2011-07-07
លើកំពូលភ្នំដងរែកនៃស្រុកជាំក្សាន្ត នៅក្នុងការប្រារព្ធធ្វើពិធីបួងសួង និងអបអរសាទរនៃការចុះបញ្ជីដាក់ប្រាសាទព្រះវិហារទៅជាបេតិកភណ្ឌពិភពលោក នៅកាលពីព្រឹកថ្ងៃទី ៧ ខែកក្កដា។ មន្ត្រីរដ្ឋាភិបាល កងទាហាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត ២.០០០ នាក់បានចូលរួមពិធីនេះ ដោយបង្ហាញសេចក្ដីសង្ឃឹមថា ប្រាសាទបុរាណនឹងទទួលបាននូវការអភិវឌ្ឍន៍ឱ្យមានចិរភាពយូរអង្វែងតទៅទៀតសម្រាប់អនាគត។ មានរបាំប្រពៃណីជាច្រើន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនាំយកទៅសម្ដែងជូនប្រជាពលរដ្ឋទស្សនា ក្នុងពិធីអបអរសាទរនេះ។ អាជ្ញាធរខេត្តព្រះវិហារបានឱ្យដឹងថា ចាប់តាំងពីម៉ោង ៧ ព្រឹកថ្ងៃទី ៧ ខែកក្កដា គឺនៅតាមទីវត្តអារាមព្រះសង្ឃពុទ្ធសាសនាទាំងអស់ទូទាំងខេត្តនេះ បានទូងស្គរដើម្បីបន្ទរ និងអបអរនូវជោគជ័យ របស់កម្ពុជា ដែលសម្រេចបានការដាក់បញ្ចូលប្រាសាទបុរាណនៅជាប់នឹងព្រំដែនខ្មែរ-ថៃមួយនេះ ឱ្យក្លាយទៅជារបស់មនុស្សជាតិទូទាំងពិភពលោក។ ប្រជាពលរដ្ឋខ្មែរជាច្រើនកំពុងរស់នៅជិតតំបន់ប្រាសាទព្រះវិហារ បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង។ ប្រជាពលរដ្ឋម្នាក់រស់នៅភូមិធម្មជាតិសម្ដេចតេជោ អ្នកស្រី ប៉ុញ សុខុម មានប្រសាសន៍ថា អ្នកស្រីរីករាយ ដែលបានមកចូលរួមពិធីនេះជាលើកដំបូង ៖ «ព្រឹកអារម្មណ៍សប្បាយសប្បាយខ្លាំងណាស់។ អរគុណច្រើនហើយសប្បាយទៀត។ ចង់ឱ្យប្រាសាទព្រះវិហារហ្នឹងសុខសាន្តរហូតទៅឱ្យរីកចម្រើនឱ្យសុខ កុំឱ្យវាមានឈ្លានពានអីទៀត។ រត់ប្រសេចប្រសាចកូនចៅពិបាកណាស់»។ មន្ត្រីរដ្ឋាភិបាលនិងមេទ័ពប្រចាំតំបន់ប្រាសាទព្រះវិហារជាច្រើន បានធ្វើពិធីបួងសួងដល់វិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ និងវត្ថុសក្ដិសិទ្ធិក្នុងលោក ឱ្យសម្ដែងឫទ្ធិបារមីជួយទ្រទ្រង់ និងការពារប្រាសាទព្រះវិហារឱ្យបានគង់វង្ស ពីព្រោះថាទម្រាំតែប្រាសាទព្រះវិហារ បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំង ទាំងផ្លូវច្បាប់ និងនយោបាយការទូត ដើម្បីឱ្យពិភពលោកទទួលស្គាល់កេរដំណែលដ៏អស្ចារ្យមួយនេះ នៅស្របពេលដែលប្រទេសថៃបានព្យាយាមជំទាស់ និងរារាំងយ៉ាងខ្លាំងក្លាដែរនោះ។ លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ បានថ្លែងជាសាធារណក្នុងការប្រារព្ធទិវាអបអរសាទរឆ្នាំទី ៣ នៃការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះថា ប្រាសាទព្រះវិហារ គឺជាវត្ថុដ៏មានតម្លៃមួយ ដែលមិនអាចកាត់ថ្លៃបាន នៅក្នុងចំណោមប្រាសាទបុរាណជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។ លោក អ៊ុំ ម៉ារ៉ា ៖ «ប្រាសាទព្រះវិហារ គឺជានិមិត្តរូបនៃភាពកំពូលនៃអារ្យធម៌ខ្មែរ និងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជាតិខ្មែរ ដែលបានប្រើប្រាស់នូវបច្ចេកទេសដ៏ទំនើបនៅសម័យនោះ ដើម្បីកសាងនូវប្រាសាទដ៏ល្អឥតខ្ចោះសម្រាប់ឧទ្ទិសដល់អាទិទេព គឺព្រះសិវៈ។ ថ្ងៃនេះ គឺជាទិវាគម្រប់ខួបឆ្នាំទី ៣ ដែលប្រាសាទព្រះវិហារត្រូវបានចុះឈ្មោះចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការUNESCO»។ លោក ហង្ស សុទ្ធ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារមានប្រសាសន៍ថា ជាមោទនភាពមួយ ដែលប្រាសាទព្រះវិហារបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពីព្រោះរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងស្វិតស្វាញបំផុតទើបឈានទៅដល់គោលដៅដែលចង់បាននេះ។ លោក ហង្ស សុទ្ធ ៖ «យើងឆ្លងកាត់ការលំបាកសព្វបែបយ៉ាងអស់រយៈពេល ៧ ឆ្នាំទម្រាំបានចូល ហើយជិតបានចូល និងបានចូលហើយវាទទួលនូវភាពអវិជ្ជមានការបានចូលទៀត។ ឧទាហរណ៍ជាក់ស្ដែងបំណងរបស់សៀម