០១០
ច្បាប់សង្គ្រាម ឬច្បាប់មនុស្សធម៌អន្តរជាតិ ដែលបានកំណត់ដោយអនុសញ្ញាក្រុងហ្សឺណែវ ចែងថា ទាហានដែលត្រូវបានចាប់ខ្លួនក្នុងសមរភូមិ ឬបានទម្លាក់អាវុធចុះចូល គឺជាឈ្លើយសឹក ឬអ្នកទោសសង្គ្រាម ហើយត្រូវតែទទួលបានការការពារជីវិត និងប្រព្រឹត្តចំពោះឲ្យបានសមរម្យជាមនុស្ស។ ហើយពួកគេត្រូវបានដោះលែងវិញ នៅពេលការច្បាំងគ្នាបានបញ្ចប់។ ការប្រហារជីវិតសត្រូវរបស់ខ្លួន ដែលបានទម្លាក់អាវុធចុះចូល ឬគ្មានអាវុធនៅក្នុងដៃ គឺជាអំពើរំលោភច្បាប់សង្គ្រាម ឬហៅថា ការសម្លាប់ក្រៅច្បាប់។
នៅលើគេហទំព័ររបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដែលមានអាសយដ្ឋាន cambodia.ohchr.org រាយការណ៍ថា មនុស្សប្រមាណ ៦០នាក់ ត្រូវបានសម្លាប់ក្រៅច្បាប់ នៅក្នុងអំឡុងពេលរដ្ឋប្រហារគិតចាប់ពីថ្ងៃទី២ កក្កដា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ កាលពី ១៤ឆ្នាំមុន។ ភាគច្រើននៃជនរងគ្រោះជាទាហាន និងមន្ត្រីយោធា ប៉ូលិស របស់គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច។ ចំនួននេះមិនរាប់បញ្ចូលជីវិតជនស៊ីវិល និងទាហានដែលបានស្លាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពស្មោះត្រង់ នឹងសម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ នោះទេ។
ការសម្លាប់មនុស្សដ៏ឃោរឃៅក្រោមបញ្ជារបស់លោក ហ៊ុន សែន
លោក Christophe Peschoux អតីតតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដែលបានធ្វើការស៊ើបអង្កេតទៅលើព្រឹត្តិការថ្ងៃ៥-៦ កក្កដា នោះ បានបញ្ជាក់ថា សាកសពនិមួយៗ ដែលលោកបានរកឃើញមានសភាពគួរឲ្យរន្ធត់ តក់ស្លុត ៖ «ករណីខ្លះយើងឃើញមានឆ្អឹងមនុស្សរាយប៉ាយជាប់លើនឹង គំនរកង់ឡាន ដែលមានស្នាមឆេះរោល។ នេះបញ្ជាក់ថា ជនរងគ្រោះមួយចំនួនត្រូវបានគេដុតនឹងគំនរកង់ឡាន។ រណ្ដៅសពខ្លះពេលជីកគាស់ចេញមក យើងឃើញមានជនរងគ្រោះម្នាក់។ រណ្ដៅខ្លះទៀតជារណ្ដៅរួម មានសាកសពបីបួននាក់។ អ្នកដឹងទេ សពខ្លះយើងរកឃើញនៅក្នុងប្រឡាយទឹក ខ្លះទៀត យើងប្រទះឃើញអណ្ដែតទឹកនៅក្នុងទន្លេមេគង្គ។ អ្វីដែលពិបាកសម្រាប់យើងនោះ គឺសាកសពជាច្រើន យើងមិនអាចកំណត់អត្តសញ្ញាណពួកគេបាន