ដោយ ទីន ហ្សាការីយ៉ា
2011-07-08
អ្នកភូមិនៅឃុំសានគរ ស្រុកកំពង់ស្វាយ ខែត្រកំពង់ធំ លើកគ្នាជាង ២០០ នាក់ បិទផ្លូវជាតិលេខ ៦ អស់រយៈពេលជាង៧ម៉ោងដើម្បីសុំឲ្យតុលាការដោះលែងអ្នកភូមិមួយរួប ដែលតុលាការចាប់ដាក់គុក។
៨-កក្កដា-២០១១ ៖ អ្នកភូមិសានគរបិទផ្លូវជាតិលេខ ៦ ទៅសៀមរាប។
ផ្លូវជាតិលេខ ៦ នៅក្បែរទីរួមខែត្រកំពង់ធំ ត្រូវបានបើកឲ្យធ្វើដំណើរធម្មតាឡើងវិញ បន្ទាប់ពីអភិបាលរងខែត្រកំពង់ធំ ចុះទៅជួបអ្នកភូមិ និងសន្យាថា គេនឹងចុះទៅត្រួតពិនិត្យដោះស្រាយ ដីស្រែ ដែលមានជម្លោះចំនួន ៨០០ ហិកតារ។
អ្នកភូមិសានគរបាននាំគ្នាបិទផ្លូវជាតិលេខ ៦ ដែលភ្ជាប់ពីកំពង់ធំទៅខេត្តសៀមរាប តាំងពីម៉ោង ៨ ព្រឹករហូតដល់ម៉ោង ៣ រសៀល ទើបពួកគាត់បើកឲ្យអ្នកដំណើរធ្វើចរាចរណ៍ដូចដើមវិញ។
ការបិទផ្លូវរបស់អ្នកភូមិ បានធ្វើឲ្យកកស្ទះដំណើរចរាចរណ៍ រថយន្តរាប់រយគ្រឿងនៅតាមដងផ្លូវជាតិលេខ ៦ នៅប្រមាណ ២០ គីឡូម៉ែត្រពីទីរួមខែត្រកំពង់ធំ។
អភិបាលរងខែត្រកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍នៅថ្ងៃទី ៨ កក្កដាថា លោកបានទទួលយកសំណើរបស់ប្រជាពលរដ្ឋសុំឲ្យដោះស្រាយរឿងដីទំនាស់ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដួង ហេង សេង ស៊ុនណា និងករណីសុំឲ្យដោះលែងអ្នកភូមិមួយរូប ដែលតុលាការចាប់ខ្លួន និងសុំកុំ ឲ្យតុលាការតាមចាប់ខ្លួនអ្នកភូមិមួយចំនួនផ្សេងទៀត។
លោក អ៊ុត សំអន បានសន្យាថា នៅសប្ដាហ៍ក្រោយ លោកនឹងចុះទៅត្រួតពិនិត្យ និងស្រាវជ្រាវដី ទំនាស់ដោយផ្ទាល់ ដើម្បីដោះស្រាយជួនប្រជាពលរដ្ឋឲ្យទាន់រដូវបង្កបង្កើនផលនៅរដូវ វស្សានេះ។
ប្រជាពលរដ្ឋភូមិសានគរ ឃុំសានគរជាង ២០០ នាក់ បានលើកគ្នាទៅបិទផ្លូវនេះ នៅស្របពេលដែលសាលាដំបូងខែត្រកំពង់ធំ កោះហៅអ្នកភូមិចំនួនពីររូបបន្ថែមទៀត នៅព្រឹកថ្ងៃទី ៨ កក្កដា អំពីបញ្ហាជម្លោះដីស្រែនេះ។ ការកោះហៅអ្នកភូមិសាកសួរនេះ គឺបន្ទាប់ពីតុលាការបានចាប់អ្នកភូមិមួយរូប ឈ្មោះ ឃាង សឿង កាលពីថ្ងៃទី ៣ មិថុនា ឆ្នាំ២០១១។
មន្ត្រីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក ឆេង សុភ័ស្ត មានប្រសាសន៍ថា អាជ្ញាធរខែត្របានចេញមុខទៅចរចាដោយសន្តិវិធី ជាឧទាហរណ៍មួយល្អ ហើយលោកសង្ឃឹមថា អាជ្ញាធរនឹងរកដំណោះស្រាយជូនអ្នកភូមិឲ្យបានសមស្រប។
ប្រជាពលរដ្ឋមួយរូបនិយាយថា ការសម្រេចចិត្តបិទផ្លូវបែបនេះ គឺជាជម្រើសចុងក្រោយរបស់ពួកគាត់ ដោយសារតែជម្លោះដីស្រែនេះ បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
អ្នកភូមិសានគរចំនួន ៤ ភូមិ មានជម្លោះដីស្រែប្រមាណ ៨០០ ហិកតារជាមួយក្រុមហ៊ុន ដួងហេងសេងស៊ុនណា តាំងពីឆ្នាំ ២០០៥ គឺបន្ទាប់ពីក្រុមហ៊ុននេះ បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនូវផ្ទៃដីជាងពាន់ហិកតារ ដើម្បីធ្វើស្រូវ។ ជម្លោះបានកើតមានរ៉ាំរ៉ៃ តាំងពីពេលនោះមក។ អ្នកភូមិក៏ធ្លាប់បានឡើងមកតវ៉ានៅទីក្រុងភ្នំពេញជាច្រើនលើកផង ដែរ។
ការទាមទារដំណោះស្រាយពីអាជ្ញាធរខែត្រ ដោយយកជម្រើសបិទផ្លូវជាតិមិនឲ្យអ្នកដំណើរធ្វើចរាចនេះ មន្រ្តីសិទ្ធិមនុស្សមនុស្សបានឲ្យដឹងថា តាមការកត់សម្គាល់ បានកើតមានប្រមាណ ១០ លើកមកហើយ គិតពីឆ្នាំ ២០១០ មក ដូចជានៅខែត្រកំពង់ស្ពឺ កោះកុង ក្រុងភ្នំពេញ មណ្ឌលគិរី និងខែត្រកំពង់ធំនេះ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น