2011-06-25
ក្រុមរៀបចំសណ្ដាប់ធ្នាប់ និងប្រតិបត្តិការរបស់អាជ្ញាធរអប្សរា ដែលប្រចាំនៅប្រាសាទបន្ទាយស្រី បានទទួលរងការចោទប្រកាន់ជាថ្មីពីក្រុមប្រជាពលរដ្ឋនៅទីនោះថា បានប្រើអំណាចហិង្សាខុសច្បាប់ ដើម្បីរារាំង និងទប់ស្កាត់មិនឱ្យមានការដើរលក់វត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តទីនោះ។ ក្មេងស្រីឈ្មោះ ឈៀង ស៊ាប (ឆ្វេង) និងក្មេងស្រីឈ្មោះ ហ៊ន សុវេង នៅទីស្នាក់ការអង្គការសិទ្ធិមនុស្សលីកាដូ ខេត្តសៀមរាប ក្មេងស្រីជំទង់ ២នាក់ ដែលក្នុងចំណោមនោះ
ម្នាក់គឺជាអនីតិជននៅប្រាសាទបន្ទាយស្រី បាននាំគ្នាមកដល់ទីស្នាក់ការអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃសុក្រ ទី២៤ ខែមិថុនា បំណងស្វែងរកការជួយជ្រោមជ្រែងខាងផ្លូវច្បាប់ ដើម្បីធ្វើពាក្យបណ្តឹងមួយប្រឆាំងនឹងមន្ត្រីនាយកដ្ឋានសណ្តាប់ធ្នាប់របស់អាជ្ញាធរអប្សរាមួយចំនួន បន្ទាប់ពីគេអះអាងថា ក្រុមសណ្ដាប់ធ្នាប់អាជ្ញាធរអប្សរានៅតំបន់នោះ បានប្រើដំបងឆក់លើរាងកាយពួកគេបណ្ដាលឱ្យមានស្លាកស្នាមដែលអាចប្រឈមមុខ និងបញ្ហាសុខភាពនៅពេលខាងមុខផងនោះ។ ក្មេងស្រីម្នាក់ឈ្មោះ ហ៊ន សុវេង អាយុ ១៧ឆ្នាំ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសុក្រ ទី២៤ ខែមិថុនា ថា នាងគ្រាន់តែកាន់ក្រមាមួយដើរចល័តទៅលក់ឱ្យអ្នកទេសចរណ៍នៅជិតបរិវេណតូបលក់នៃប្រាសាទបន្ទាយស្រី ក៏បណ្ដាលឱ្យក្រុមសណ្ដាប់ធ្នាប់របស់អាជ្ញាធរអប្សរាប្រចាំទីនោះបញ្ជាកម្លាំងទៅដកហូតយកក្រមានោះ បណ្ដាលឱ្យមានការប៉ះទង្គិចគ្នា ហើយអាជ្ញាធរអប្សរានោះបានប្រើដំបងឆក់លើរាងកាយរបស់នាង។ ហ៊ន សុវេង រៀបរាប់ដូច្នេះ ៖ «នៅកំពុងតែមានភ្ញៀវខ្ញុំកាន់អីវ៉ាន់លក់ធម្មតា គេថា កុំឱ្យខ្ញុំលក់អ៊ីចឹងវាបង្កទៅជាអនាធិបតេយ្យ។ ពេលស្ងាត់ភ្ញៀវទៅគេក៏ដេញខ្ញុំទៅលក់ឯក្រោយវិញ ខ្ញុំក៏មិនឮមាត់អីដែរ ដល់មួយសន្ទុឈ្មោះ សុខ បូរ៉ា បានប្រាប់ឱ្យកូនចៅចាប់យកអីវ៉ាន់ខ្ញុំទៅ ខ្ញុំចាប់ទាញក្រមាទៅវិញទៅមក ពួកអ្នកលក់ចល័តទាំងអស់គ្នាឃើញទៅក៏បានរត់មកជួយប្រវាយប្រតប់គ្នាគេទាញប្រដាប់ឆក់មក ខ្ញុំអត់បានលែងក្រមា»។ ក្មេងស្រីម្នាក់ទៀតឈ្មោះ ឈៀង ស៊ាប អាយុ ២១ឆ្នាំ បានមានប្រសាសន៍បន្ថែមថា នាងក៏ត្រូវអាជ្ញាធរអប្សរាប្រើដំបងឆក់លើរាងកាយដែរ នៅពេលដែលនាងឃើញមិត្តភ័ក្ដិរបស់នាងប្រតាយប្រតប់ជាមួយកម្លាំងអាជ្ញាធរអប្សរា ហើយនាងរត់ទៅជួយនោះ ៖ «ខ្ញុំថា ដើរទៅផ្ទះ នៅពេលនោះខ្ញុំឃើញពួកម៉ាកខ្ញុំចាប់ប្រតាយប្រតប់ជាមួយ សុខ បូរ៉ា អាជ្ញាធរអប្សរាហ្នឹង ខ្ញុំក៏ទៅជួយ។ អាជ្ញាធរអប្សរាម្នាក់គាត់បានកាន់ដំបងឆក់យកមកឆក់ខ្ញុំ គេចុចត្រែតៗ វាមានភ្លើង ២ ហើយយកមកឆក់កែងដៃខ្ញុំ ហើយនិងឆក់ចំពោះ ពេលនោះខ្ញុំដួលប៉ះនឹងតុគេ រួចធ្លាក់មកលើការ៉ូឡា ពេលហ្នឹងខ្ញុំឃើញគេចាប់ Guide (ចិន) មកពី Guide ចិនបានថតរូប»។ ទោះយ៉ាងណាលោក ព្រំ ករុណា ដែលជាប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់ និងប្រតិបត្តិការរបស់អាជ្ញាធរអប្សរា បានមានប្រសាសន៍កាលពីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ថា លោកពុំទាន់បានដឹងបញ្ហាដែលកើតឡើងនៅតំបន់ប្រាសាទបន្ទាយស្រី នោះយ៉ាងណានៅឡើយទេ ៖ «រងនាយកដ្ឋានមួយ គាត់ទទួលការងារខាងហ្នឹង គាត់អត់ឃើញរាយការណ៍មកថាម៉េចផង ទើបបងឯងនិយាយហ្នឹងបានខ្ញុំដឹងណា»។ ចំណែកលោក ព្រឹម វិរៈ ដែលជាអ្នកគ្រប់គ្រងកម្លាំងអាជ្ញាធរអប្សរាប្រចាំប្រាសាទបន្ទាយស្រី នោះ មិនបានទទួលទូរស័ព្ទដើម្បីធ្វើការពន្យល់បញ្ហានោះយ៉ាងណាឡើយ។ ក្មេងស្រី ២នាក់ដែលអះអាងថា រូបគេបានទទួលរងឧបករណ៍ឆក់របស់មន្ត្រីអាជ្ញាធរអប្សរានោះ បានឱ្យដឹងថា គេបានដាក់ពាក្យបណ្ដឹងដើម្បីទារប្រាក់ចំនួនប្រមាណ ១.៤០០ដុល្លារសហរដ្ឋអាមេរិក ថ្លៃជំងឺចិត្តពីមន្ត្រីអាជ្ញាធរអប្សរាដែលបានប្រព្រឹត្តអំពើនោះ ហើយនិងទាមទារឱ្យរដ្ឋាភិបាលធ្វើការដាក់ទោសអ្នកទាំងនោះទៅតាមវិន័យរដ្ឋបាលរបស់មន្ត្រីរាជការផង។ អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តសៀមរាប បានឱ្យដឹងថា គេបានទទួលពាក្យបណ្ដឹងរបស់ក្មេងស្រីម្នាក់ក្នុងចំណោមទាំង ២នាក់នោះ ដើម្បីធ្វើការស៊ើបអង្កេតករណីនោះបន្ត នៅមុនពេលដែលឈានទៅដល់ការធ្វើអន្តរាគមន៍តាមផ្លូវច្បាប់។ នេះជាលើកទី២ហើយដែលអាជ្ញាធរអប្សរាប្រចាំប្រាសាទបន្ទាយស្រី ទទួលរងការចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ។ កាលពីអំឡុងខែមីនា កន្លងទៅ អ្នកតំណាងរាស្ត្រ ឪពុកម្ដាយកុមារ និងកុមារខ្លះ បានធ្លាប់ចោទប្រកាន់មន្ត្រីអាជ្ញាធរអប្សរានៅបន្ទាយស្រី ម្ដងមកហើយថា បានប្រើអំពើហិង្សាវាយដំ និងគំរាមកំហែងទៅលើរូបកាយកុមារជាអ្នកដើរលក់វត្ថុអនុស្សាវរីយជាច្រើននាក់ ដែលអំពើនោះគឺខុសច្បាប់ និងរំលោភទៅលើសិទ្ធិការពារកុមារផង៕
ไม่มีความคิดเห็น:
แสดงความคิดเห็น