ដោយសារតែមានសភាពរលួយពិបាកចំណាំ។ គោលបំណងរបស់យើងក្នុងការព្យាយាមចំណាំអត្តសញ្ញាណសាកសពឲ្យបាន ច្បាស់នោះ គឺដើម្បីជួយផ្ដល់ដំណឹងដល់សាច់ញាតិរបស់ពូកគេ ដែលមកពឹងពាក់ឲ្យយើងជួយរក។ ភាគច្រើននៃជនរងគ្រោះដែលយើងរកឃើញស្លាប់ក្នុងដៃជាប់ចំណង។ ដៃទាំងពីរចងស្លាបសេកទៅក្រោយ ចងជាមួយក្រមា ឬខ្សែ។ យើងរកឃើញនៅតំបន់ពេជ្រនិល នៅជិតឧដុង្គ នៅក្នុងខេត្តកំពង់ស្ពឺ យើងរកឃើញនៅតាមផ្លូវទៅខេត្តកំពង់ឆ្នាំង និងទីកន្លែងផ្សេងៗ ទៀតនៅជិត និងជុំវិញទីក្រុងភ្នំពេញ»។នៅថ្ងៃទី៥ ទី៦ កក្កដា ឆ្នាំ១៩៩៧ ខណៈការផ្ទុះអាវុធកំពុងកើតឡើងនៅក្នុង និងជុំវិញទីក្រុងភ្នំពេញ រវាងកងទ័ពស្មោះត្រង់នឹងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងកងទ័ពស្មោះត្រង់នឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា កងទ័ពរដ្ឋាភិបាលកំពុងបង្ក្រាបក្រុមជ្រុលនិយម និងកងទ័ពខ្មែរក្រហម។
លោក Brad Adams អតីតមន្ត្រីច្បាប់ជាន់ខ្ពស់នៃឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលបានចុះស៊ើបអង្កេតគាស់កកាយសាកសពជនរងគ្រោះ ក្នុងព្រឹត្តិការណ៍ថ្ងៃទី៥ និងទី៦ កក្កដានោះ និយាយថា បើទោះជាការសម្លាប់មនុស្សជាអំពើមិនល្អក៏ដោយ ប្រសិនបើនៅក្នុងថ្ងៃរដ្ឋប្រហារថ្ងៃទី៥ ទី៦ កក្កដា នោះ មានមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិត ដោយសារតែការប្រយុទ្ធគ្នា ហើយចប់ទៅនោះ គេអាចមើលឃើញថា នោះជាជម្លោះនយោបាយមួយ នាំរហូតទៅដល់ការប្រើអំពើហិង្សាដាក់គ្នា។ ហើយការបាត់បង់ជីវិតមនុស្សនាពេលនោះ អាចជាការស្លាប់ក្នុងពេលប្រយុទ្ធគ្នាលើសមរភូមិ ឬក៏ការសម្លាប់ដោយភ័ន្តច្រឡំ។ បើទោះការបាត់បង់ជីវិតមនុស្សវាជារឿងអាក្រក់ តែវាអាចទទួលយកបាន ៖ «ប៉ុន្តែអ្នកដឹងទេ នៅពេលដែលមនុស្សទាំងនោះត្រូវបានគេដេញតាមចាប់ ហើយសម្រាតសំលៀកបំពាក់ចេញពីខ្លួន ចងមុខ ចងស្លាប់សេក ឬដាក់ខ្នោះ រួចប្រើកាំភ្លើងបាញ់បំបែកលលាដ៍ក្បាល ហើយកប់ក្នុងរណ្ដៅរាក់ៗ នោះគឺជារឿងមួយដ៏អសីលធម៌ និងអមនុស្សធម៌ផ្សេងទៀតទៅវិញ។ វាជាអំពើដ៏គួរឲ្យស្អប់ខ្ពើមខ្លាំងណាស់»។
