ដោយ ខែ សុណង
2011-07-16
កងទ័ពមូលដ្ឋានសមុទ្ទកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិក បានពង្រឹងសហប្រតិបត្តិការគ្នាបន្ថែមទៀតតាមរយៈការផ្ដល់ជំនួយ ផ្នែកសុខាភិបាល និងទឹកស្អាតដល់កងទ័ពមូលដ្ឋានសមុទ្ទនៅខេត្តព្រះសីហនុ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។
១៥-កក្កដា-២០១១៖ វារៈនាវីទោ គី យ៉ាដេត
នាយគិលានដ្ឋានមូលដ្ឋានសមុទ្ទ ណែនាំប្រាប់ក្រុមទាហានសហរដ្ឋអាមេរិក
អំពីសម្ភារៈដែលត្រូវបានបំពាក់នៅក្នុងអគារសុខាភិបាល
ក្រោយពេលជួសជុលរួច។
វារៈនាវីទោ គី យ៉ាដេត នាយគិលានដ្ឋានមូលដ្ឋានសមុទ្ទមានប្រសាសន៍ថា នេះគឺជាការប្រសើរដែលកងទ័ពអាមេរិក មានការចាប់អារម្មណ៍ចំពោះកងទ័ពសមុទ្ទកម្ពុជា។ លោកថា វាជាតម្រូវការជាចាំបាច់មួយ ពីព្រោះមុនមណ្ឌលសុខាភិបាលនេះមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ។
លោកថា វាក៏ជាប្រការមួយដែលនាំឲ្យមានការរឹតចំណងការទូតរវាងប្រទេសទាំង២ គឺកម្ពុជា និងសហរដ្ឋអាមេរិក ៖ «បាទ! ខ្ញុំយល់ឃើញថា វាល្អ ពីមុនយើងមានការលិចដំបូលលិចអីអ៊ីចឹង ឥឡូវគាត់បានជួសជុលលែងឲ្យលិចទៅ ហើយដាក់ភ្លើងអគ្គិសនីថ្មី ធ្វើឲ្យយើងងាយស្រួលក្នុងការទទួលយកសេវាព្យាបាលជូននាយនាវា នាយនាវារង និងពលនាវានៅទីនេះ ព្រមទាំងគ្រួសាររបស់នាវិក នាយទាហាននៅទីនេះ និងប្រជាពលរដ្ឋរស់នៅជុំវិញនេះ គឺយើងព្យាបាលជូនគាត់ដោយមិនគិតថ្លៃ»។
នៅក្នុងពិធីបើកឲ្យប្រើប្រាស់អាគារផ្ដល់សេវាសុខភាព និងអណ្ដូងទឹកនៅមូលដ្ឋានកងទ័ពសមុទ្ទរាមនេះ គឺមានការចូលរួមពីសំណាក់លោកស្រី គ្រីស្ទីន មីនស៍ (Kristin Means) ជាប្រធានការិយាល័យសហប្រតិបត្តិការយោធាកងទ័ព ប្រចាំស្ថានទូតអាមេរិក និងលោកឧត្ដមសេនីយ៍ត្រី រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ទកងទ័ពជើងទឹក។
អនុសេនីយ៍ត្រីកងទ័ពសហរដ្ឋអាមេរិក លោក ម៉ាទីន ហ៊ូស្សា (Martin Huizar) ដែលទទួលបន្ទុកផ្នែកជួសជុលអាគារបានថ្លែងតាមរយៈអ្នកបកប្រែថា អគារសុខាភិបាលនេះផ្ដល់ភាពងាយស្រួលដល់ការព្យាបាលជំងឺដល់សហគមន៍ ជាពិសេសគឺកងទ័ព និងជាការបង្ហាញនូវគុណភាពនៃអគារដើម្បីបំពេញនូវសេចក្ដីត្រូវការ របស់កងទ័ព។ រីឯការជីកអណ្ដូងទឹកថ្មីនេះ គឺមានការធានានូវគុណភាពទឹកស្អាតសម្រាប់ឲ្យកងទ័ពប្រើប្រាស់ និងទទួលទានផងដែរ។ លោកសង្ឃឹមថា វានឹងផ្ដល់ការយកចិត្តទុកដាក់ ការចាប់អារម្មណ៍ពីសហគមន៍ប្រជាពលរដ្ឋ និងកងទ័ពនៅទីនេះ ដើម្បីមកទទួលការព្យាបាលល្អជាងពេលមុន។
អគារសុខាភិបាលចំនួន ២ខ្នងដែលមានប្រមាណ ១០បន្ទប់ និងអណ្ដូងទឹកស្អាតមួយនេះទាំងកងទ័ពខ្មែរ និងសហរដ្ឋអាមេរិក បានសហការគ្នាជួសជុលអស់រយៈពេល ១ខែកន្លះ។ មុនការជួសជុលអគារនេះ គឺគេបានប្រើប្រាស់បម្រើផ្នែកសេវាសុខាភិបាលតាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น