គឺគេមានពិតប្រាកដរបស់គេក្នុងការបំផ្លាញ ក្នុងការអូសបន្លាយ ក្នុងការប្រទាញ ក្នុងការគំរាមដល់បេតិកភណ្ឌប្រាសាទព្រះវិហាររបស់យើង។ ដូចជានៅខែ ២ ឆ្នាំ ២០០៧ គេបានបង្កើតបញ្ហានៅមុខជិតផ្សារចន្លោះសំបុកឃ្មុំនេះ។ គេបានរើរបងលួសបន្លាយកមករៀបចំលយចូលមកយើងលូនចូលមកយើង»។ គ្រាន់តែប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោកសម្រេចចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំនាទីក្រុងកេបិច (Quebec) ប្រទេសកាណាដា កាលពីថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០០៨។ ប្រាំបីថ្ងៃក្រោយមកប្រទេសថៃបានចាប់ផ្ដើមបង្កើតជម្លោះព្រំដែនជាមួយប្រទេសកម្ពុជា ដោយអះអាងថា ទឹកដីទំហំ ៤,៦ គីឡូម៉ែត្រការ៉េ ដែលនៅជុំវិញប្រាសាទព្រះវិហារជារបស់ថៃ។ ថៃបានបញ្ជូនកងទ័ពឈុតខ្មៅរបស់ខ្លួនចំនួនប្រមាណ ៤០០ នាក់ ចូលលុកលុយទឹកដីខ្មែរត្រង់វត្តកែវសិក្ខាគិរីស្វរៈ ដែលស្ថិតនៅចម្ងាយប្រមាណ ៣០០ ម៉ែត្រពីប្រាសាទព្រះវិហារ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨។ ការប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃ បានកើតមានជាច្រើនលើក និងបណ្ដាលឱ្យទាហានទាំងសង្ខាងស្លាប់ និងរបួសជាច្រើននាក់។ ការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងទាហានខ្មែរ និងថៃ នៅតាមបន្ទាត់ព្រំដែន ចាប់ពីប្រាសាទព្រះវិហាររហូតដល់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងតំបន់ដទៃទៀត បានចាប់កើតមានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ដែលធ្វើឱ្យរដ្ឋាភិបាលទាំងពីរលែងទុកចិត្តគ្នា រហូតមិនអាចជួបដោះស្រាយជម្លោះព្រំដែនដោយទ្វេភាគីបានទៀតផង។ មន្ត្រីរដ្ឋាភិបាលកម្ពុជាខ្លះ បានរំពឹងទុកថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ អាចនឹងដោះស្រាយគ្នាជាថ្មីបាន នៅពេលដែលរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃឡើងកាន់អំណាច ហើយរដ្ឋាភិបាលរបស់លោក អាប់ភិស៊ីត ដែលពោរពេញទៅដោយភាពសត្រូវបានបាត់បង់អំណាចទៅ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកឃើញលោកស្រី យីងឡាក់ ដែលជាអនាគតនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បានលើកឡើងក្នុងអង្គប្រជុំថា លោកស្រីនឹងដោះស្រាយជាបន្ទាន់ជាអាទិភាព ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយកម្ពុជាឡើងវិញ។ លោក ផៃ ស៊ីផាន ៖ «សារដែលចេញពីលទ្ធផលនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋថៃ គឺគេអត់ជឿហើយគេដាក់ទណ្ឌកម្មទៅតាមគេមិនបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយអាប់ភិស៊ីត រហូតដល់អាប់ភិស៊ីតខ្លួនឯងលាចេញពីដំណែងនោះ ដោយគេយល់ឃើញថា អាប់ភិស៊ីត ជានាយករដ្ឋមន្ត្រីបិសាច ដែលបង្កើតឱ្យមានភាពច្របូកច្របល់ទាំងក្នុងស្រុករបស់គេផង ហើយធ្វើឱ្យប៉ះពាល់ដល់មិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា»។ បើទោះបីប្រាសាទព្រះវិហារ ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO និងរង់ចាំការអភិវឌ្ឍន៍ឱ្យមានចិរភាពគង់វង្សយូរអង្វែងតទៅទៀតរយៈពេល ៣ ឆ្នាំមកហើយក៏ដោយ ក៏ប្រាសាទនេះបានទទួលរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រាប់កាំភ្លើងធំរបស់ទាហានថៃ ដែលបាញ់ចូលខឿនប្រាសាទបណ្ដាលឱ្យថ្មជាច្រើនបែកបាក់ នៅពេលប្រយុទ្ធគ្នាចុងក្រោយរវាងទាហានខ្មែរ-ថៃនៅជុំវិញប្រាសាទព្រះវិហារក្នុងរឿងជម្លោះព្រំដែន ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០១១។ ប្រសាទក៏ប្រឈមនឹងការពុកផុយខូចខាត ប្រសិនបើពុំមានគម្រោងជួសជុលឱ្យបានទាន់ពេលវេលាទេនោះ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น