ដោយ សុខ សេរី
2011-07-07
ផែនការយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេឌីប៊ី (ADB) ប្រើប្រាស់ ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដោយអនុវត្តន៍ក្នុងផែនការយុទ្ធសាស្ត្ររយៈពេល ៣ ឆ្នាំរបស់ខ្លួន ផ្ដោតលើវិស័យកសិកម្មជាសំខាន់។
រូបថត ៖ ១២-មេសា-២០១១ ៖ កុមារានេះកំពុងខាត់ស្បែកជើងឱ្យភ្ញៀវនៅហាងគុយទាវមួយ នាក្រុងតាខ្មៅ។
ថវិកានេះ ត្រូវបានអនុម័ត នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១១ ថ្មីៗ នេះ នៅក្នុងទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippine)។ ការប្រាក់ទាបនេះ គឺចំនួន ១ % នៅក្នុងមួយឆ្នាំ រយៈពេល ៨ ឆ្នាំជារយៈពេលអនុគ្រោះ។ ប៉ុន្តែ ក្រោយពី ៨ ឆ្នាំនោះមក គឺធនាគារអភិវឌ្ឍន៍អាស៊ី យកការប្រាក់ចំនួន ១,៥ % ក្នុងមួយឆ្នាំ។
អ្នកចាត់ចែងកម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី លោក ចន្ថា គឹម មានប្រាប់អ្នកកាសែត នៅថ្ងៃទី ៧ ខែកក្កដាថា ផែនការយុទ្ធសាស្ត្ររយៈពេល ៣ ឆ្នាំនេះ គឺផ្ដល់សារៈសំខាន់ដល់កសិករខ្មែរ ៖ «ជួយដល់ប្រជាកសិករ ដើម្បីពង្រឹងសមត្ថភាពផលិតភាពរបស់គាត់ ហើយទី២ យើងជួយដល់គេហៅថា ធ្វើយ៉ាងណាបង្កើនតម្លៃស្រូវ ដែលគាត់ផលិត ហើយតាមរយៈ។ យើងជួយដល់រោងចក្រកិនស្រូវ កែច្នៃឲ្យបានល្អ និងយើងនាំចេញ ជាជាងកាលកន្លងមកយើងនាំចេញតែស្រូវទេ។ អ៊ីចឹងទៅតម្លៃវានៅទាប»។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា វិស័យសំខាន់ៗ ចំនួន ៥ នៅក្នុងផែនការយុទ្ធសាស្ត្រនោះ មានដូចជា ទី១ ការសាងសង់ផ្លូវថ្នល់នៅតាមជនបទ នៅទីរួមខេត្ត។ ទី២ បង្កើនការអភិវឌ្ឍន៍នៅតាមជនបទ និងឲ្យមានទឹកស្អាតប្រើប្រាស់។ ទី៣ បង្កើនធនធានធម្មជាតិ និងកសិកម្ម។ ទី៤ បង្កើនការសិក្សា និងបណ្ដុះបណ្ដាលកសិករ និងទី៥ ទ្រទ្រង់ដល់វិស័យហិរញ្ញវត្ថុ។
ខេត្តចំនួន ៧ នៅជុំវិញបឹងទន្លេសាប ដែល ធនាគារ អភិវឌ្ឍន៍ អាស៊ី ផ្ដោតលើការអភិវឌ្ឍន៍នោះ មានដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដោយសារតែការសិក្សាស្រាវជ្រាវបានរកឃើញថា ខេត្តទាំងនោះ មានប្រជាពលរដ្ឋក្រីក្រភាគច្រើន និងជាតំបន់មានសក្ដានុពលផ្នែកកសិកម្មនៅកម្ពុជា។
ប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក ងិន ឆាយ មានប្រសាសន៍ថា កម្ពុជាមានផែនការនាំចេញអង្ករចំនួនជាង ១ លានតោន នៅឆ្នាំ ២០១៥ និងមានផែនការបន្តបន្ទាប់ទៀត។
លោក ងិន ឆាយ ៖ «ពីព្រោះថា បើយើងពិនិត្យទៅលើផ្នែកផលិតកម្ម វាហាក់ដូចជាមិនសូវជាចោទប៉ុន្មានទេ។ ប៉ុន្តែ បើយើងគិតអំពីការកែច្នៃ ហាក់ដូចជាមានបញ្ហាច្រើនទាក់ទងនឹងសមត្ថភាពក្នុងការកែច្នៃឲ្យបាន ល្អស្របតាមស្តង់ដារអន្តរជាតិ។ ទាក់ទងទៅនឹងបង្កើតជាឃ្លាំង ឬមួយជាផែដឹកជញ្ជូនជាដើម»។
កសិករឈ្មោះ អឿ អៀ អាយុ ៥៣ ឆ្នាំនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ថ្លែងថា ផែនការអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រនេះ លោកគាំទ្រ និងត្រេកអរ ហើយលោកបន្តថា ៖ «កន្លែងខ្ញុំនេះ ចម្ការណាបង។ ចម្ការផងស្រែផងអត់មានទឹក។ ខ្វះទាំងពូជ និងសម្ភារៈគ្រប់សព្វទាំងអស់ណាបង»។
សេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១០ កន្លងទៅ បានពណ៌នាថា អត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពីចំនួន ៤៧% នៅឆ្នាំ ១៩៩៣ មកត្រឹម
៣០% នៅឆ្នាំ ២០០៧។ ប្រទេសកម្ពុជាមានគោលដៅកាត់បន្ថយភាពក្រីក្រនេះ មកត្រឹម ១៩,៥ % នៅឆ្នាំ ២០១៥៕
ไม่มีความคิดเห็น:
แสดงความคิดเห็น