ដោយ រដ្ឋា វីសាល
2011-07-05
អាជ្ញាធរក្រុងបានលុង ខេត្តរតនគិរី កាលពីព្រឹកថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០១១ បានតម្រូវឲ្យសាលារៀនឯកជនមួយបិទទ្វារភ្លាមៗ ដោយសារតែសាលារៀននេះបើកបង្រៀនដោយមិនមានលិខិតអនុញ្ញាត។
មាតា បិតាសិស្ស នៅក្រុងបានលុង
ខេត្តរតនគិរី ជាង១០០នាក់ តវ៉ានៅខាងមុខសាលា អ៊ិន អាយ អេស (NIS)
កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០១១
ការទាមទារនេះកើតមានឡើងនៅព្រឹកថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០១១ ដោយប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នានៅមុខសាលារៀន អ៊ិន អាយ អេស នៅភូមិមួយ សង្កាត់ឡាបានសៀក ដែលទើបនឹងបើកបង្រៀននៅថ្ងៃដំបូងរបស់ខ្លូង តាមការកំណត់គឺថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១១។
អាណាព្យាបាលសិស្សម្នាក់មកពីស្រុកបរកែវ លោក យ៉ែម សុច័ន្ទ មានប្រសាសន៍ថា មានចំណុចសង្ស័យជាច្រើនដែលធ្វើឲ្យឪពុកម្ដាយសិស្ស ដែលបានបង់ប្រាក់ឈ្នួលសម្រាប់សាលាផ្ដាច់ប្រចាំឆ្នាំ ឬប្រចាំឆ្នាំ អស់ជំនឿលើការបើកបង្រៀនសិស្សនៅសាលាថ្មីនេះ។ លោកបន្តថា ខ្លូងលោកផ្ទាល់បានបង់ប្រាក់អស់ចំនួន ២៥០ដុល្លារទៅសាលាសម្រាប់រយៈពេលមួយឆមាស ដើម្បីឲ្យកូនបានចូលរៀននៅសាលានេះ ៖ "មិនគួរដំណើរការបង់លុយ មុនទេ ចាំគ្រប់គ្រាន់ចាំបង់។ដល់ធ្វើអ៊ីចឹង អារម្មណ៍ប្រជាពលរដ្ឋណា! នៅឆ្ងាយបរកែវ អូរយ៉ាដាវ"។
ដូចគ្នានេះដែរ មាតាបិតាសិស្សជាច្រើនទៀតបានបង្ហាញការមិនទុកចិត្តទៅលើចំណាត់ ការប្រមូលប្រាក់ថ្លៃសាលាប្រចាំឆ្នាំ ៤៥០ដុល្លារ និងប្រាក់បន្ទាប់បន្សំមានថ្លៃរថយន្តដឹកជញ្ជូន ១៥ដុល្លារ ក្នុងមួយខែ និងថ្លៃសំលៀកបំពាក់សិស្ស ១៥ដុល្លារទៀត។
សេចក្ដីរាយការណ៍ប៉ាន់ប្រមាណរបស់មាតាបិតាសិស្សឲ្យដឹងថា យ៉ាងហោចណាស់មានសិស្សជាង ២០០នាក់ បានចុះឈ្មោះចូលរៀន និងបង់ប្រាក់ផ្ដាច់ប្រចាំឆ្នាំ ឬប្រចាំឆមាស គិតជាចំនួនទឹកប្រាក់សរុបមានមិនតិចជាង ៣ទៅ៤ម៉ឺនដុល្លារនោះឡើយ។
នាយកសាលារៀន អ៊ិន អាយ អេស លោក ឡុង ប៉ូលីន បានធ្វើការពន្យល់ក្រុមអាណាព្យាបាលសិស្សវិញថា មិនមានការឆបោកអ្វីក្នុងបញ្ហាបើកបង្រៀននេះទេ ពីព្រោះសាលារៀនមានឯកសារគ្រប់គ្រាន់ និងប្រាក់តម្កល់នៅធនាគារក្នុងការបើកសេវាកម្មវិស័យអប់រំនេះ។
លោកបន្តថា លិខិតសុំអនុញ្ញាតត្រូវបានមន្ត្រីមូលដ្ឋានចុះហត្ថលេខា និងបញ្ជូនទៅមន្ទីរអប់រំតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ ក៏ប៉ុន្តែមន្ត្រីមន្ទីរអប់រំជាប់រវល់មិនទាន់បានពិនិត្យឯកសារ និងចេញលិខិតប្រកាសផ្លូវការទទួលស្គាល់សាលារៀន ៖ "ចែកទៅវិញមាន ការលំបាក។ ប៉ុណ្ណឹងវាអត់ទាន់គ្រប់គ្នានៅច្រើនទៀត។ អ៊ីចឹងហើយខ្ញុំសម្រេចថា លុយហ្នឹងទុកមួយដុំ ហើយឲ្យលោកអភិបាលក្រុងគាត់អញ្ជើញទៅគាត់ធ្វើលិខិតធានានៅធនាគារ ថា ប្រាក់ហ្នឹងបើមានបញ្ហាគឺរដ្ឋដកជូនអាណាព្យាបាលសិស្ស"។
យោងឯកសារដែលអានដោយអភិបាលរងក្រុងបានលុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនគិរី អ្នកស្រី ចាន់ ខាំ ខឿ កាលពីថ្ងៃទី៤ ខែកក្កដា បានធ្វើលិខិតជម្រាបមកនាយកសាលា អ៊ិន អាយ អេស ថាដោយសារមន្ទីររវល់ជាប់ប្រឡងសិស្សសញ្ញាប័ត្រមធ្យមសិក្សា ដូច្នេះមន្ទីរអប់រំមិនទាន់បានពិនិត្យឯកសារសុំច្បាប់របស់សាលានេះ នៅឡើយ។
អភិបាលរងក្រុងបានលុង លោក ស្រី សំអាត មានប្រសាសន៍ថា អាជ្ញាធរក្រុងសម្រេចឲ្យសាលានេះផ្អាកបើកបង្រៀនរយៈពេល ១០ថ្ងៃ ដើម្បីរង់ចាំលិខិតអនុញ្ញាតពីមន្ទីរអប់រំ។ លោកបន្តថា នៅក្នុងរយៈពេលរង់ចាំនេះ អ្នកគ្រប់គ្រងសាលាត្រូវធ្វើកិច្ចធានាយ៉ាងណាមិនឲ្យមានការបាត់ បង់ប្រាក់ប្រជាពលរដ្ឋនោះឡើយ ៖ "ឯកសារវាមិនទាន់គ្រប់នៅឡើយ ជាពិសេសមន្ទីរអប់រំ យើងមិនទាន់ទទួលស្គាល់ហ្នឹងណា"។
យ៉ាងនេះក្ដី ប្រជាពលរដ្ឋអ្នកតវ៉ាបានវិលត្រឡប់ទៅលំនៅឋានវិញ បន្ទាប់ពីអ្នកទទួលខុសត្រូវសាលាបានយល់ព្រមធ្វើកិច្ចសន្យាជាមួយ មន្ត្រីអាជ្ញាធរក្រុង តំណាងអាណាព្យាបាលសិស្ស និងតំណាងធនាគារតាមរយៈដាក់ប្រាក់តម្កល់ដើម្បីធានាក្នុងបញ្ហាសាលា រៀននេះ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น