ការ​បង្ក្រាប​​គ្រឿងញៀន​​​មាន​ការ​​​កើន​​ឡើង​តែ​បរិមាណ​រឹប​អូសបាន​​ថយចុះ​ នៅឆ្នាំ2010

អាជ្ញាធរ​ជាតិ​​​ប្រយុទ្ធ​​ប្រឆាំងគ្រឿង​ញៀន​​ បាន​បើក​កិច្ច​ប្រជុំ​នៅ​ក្រសួង​​មហា​​ផ្ទៃ​​​​
ថ្ងៃសៅរ៏ ទី២៨ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៥:៤៧
រាជធានីភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​​​ប្រយុទ្ធ​​ប្រឆាំងគ្រឿង​ញៀន​​ បាន​បើក​កិច្ច​ប្រជុំ​នៅ​ក្រសួង​​មហា​​ផ្ទៃ​​​​ កាលពី​ថ្ងៃទី​២៦ ឧសភា ដើម្បី​​​ពិនិត្យ​​​​លើ​របាយ​ការណ៍​​សង្ខេប​ស្តីពី​លទ្ធផល​​ការ​ងារ​​ ត្រួតពិនិត្យ​​​គ្រឿង​ញៀន​​ឆ្នាំ​​២០១០​ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១១ ។

តាម​​របាយ​ការណ៍​​នោះ​​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១០​កន្លងទៅ​នេះ ក្រុមឧក្រិដ្ឋ​ជន​គ្រឿង​​​ញៀន​​អន្តរជាតិ​​បាន​​បង្កើន​សកម្មភាព​ចរាចរ​​ គ្រឿង​ញៀន ពីតំបន់​​ត្រីកោណ​មាស និង​​តំបន់​ អឌ្ឍច័ន្ទ​មាស​ ធ្វើ​ឱ្យ​សភាព​ការណ៍​គ្រឿង​ញៀន​​ជា​​សាកល​កាន់​តែ​មាន​លក្ខណៈ​​ស្មុគ​ស្មាញ​ ​។  នៅតំបន់​​​អាស៊ី ប្រទេស​​សមាជិក​​អាស៊ាន​បាន​និង​កំពុង​ទទួល​រង​ការ​ចរាចរ​គ្រឿង​ញៀន​​ឆ្លង​ កាត់​​​ ទៅរក​ទីផ្សារ​គ្រឿង​ញៀន​ដែល​មាន​តម្លៃ​ខ្ពស់ នៅ​ប្រទេស​​ជប៉ុន ចិន ហុង​កុង អូស្ត្រាលី​ អាមេ​រិក​ និងអឺរ៉ុប ដោយ​ក្រុម​ឧក្រិដ្ឋជន​នៃ​​បណ្តា​ប្រទេស​​​អាហ្វ្រិក​ខាង​លិច​ និង​កោះ​តៃវ៉ាន់ តាម​​​ច្រើន​រូប​ភាព ដូចជា ការ​ផ្តល់​ប្រាក់​កម្រៃ ការ​អូស​ទាញ​យក​ធ្វើ​​ជា​សង្សារ​​ ការលាក់​តាម​ដង​ខ្លួន ការ​លេបគ្រឿង​ញៀន​ទុក​ក្នុង​ពោះ​ ការ​លាក់​​ក្នុង​បាត​ស្បែក​ជើង ក្នុង​ឡេវ​អាវ ក្នុង​គ្រឿង​បន្លាស់​រថ​យន្ត ការផ្ញើតាម​បញ្ញើ​ប្រៃសណីយ៍​ ឬតាម​បញ្ញើ​​នៃ​​ក្រុម​ហ៊ុន​សេវាកម្ម​ដឹក​ជញ្ជូនរហ័ស​ រួម​ទាំង​​​ការ​ផ្ទេរ​​ប្រាក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ឬជួល​មនុស្ស​​ឱ្យ​បើក​​លេខគណនីសម្រាប់​​សម្អាត​​ប្រាក់​ ការ​​ក្លែង​​អត្តសញ្ញាណ​​ប័ណ្ណ​ក្លែង​ប័ណ្ណ​ឥណ​ទាន ក្លែង​លិខិត​ឆ្លង​ដែនជា​ដើម ។ ទន្ទឹម​នេះ​ បណ្តា​​ប្រទេស​​ជា​ច្រើន​​​កំពុង​មាន​​ការព្រួយ​បារម្ភ​​​ចំពោះ​គ្រឿង​ញៀន​​ ​សំយោគ​ ATS  ដែល​បាន​និងកំពុង​មានការ​​វិវឌ្ឍន៍​ ទាំងការ​ផលិត ការរីក​ដុះ​ដាល​​នៃទីផ្សារ​ខុស​ច្បាប់ និងបណ្តា​ញជួញ​ដូរ​អន្តរជាតិ​ រួម​ទាំង​​​ការប្រឈម​មុខ​​ថ្មីៗ​ទៀតដូចជា ការចម្រាញ់​យកសារធាតុ​ផ្សឺដូ-​អេហ្វេឌ្រីន​ពីក្នុង​​ឱសថ​​ព្យាបាល​ជំងឺ​ ផ្តាសាយ ។
