ដោយ សួន សុផលមុន្នី
2011-07-02
កងទ័ពរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅក្នុងសភាពប្រុងជើងការខ្ពស់ក្នុងការត្រៀមប្រយុទ្ធ ការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នៅពេលដែលប្រទេសថៃ បានបញ្ជូនកងទ័ពសំខាន់ៗទាំងបីអង្គភាព និងគ្រឿងសព្វាវុធ រួមទាំងយន្តហោះចម្បាំងទំនើបៗមកដាក់ពង្រាយនៅតាមខ្សែបន្ទាត់ ព្រំដែនថៃ ជាប់ជាមួយព្រំដែនកម្ពុជា។
កងទ័ពកម្ពុជា
ត្រៀមប្រយុទ្ធនៅតំបន់ជិតប្រាសាទព្រះវិហារ រូបថតថ្ងៃទី៩ ខែកុម្ភៈ
ឆ្នាំ២០១១។ កងទ័ពកម្ពុជា និងថៃ បានប៉ះទង្គិចគ្នាកាលពីថ្ងៃទី៤
ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ក្បែរប្រាសាទព្រះវិហារ។
លោកអភិបាលខេត្តបានបន្តថា សកម្មភាពចល័តទ័ពរបស់ភាគីថៃ បានចាប់ផ្ដើមកម្រើកខ្លាំងក្លានៅពេលដែលថៃ គ្រោងរៀបចំការបោះឆ្នោតនៅក្នុងប្រទេសរបស់ខ្លួន។ ចំណែកឯកងទ័ពរដ្ឋាភិបាលកម្ពុជាវិញ បានត្រៀមលក្ខណៈសម្បត្តិការពារខ្ពស់ បើទោះបីរយៈពេលចុងក្រោយនេះ ស្ថានការណ៍ព្រំដែនខ្មែរ-ថៃ នៅពុំទាន់មានផ្ទុះអាវុធជាថ្មីក៏ដោយ។
លោក អ៊ុង អឿន មានប្រសាសន៍បន្ថែម ៖ «បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ រាជរដ្ឋាភិបាល សម្ដេចតេជោ លោកឲ្យធ្វើម៉េចដាស់តឿនស្មារតីប្រុងប្រយ័ត្នខ្ពស់ពីឥឡូវទៅដល់ ថ្ងៃបោះឆ្នោត និងក្រោយថ្ងៃបោះឆ្នោតរបស់ប្រទេសថៃ ត្រូវតែលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និយាយរួមជានិច្ចកាលយើងបានត្រួតពិនិត្យប្រចាំថ្ងៃតែម្ដង»។
ទាហានការពារព្រំដែនជួរមុខរបស់រដ្ឋាភិបាលខ្មែរ បានថ្លែងឲ្យដឹងថា សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ រហូតមកដល់ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ នៅពុំទាន់មានអ្វីប្រែប្រួលទេ ក៏ប៉ុន្តែកងទ័ពជួរមុខរបស់កម្ពុជា នៅតែមានការប្រុងជើងការខ្ពស់ក្នុងការការពារទឹកដីរបស់ខ្លួន ៖ «សភាពការណ៍ នៅខាងមុខដែលខ្ញុំក្ដាប់បានវាអត់មានអីប្រែប្រួលទេ តែគ្រាន់ថា យើងនេះមានការប្រុងប្រយ័ត្ន យើងត្រៀមលក្ខណៈ ដូចថា ទាហានដែលនៅតាមមាត់អូរដាក់ទាហានប្រចាំនៅតែម្តង»។
ប្រភពពីកាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១១នេះ បានដកស្រងសម្ដីប្រភពមន្ត្រីយោធាថៃ មកចុះផ្សាយថា លោក ប្រាវីត វង់សូវ៉ាន់ (Prawit Wongsuwan) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីអង្គភាពសំខាន់ៗ របស់ថៃ ត្រៀមធ្វើប្រតិបត្តិការការពារទឹកដីរបស់ខ្លួននៅតាមបណ្ដោយខ្សែ បន្ទាត់ព្រំដែនថៃ ជាប់ជាមួយព្រំដែនប្រទេសកម្ពុជា។
កងទាហានទាំងនោះ មានកងសូរ៉ាក់នារីថៃ (Suranaree Task Force) កងទាហានជើងទឹកថៃ នៅក្នុងខេត្តចាន់បុរី (Chanthaburi) និងខេត្តត្រាត (Trat) ប្រទេសថៃ ត្រូវបានដាក់ពង្រាយទៅកាន់ខេត្តក្នុងប្រទេសថៃចំនួនពីរ ដែលមានព្រំដែនជាប់ជាមួយប្រទេសកម្ពុជា ដោយមាននាវាចម្បាំងថៃ ជាច្រើនគ្រឿងទៀតបានដាក់ត្រៀមលក្ខណៈជាមួយផង។
ទន្ទឹមគ្នានេះយន្តហោះចម្បាំង (fighter jets) របស់ថៃ ជាច្រើនគ្រឿង ក៏បានធ្វើសកម្មភាពហោះហើរល្បាតនៅតាមតំបន់ព្រំដែន។ ចំណែកឯយន្តហោះចម្បាំងរបស់ថៃ ជាច្រើនគ្រឿងទៀត ត្រូវបានទទួលបញ្ជាក្នុងការត្រៀម លក្ខណៈសម្បត្តិប្រយុទ្ធដែរ។
មេបញ្ជាការយោធាភូមិភាគទី១ថៃ លោក ឧត្ដម ដេត ស៊ីតាបុត្រ (Udomdej Sitabutr ត្រូវបានកាសែតបាងកក ប៉ុស្តិ៍ ដកស្រង់សម្ដីថា កងថ្មើរជើងវរសេនាធំទី២ របស់ថៃ ក៏បានត្រៀមលក្ខណៈការពារបូរណភាពទឹកដីរបស់ខ្លួន នៅក្នុងខេត្តប្រាជិនបូរី (Prachin Buri) និងខេត្តស្រះកែវ (Sa Kaeo) ដូចនៅកងទ័ពថៃ ជាច្រើនទៀត ដែលបានដាក់ពង្រាយការពារនៅខ្សែបន្ទាត់ព្រំដែនថៃ ជាប់ជាមួយព្រំដែនប្រទេសកម្ពុជា។
អ្នកវិភាគកត់សម្គាល់ថា ការបង្ហាញសាច់ដុំកងទ័ពរបស់ប្រទេសថៃ មកដាក់នៅតាមខ្សែក្រវាត់ព្រំដែនថៃ ជាប់ជាមួយព្រំដែនប្រទេសកម្ពុជា កើតមានឡើងមួយសប្ដាហ៍ក្រោយពីប្រទេសថៃ បានទទួលបរាជ័យនៅក្នុងការប្រឆាំងជំទាស់ផែនការជួសជុល និងអភិរក្សប្រាសាទព្រះវិហាររបស់កម្ពុជា និងស្របពេលដែលប្រទេសថៃខ្លួនឯង គ្រោងធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១១នេះ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น