នៅក្នុងរបាយការណ៍ដែលបង្ហោះនៅលើគេហទំព័ររបស់ឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ចំនួនមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនបិចដែលត្រូវបានសម្លាប់ ក្រៅច្បាប់ និងបាត់ខ្លួនហើយត្រូវបានសន្មតថាស្លាប់នោះ មានប្រមាណ ៦០នាក់។ មន្ត្រីដែលត្រូវបានសម្លាប់ រួមមានឧត្ដមសេនីយ៍ ចៅ សម្បត្តិ ឈ្មោះក្រៅ ហៅ ង៉ូវ ឧត្ដមសេនីយ៍ ក្រូច យឿម និងលោក ហូ សុខ ជាដើម។
ផ្ដាច់ជីវិតមនុស្សក្នុងពេលកំពុងឃុំខ្លួន
លោក ហូ សុខ ដែលមានតួនាទីជារដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាមេបញ្ជាការក្រុមអង្គរក្សរបស់សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ កក្កដា ដោយកម្លាំងរបស់លោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន នៅខណៈដែលលោកកំពុងដើរចេញពីនិវេសនដ្ឋានរបស់ឯកអគ្គរដ្ឋទូត សិង្ហបុរី ក្នុងក្រុងភ្នំពេញ។ បន្ទាប់មក លោក ហូ សុខ ត្រូវបាននាំខ្លួនយកទៅក្រសួងមហាផ្ទៃ។ នៅថ្ងៃដដែលវេលាម៉ោងប្រហែល ៥ល្ងាច លោក ហូ សុខ ត្រូវបានផ្ដាច់ជីវិតនឹងគ្រាប់កាំភ្លើង ខណៈកំពុងជាប់ឃុំក្នុងបន្ទប់មួយ ក្នុងក្រសួងមហាផ្ទៃ។ នៅថ្ងៃបន្ទាប់ ទី៨ កក្កដា វេលាម៉ោង ៣ជិតភ្លឺ សាកសពមួយពាក់ឈ្មោះ ហូ សុខ ដែលមានស្នាមគ្រាប់កាំភ្លើងទម្លុះចូលដើមទ្រូងមួយគ្រាប់ និងបំពង់កមួយគ្រាប់ទៀតនោះ ត្រូវបានកងប្រដាប់អាវុធមួយក្រុមក្នុងឯកសណ្ឋានយោធាត្រៀមប្រយុទ្ធ នាំយកទៅវត្តលង្កា ក្នុងក្រុងភ្នំពេញ ហើយបញ្ជាឲ្យបូជាភ្លាមៗ ដោយគ្មានលិខិតមរណភាពបញ្ជាក់តាមផ្លូវច្បាប់ឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី៨ នោះ បន្ទាប់ពីសពលោក ហូ សុខ ត្រូវបានបូជាហើយ គេឃើញនាយកដ្ឋានសុខាភិបាលនៃសាលាក្រុងភ្នំពេញ ចេញលិខិតមរណភាពដោយគ្រាន់បញ្ជាក់យ៉ាងខ្លីថា លោក ហូ សុខ ត្រូវបានស្លាប់ដោយសារគ្រាប់កាំភ្លើង។ នៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិបញ្ជាក់ថា អតីតអគ្គមេបញ្ជាការនគរបាលជាតិ លោក ហុក ឡង់ឌី គឺជាអ្នកជាប់សង្ស័យក្នុងការធ្វើឃាតលោក ហូរ សុខ។នៅក្នុងខួបទី ១៤ឆ្នាំ នៃឃាតកម្មលើលោក ហូ សុខ លោកស្រី ជា គិម ជាភរិយារបស់លោក ហូ សុខ បានថ្លែងពីសហរដ្ឋអាមេរិកមកថា