ដោយ វោហារ ជាតិ
2011-07-11
មានសេចក្ដីរាយការណ៍ថា រដ្ឋាភិបាលថៃបានបញ្ជូនកងទ័ព និងរថក្រោះចូលមកកាន់ព្រំដែនជាប់ប្រទេសកម្ពុជា កៀកតំបន់ប្រាសាទព្រះវិហារ។
ទាហានថៃ
ជម្លៀសទាហានរបួសដោយគ្រាប់កាំភ្លើងពេលបាញ់តគ្នាជាមួយទាហាន
កម្ពុជា នៅខេត្តសុរិន្ទ ប្រទេសថៃ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១។
កាសែតបានសរសេរថា ការបញ្ជូនទ័ពថៃនេះ ធ្វើឡើងដោយសារខាងកងទ័ពភាគីកម្ពុជា បានបង្កើនទ័ព និងរថក្រោះ នៅតំបន់ក្បែរប្រាសាទព្រះវិហារ ហើយដំឡើងកាំភ្លើងធំ តម្រង់កាណុងដាក់ទៅភាគីថៃ ត្រង់តំបន់សាវថងចៃ ស្រុកកន្ថារ៉ាឡាក់ ខេត្តស៊ីសាកេត។
នាយករដ្ឋមន្ត្រីប្រទេសកម្ពុជា លោក ហ៊ុន សែន រួមទាំងលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រកាសជាសាធារណៈយ៉ាងឱឡារិកភ្លាមៗ ក្រោយពីថៃបានបោះឆ្នោតរើសនាយករដ្ឋមន្ត្រី កាលពីសប្ដាហ៍កន្លងទៅ ដោយសម្ដែងមោទនភាពថា រដ្ឋាភិបាលថៃ ដែលទើបបង្កើតឡើងក្រោយបោះឆ្នោតនៅថ្ងៃទី៣ ខែកក្កដាកន្លងទៅថ្មីៗ នេះ ដែលមាននាយករដ្ឋមន្ត្រីជានារី ឈ្មោះ យិងឡាក់ ស៊ិនណាវ៉ាត (Yingluck Shinawatra) ត្រូវជាប្អូនស្រីអតីតលោកនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត (Thaksin Shinawatra) ដែលត្រូវគេធ្វើរដ្ឋប្រហារទម្លាក់ពីដំណែង នៅឆ្នាំ២០០៦ នោះ ហើយលោក ថាក់ស៊ិន ដែលគេបានរាយការណ៍ថា ជាមិត្តភ័ក្ដិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះ នឹងអាចបង្កើតសម្ពន្ធភាពការទូតនៃប្រទេសទាំងពីរឲ្យត្រឡប់ទៅបាន សុខសាន្តដូចដើមវិញ។
ការបញ្ជូនទាហានថៃលើកនេះ វាផ្ទុយទៅនឹងអ្វីដែលមេដឹកនាំកម្ពុជាបានរំពឹងទុកកន្លងមកថា រដ្ឋាភិបាលថ្មីនៃប្រទេសថៃ ទើបជាប់ឆ្នោតនេះ នឹងដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពី កម្ពុជា-ថៃ ដោយសន្តិវិធី ដែលជម្លោះនេះបានអូសបន្លាយអស់រយៈពេល ៤ឆ្នាំមកហើយ។ ប៉ុន្តែនៅថ្ងៃទី៩ កក្កដា នេះ លោក កុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅតែការពារជំហរមេដឹកនាំរដ្ឋាភិបាលកម្ពុជាដដែលថា រដ្ឋាភិបាលថ្មីរបស់ថៃ នឹងមិនប្រើហិង្សាយោធាដាក់កម្ពុជា ដូចរដ្ឋាភិបាលថៃចាស់របស់លោក អាភិស៊ិត វេចាជីវា ដែលបានចាញ់ឆ្នោតថ្មីនេះទេ ៖ «យើងយល់ថា អាចដោះស្រាយបញ្ហានេះបានដោយវិជ្ជមានជាង និងដោយសន្តិវិធីជាង។ ព្រោះតាមទស្សនៈខ្ញុំផ្ទាល់ គឺលទ្ធផលនៃការបោះឆ្នោតនោះ គឺបានបញ្ជាក់ច្បាស់ហើយ ថាប្រជាជនថៃភាគច្រើនបំផុតនោះ គេមិនបានពេញចិត្តធ្វើសង្គ្រាមជាមួយប្រទេសជិតខាងទេ»។
ស្របពេលនេះដែរ លោក កុយ គួង មានប្រសាសន៍ថា លោកបានទទួលព័ត៌មានក្រៅផ្លូវការមួយថា ភាគីថៃបានយល់ព្រមទទួលក្រុមវាយតម្លៃរបស់ប្រទេសឥណ្ឌូណេស៊ី ឲ្យចុះមកពិនិត្យទីតាំងសម្រាប់ដាក់អ្នកសង្កេតការត្រួតពិនិត្យការ ឈប់បាញ់នៅតាមព្រំដែនកម្ពុជា-ថៃ ហើយ។ ក៏ប៉ុន្តែ លោកមិនទាន់បានទទួលព័ត៌មាននេះជាផ្លូវការពីខាងភាគីថៃនៅឡើយទេ ៖ «ដូច្នេះបើសិនជាខាងភាគីថៃយល់ព្រមអ្នកវាយតម្លៃទៅពិនិត្យ មើលកន្លែងឈរជើង ខាងភាគីថៃមានបីកន្លែង សម្រាប់ឥណ្ឌូណេស៊ី ហើយនៅខ្មែរយើងមានបីកន្លែងសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីឈរ ជើង។ ដូច្នេះបើសិនជាខាងភាគីថៃ គេបាននាំក្រុមអ្នកវាយតម្លៃរបស់ឥណ្ឌូណេស៊ីពិនិត្យមើលទីតាំងឈរ ជើងសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនោះ អាហ្នឹងវាឈានទៅដល់ថា ភាគីថៃឆ្លើយគេហៅថា ជាផ្លូវការយល់ព្រមជាផ្លូវការ ទៅនឹងដំណោះស្រាយជាកញ្ចប់ ដែលគេហៅថា ផែនទីចង្អុលផ្លូវ ដែលរដ្ឋមន្ត្រីការបរទេសទាំងបីបានឯកភាពគ្នាកាលពីថ្ងៃទី៩ ឧសភា កន្លងទៅនេះ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីទូតថៃប្រចាំកម្ពុជា ដើម្បីសុំបញ្ជាក់ព័ត៌មាននេះបន្ថែមបានទេនៅថ្ងៃទី១០ កក្កដា។
ជម្លោះព្រំដែនកម្ពុជា-ថៃ បានចាប់ផ្ដើមនៅខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក។ ថៃបានបញ្ជូនទាហានចូលមកកាន់កាប់តំបន់ក្បែរប្រាសាទព្រះវិហារ វត្តកែវសិខាគិរីស្វារៈដោយតវ៉ាថា ផ្ទៃដីទំហំ ៤,៦គ.ម.ក្រឡានៅទីនោះជារបស់ថៃ។ ហើយជម្លោះយោធានៃប្រទេសទាំងពីរក៏បានផ្ទុះឡើងជាបន្តបន្ទាប់។ ជាងនេះទៅទៀត ទំនាក់ទំនងការទូតនៃប្រទេសទាំងពីររឹតតែអាក្រក់ទៅទៀត ដោយភាគីថៃបានផ្ដាច់ចំណងការទូតជាមួយកម្ពុជា ដោយដកមន្ត្រីទូតថៃ ចេញពីទីក្រុងភ្នំពេញនៅឆ្នាំ២០០៩ ជាការឆ្លើយតបទៅភាគីកម្ពុជា ដែលកាលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងលោក ថាក់ស៊ិន ស៊ីណាវ៉ាត ឲ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចរដ្ឋាភិបាលកម្ពុជា។ លោក ថាក់ស៊ិន ជាអតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានគេធ្វើរដ្ឋប្រហារយោធាទម្លាក់ពីអំណាចនៅឆ្នាំ២០០៦ លោកជាគូប្រជែងរបស់រដ្ឋាភិបាលលោកអាភិស៊ិត។
ទំនាស់ព្រំដែនកម្ពុជា-ថៃ បានឡើងដល់កម្រិតក្ដៅគគុក គឺការវាយប្រហារទ្រង់ទ្រាយធំ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០១១ ដែលភាគីកម្ពុជា ហៅថា ជាសង្គ្រាមពេញទី បណ្ដាលឲ្យទាហានទាំងពីភាគីស្លាប់ និងរបូស និងធ្វើឲ្យប្រជាជននៃប្រទេសទាំងពីររាប់ម៉ឺននាក់រត់ភៀសសឹក។ ក្នុងជម្លោះប្រដាប់អាវុធនោះ ដំបូងឡើយ ភាគីទាំងពីរបានចោទគ្នាទៅវិញទៅមកថា បានបញ្ជូនទាហានមកកាន់កាប់ទីតាំងខុសច្បាប់រៀងខ្លួន រួចហើយក៏បានវាយប្រយុទ្ធគ្នា បន្ទាប់ពីបានវាយប្រយុទ្ធគ្នារួច ភាគីទាំងពីរបានចោទដាក់គ្នាទៅវិញទៅមកថា ភាគីម្ខាងបានបាញ់លើភាគីម្ខាងមុន។
ភាគីកម្ពុជាបានលើកយកជម្លោះនេះទៅឲ្យប្រធានសមាគមអាស៊ាន (Asean) ជួយដោះស្រាយ។ ការដោះស្រាយតាមយន្តការអាស៊ានដែលមានប្រទេសឥណ្ឌូណេស៊ីជាប្រធាន បានបង្កើតផែនទីបង្ហាញផ្លូវមួយ គឺរៀបចំឲ្យមានក្រុមអ្នកសង្កេតការណ៍របស់ឥណ្ឌូណេស៊ី ដើម្បីត្រួតពិនិត្យបទឈប់បាញ់ជាមុនសិន មុននឹងភាគីទាំងពីរបន្តដោះស្រាយជម្លោះព្រំដែនផ្សេងទៀត។ ក៏ប៉ុន្តែដំណោះស្រាយតាមយន្តការអាស៊ានមិនអាចបញ្ឈប់បទឈប់បាញ់បាន ដោយភាគីកម្ពុជាចោទភាគីថៃមានចេតនាមិនចង់ដោះស្រាយជម្លោះដោយ សន្តិវិធី ហើយអាងកម្លាំងយោធាកៀបសង្កត់កម្ពុជា ឲ្យចូលតុកចរចាទ្វេភាគី ដែលថៃចង់បាន តែកម្ពុជាមិនព្រម។ ដោយយល់ថា អាស៊ានមិនមានអំណាចគ្រប់គ្រាន់ដោះស្រាយជម្លោះនេះបាន ហើយភាគីថៃនៅតែវាយប្រហារមកលើភាគីកម្ពុជា ទើបកម្ពុជាសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលដីការបស់ តុលការនេះដែលបានកាត់ក្ដីឲ្យភាគីកម្ពុជាឈ្នះក្ដីប្រាសាទព្រះ វិហារកាលពីឆ្នាំ១៩៦២ ថាតើដីទំហំ ៤,៦គ.ម.ក្រឡាជារបស់អ្នកណា បើទោះបីជាភាគីកម្ពុជាប្រាកដថា ដីនោះស្ថិតក្នុងបូរណភាពទឹកដីកម្ពុជាយ៉ាងជាក់ច្បាស់យ៉ាងក៏ដោយ។ ទន្ទឹមពេលនោះដែរ ភាគីថៃក៏បានជំទាស់មិនឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពចុះបញ្ជី ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោកទៀត តែត្រូវបរាជ័យ។
ជម្លោះព្រំដែនកម្ពុជា-ថៃ បានស្ងប់មួយរយៈក្នុងពេលដែលប្រទេសថៃបានរៀបចំបោះឆ្នោតនៅដើមខែ កក្កដានេះ។ តែនៅថ្ងៃទី១០ កក្កដា មានសេចក្ដីរាយការណ៍អំពីស្ថានការណ៍សឹកនៅតាមតំបន់ប្រាសាទព្រះវិហារ ហាក់ដូចជាមិនសូវស្រួល ដោយភាគីថៃបញ្ជូនទាហានបន្ថែមមកព្រំដែនកម្ពុជា-ថៃ។
មេទ័ពថៃ លោក វរសេនីយ៍ ថាណាសាក់ មិត្រាផាណុន (Thanasak Mitrapanont) មេបញ្ជាការកងយោធភូមិភាគទ័ពស្រួចពិសេសលេខ២៣ ត្រូវបានកាសែត ឌឺណេហ្សិន ស្រង់សំដីថា លោកត្រូវបានទទួលបញ្ជាឲ្យដឹកនាំកងទាហានដើម្បីច្បាំងការពារ អធិបតីភាព និងបូរណភាពទឹកដីរបស់ថៃឲ្យអស់ពីសមត្ថភាព។
យ៉ាងណាក្ដី កាសែតដដែលបានស្រង់សំដីអ្នកភូមិថៃនៅក្បែរព្រំដែនប្រាសាទ ព្រះវិហារថា អ្នកភូមិថៃក្បែរព្រំដែនមានមោទនភាពថា នឹងមិនមានការបាញ់គ្នារវាងទាហានថៃ និងខ្មែរទៀតទេ ព្រោះពួកគាត់មានជំនឿថា រដ្ឋាភិបាលថ្មីរបស់ថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ (Pheu Thai) នឹងមិនប្រើអាវុធដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាទេ គឺនឹងដោះស្រាយដោយសន្តិភាព ព្រោះថា រដ្ឋាភិបាលថៃថ្មីនេះគោរព និងទុកមុខទុកមាត់ឲ្យលោក ថាក់ស៊ិន ព្រោះថា លោក ថាក់ស៊ិន ក៏ធ្លាប់ជាមិត្តល្អ និងធ្លាប់ធ្វើជាទីប្រឹក្សាសេដ្ឋកិច្ចល្អរបស់រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នដែរ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น