លោកស្រីគ្មានសង្ឃឹមថា គេអាចរកយុត្តិធម៌ជូនស្វាមីលោកស្រីបានទេ។ ប៉ុន្តែមនុស្សហ្នឹងក៏ស្លាបដែរបាត់ទៅហើយ ៖ «ប្ដីខ្ញុំស្លាប់ ទាំងមូល ធ្វើឲ្យខ្ញុំរងទុក្ខវេទនាក្នុងរយៈកាលជាង ១០ឆ្នាំនេះ មកនេះ។ ខ្ញុំឈឺចាប់ខាងក្នុង ខ្ញុំនិយាយវាមិនកើត។ កូនខ្ញុំទាំងអស់ ៦នាក់ ប៉ុន្តែស្លាប់មួយហើយ។ នៅសល់តែ ៥នាក់ទេ។ គេសម្លាប់គាត់រឿងគំនុំផ្ទាល់ខ្លួន។ ប៉ុន្តែមនុស្សហ្នឹងក៏ស្លាប់ដែរបាត់ទៅហើយ។ ចង់បានយុត្តិធម៌ ប៉ុន្តែបើគេចង់រកយុត្តិធម៌ឲ្យយើង គេរកយូរណាស់ទៅហើយ។ ប៉ុន្តែមានអ្នកអើពើ?»។
ការរំលោភច្បាប់សង្គ្រាម
ទាក់ទងនឹងការរកយុត្តិធម៌ជូនជនរងគ្រោះ លោក Brad Adams និយាយថា ទាហាន និងមន្ត្រីនៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលបានទម្លាក់អាវុធ និងត្រូវបានចាប់ខ្លួន មិនត្រូវបានគេចាត់ទុកជាឈ្លើយសឹកឡើយ។ ពួកគេត្រូវបានសម្លាប់យ៉ាងទារុណ។ លោកថា ទង្វើនេះជាឧក្រិដ្ឋកម្មសង្គ្រាម ដែលជនដៃដល់ និងអ្នកបញ្ជាត្រូវប្រឈមចំពោះមុខច្បាប់។ ហើយចំពោះថ្នាក់ដឹកនាំនៃជនដៃដល់ទាំងនោះ បើទោះជាមិនបានបញ្ជាឲ្យសម្លាប់ ប៉ុន្តែដឹងអំពីសកម្មភាពសម្លាប់ ប៉ុន្តែមិនបានព្យាយាមទប់ស្កាត់ការសម្លាប់ ក៏ត្រូវមានពិរុទ្ធភាពផងដែរ ៖ «មានគោលការណ៍មួយហៅថា «ទ្រឹស្ដីគ្រប់គ្រងខ្សែរយៈ និងបញ្ជា»។ ទ្រឹស្ដីនេះ និយាយថា ប្រសិនបើអ្នកជាមេបញ្ជាការ ហើយអ្នកបានដឹង ឬគួរតែបានដឹងថា ការរំលោភលើច្បាប់សង្គ្រាមកំពុងបានកើតឡើង ដូច្នេះអ្នកត្រូវចាត់វិធានការសមស្របណាមួយ ដើម្បីបញ្ឈប់ការរំលោភទាំងនោះ។ ប្រសិនបើអ្នកមិនបញ្ឈប់ទេ អ្នកនឹងត្រូវទទួលខុសត្រូវចំពោះការផ្ដន្ទាទោសតាមច្បាប់។ ប្រសិនបើអ្នកមិនបានដឹងហេតុការណ៍សម្លាប់នោះទេ ប៉ុន្តែក្នុងនាមជាមេបញ្ជាការអ្នកព្យាយាមប៉ុនប៉ងមិនចង់ដឹង អ្នកនឹងរងការចោទថា ធ្វើមិនដឹងមិនឮដោយចេតនា។ ការចាប់ឲ្យទទួលខុសត្រូវវាអាស្រ័យលើឋានានុក្រម ឬខ្សែសង្វាក់នៃការបញ្ជា និងការគ្រប់គ្រង ព្រមទាំងការត្រួតត្រាលើប្រព័ន្ធទំនាក់ទំនង និងព័ត៌មានដែលត្រូវផ្ដល់ឲ្យគ្នាទៅវិញទៅមក តាមរយៈអ្នកចេញបញ្ជា»។ចំពោះព្រឹត្តិការណ៍បាញ់ប្រហារគ្នារវាងកងទ័ពស្មោះត្រង់នឹង សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និងកងទ័ពស្មោះត្រង់លោក ហ៊ុន សែន នៅក្នុងថ្ងៃទី៥ ទី៦ កក្កដា លោក Brad Adams បញ្ជាក់ថា លោក ហ៊ុន សែន ជាអ្នកគ្រប់គ្រង និងបញ្ជាលើការប្រយុទ្ធ ៖ «ប៉ុន្តែសំណួរត្រង់ថា តើលោក ហ៊ុន សែន មានស្ថិតក្នុងបញ្ជាការលើកងកម្លាំង ដែលបានសម្លាប់មនុស្សក្រោយពីព្រឹត្តិការណ៍ប្រយុទ្ធគ្នាហើយនោះដែរ ឬទេ? តាមការសន្និដ្ឋានរបស់ខ្ញុំ គឺថាមាន។ ប៉ុន្តែវាជារឿងដែលយើងត្រូវស៊ើបអង្កេតបន្ថែមទៀត។ យើងអាចសួរទៀតថា តើលោក ហ៊ុន សែន ដឹងទេថា កងកម្លាំងរបស់លោកកំពុងសម្លាប់មនុស្ស។ ចំពោះសំណួរនេះ វាមានលទ្ធភាពពីរ។ ទីមួយ គឺថា លោក ហ៊ុន សែន ជាអ្នកចេញបញ្ជាឲ្យសម្លាប់។ ទីពីរ គឺថា លោកមិនបានចេញបញ្ជាទេ។ បើគាត់មិនបានចេញបញ្ជាទេ អ៊ីចឹងសួរទៀតថា គាត់គួរតែបានដឹងដែរ ឬទេ ថាមានការសម្លាប់ឈ្លើយសឹកកើតឡើងនាពេលនោះ។ បើតាមការយល់របស់ខ្ញុំ គាត់គួរតែបានដឹង។ ពីព្រោះមានព័ត៌មានអំពីការសម្លាប់ហ្នឹងច្រើនណាស់ រាយការណ៍ដោយក្រុមអ្នកសារព័ត៌មាន និងពីការិយាល័យរបស់យើងផងដែរ។ ហើយមានមនុស្សផ្សេងទៀតបានប្រាប់លោក ហ៊ុន សែន ថា មានការសម្លាប់កំពុងកើតឡើង។ ប៉ុន្តែការសម្លាប់នៅចេះតែបន្ត។ ដូច្នេះ លោក ហ៊ុន សែន អាចត្រូវទទួលខុសត្រូវចំពោះព្រឹត្តិការណ៍សម្លាប់រង្គាលនោះ បើការស៊ើបអង្កេតរកយុត្តិធម៌មួយត្រូវបានធ្វើឡើងនោះ»។
នៅខណៈលោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន កំពុងបញ្ជាកងទ័ពរបស់លោកក្នុងការប្រយុទ្ធនឹងកងទ័ពហ៊្វុនស៊ិបប៉ិច ដែលលោកហៅថា ពួកជ្រុលនិយមនោះ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងជាប្រធានហ៊្វុនស៊ិបប៉ិច កំពុងស្ថិតនៅ ឬកំពុងគង់នៅលើយន្តហោះឆ្ពោះទៅកាន់ប្រទេសបារាំង បន្ទាប់ពីបានភៀសព្រះកាយចេញពីកម្ពុជានៅ១ ឬ២ថ្ងៃ មុនថ្ងៃរដ្ឋប្រហារ។
ក្រោយថ្ងៃទី៥ ទី៦ កក្កដា ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតបរទេសអំពីថា តើហេតុអ្វីបានជាលោកប្រើកម្លាំងទ័ពវាយប្រហារទៅលើកងទ័ពរបស់ នាយករដ្ឋមន្ត្រីទី១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដឹកអាវុធចូលខុសច្បាប់ និងនាំកម្លាំងខ្មែរក្រហមចូលទីក្រុងភ្នំពេញ ហើយកងកម្លាំងរបស់លោក គ្រាន់តែជាអ្នកការពារខ្លួនប៉ុណ្ណោះ ៖ «បញ្ហាគឺថា Prince រណឫទ្ធិជាអ្នកប្រើកម្លាំង ខ្ញុំមិនបានប្រើកម្លាំងឯណា។ ខ្ញុំប្រើកម្លាំងគ្រាន់តែទប់។ ឥឡូវលោកឯងឲ្យខ្ញុំដកថយ ឬឲ្យខ្ញុំទប់? ឥឡូវលោកឯងទៅអន្លង់វែងខ្លួនឯងទៅ យកក្បាលទៅរងគ្រាប់ខ្លួនឯងទៅ។ You can go to Anlung Veng for shooting by Pol Pot»។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានផ្ញើរបាយការណ៍ស្ដីពីលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនចុះថ្ងៃ ទី២១ សីហា ឆ្នាំ១៩៩៧ ជូនទៅរដ្ឋាភិបាលកម្ពុជា។ នៅក្នុងរបាយការណ៍ពិស្ដារនោះ កំណត់ហេតុសង្ខេបមួយដែលមានចំណងជើងថា ភស្តុតាងបញ្ជាក់អំពីការប្រហារជីវិតក្រៅច្បាប់ ការធ្វើទារុណកម្ម និងការបាត់ខ្លួន ពីថ្ងៃទី២ ដល់ថ្ងៃទី៧ កក្កដា ឆ្នាំ១៩៩៧ បានបរិយាយថា នៅចន្លោះថ្ងៃទី៥ ដល់ថ្ងៃទី៩ កក្កដា សាកសពមនុស្សចំនួន ៤៦នាក់ ត្រូវបានទាហានរបស់គណបក្សប្រជាជនដឹកជញ្ជូនទាំងថ្ងៃ ទាំងយប់ យកទៅទម្លាក់នៅក្នុងវត្តមួយ ក្នុងទីក្រុងភ្នំពេញ។ សាកសពទាំងនោះពុំមានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន ពុំមានលិខិតបញ្ជាក់មរណភាព ឬពុំមានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឬពីសមាជិកសាច់ញាតិនៃសព ដើម្បីបូជាសោះឡើយ។ ប៉ុន្តែក្រុមទាហានដែលមានអាវុធនៅក្នុងដៃ គ្រាន់តែប្រាប់ថា អ្នកស្លាប់ទាំងនោះគឺជាទាហានខ្មែរក្រហម ហើយក៏បង្គាប់ឲ្យដុតបូជាសាកសពទាំងនោះភ្លាមៗ។ ចំនួនពាក់កណ្ដាលនៃសាកសពទាំងនោះ មានស្នាមគ្រាប់កាំភ្លើងបាញ់ទម្លុះលលាដ៍ក្បាល។
របាយការណ៍បន្តទៀតថា ក្នុងចំណោមសាកសពទាំងអស់នោះ មានតែពីរទៅបីនាក់ប៉ុណ្ណោះ ដែលជាទាហានស្លាប់ក្នុងការប្រយុទ្ធគ្នាលើសមរភូមិ ក្នុងព្រឹត្តិការណ៍ថ្ងៃទី៥ និងទី៦ កក្កដា ឆ្នាំ១៩៩៧។ សាកសពចំនួន៤ ទៅ៥នាក់ទៀត ត្រូវគេនាំចេញពីមន្ទីរពេទ្យកាលម៉ែត្រ។ ហើយមានតែសាកសពមន្ត្រីយោធាជាន់ខ្ពស់បួននាក់គត់ ដែលត្រូវបានអនុញ្ញាតឲ្យញាតិមិត្តលាងសំអាតខ្លួនប្រាណមុនពេលបូជា៕
ไม่มีความคิดเห็น:
แสดงความคิดเห็น