សម្រាប់​​កម្ពុជា​ ឆ្នាំ២០១០ ការ​បង្ក្រាប​​​បទ​ល្មើស​គ្រឿង​ញៀន​មាន​ការ​កើនឡើង​​បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ​​២០០៩ ប៉ុន្តែ​បរិមាណ​​គ្រឿង​​ញៀន​នានា​ ដែល​រឹបអូស​​មាន​ការ​ថយ​ចុះ​​ (លើកលែង​​​តែមេតំហ្វេតាមីន I​CE)។ គ្រឿងញៀន​​​បាននាំ​​ចូល​មក​​​ក្នុង​ប្រទេស​​ ជាទូទៅ​​បាន​កត់​សម្គាល់​​ឃើញ​មាន​​បណ្តា​​ច្រក​នៃ​ខេត្ត​នៅ​ទិស​|សាន​ និង​ច្រក​​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​កំពង់​ផែ​​ក្រុងព្រះសីហនុ​ ហើយ​នាំចេញ​ទៅវិញ​តាម​ច្រក​ព្រលាន​យន្ត​​ហោះ​អន្តរជាតិ​​ភ្នំពេញ តាម​ផ្លូវ​​គោក​ទៅ​កាន់​​ប្រទេស​វៀតណាម​ ប្រទេស​ថៃ និងតាម​បញ្ញើ​​ប្រៃសណីយ៍​ ។ ជាមួយ​នេះ​ឈ្មួញ​​​​គ្រឿងញៀន​​នៅតែប៉ុនប៉ង​យក​​​កម្ពុជា​ធ្វើ​ជា​កន្លែង​ ផលិត​គ្រឿង​ញៀន​ខុសច្បាប់​ និងធ្វើ​​​ការ​កែច្នៃ​​ឱសថ​​ដែល​មាន​ផ្ទុកសារធាតុ​​ផ្សឹដូ-​​អេហ្វេឌ្រីន​ (Pseudo-Ephedrine) ពីប្រភេទ​​​​គ្រាប់​​​​​ទៅ​ជា​ម្សៅ ដើម្បី​បញ្ជូន​​​ទៅ​ចម្រាញ់​​យក​សារធាតុ​​ផ្សឹដូ-​អេហ្វេឌ្រីន នៅ​ក្រៅ​​ប្រទេស ។​
អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​​ភាគ​ច្រើន​ប្រើ​​ មេតំហ្វេតាមីន​​គ្រាប់ មេតំហ្វេតាមីន​ICE ។ ហេរ៉ូអ៊ីន​ ក៏​មាន​​ការ​ប្រើ​ប្រាស់​​​នៅរាជធានី​ភ្នំពេញ​និង​មាន​ការចាក់​ហេរ៉ូអ៊ីន​ ផងដែរ ។ អ្នក​ក្រោម​ឥទ្ធិពល​​​គ្រឿងញៀន​​តាម​ស្ថិតិ​​របស់​​​រាជធានី-​ខេត្ត​នៅ​ ទូទាំង​ប្រទេស​​មាន​ប្រហែល​​ពី៥.០០០​ទៅ​៦.០០០​នាក់ ក្នុង​នោះ​យុវជន​​មាន​​លើស​៦០% ក្នុងចំណោម​​អ្នក​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ ។ តែបើតាម​​​​​ការពិសោធន៍​​​នៅខេត្ត​ បន្ទាយ​មានជ័យ តួលេខ​រវាង​​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ និងអាជ្ញាធរ​​ខេត្ត គឺខុស​​គ្នា​ប្រហែល​​៨០% មានន័យ​ថា តួលេខ​​របស់​អាជ្ញាធរ​ទាប​ជាង​អង្គការ​​​សង្គម​ស៊ីវិល​​៨០% ។​
ជុំ​វិញ​​​ការកាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​​គ្រឿង​ញៀន​ ក្នុងឆ្នាំ​២០១០​ របាយការណ៍​​​បាន​ឱ្យ​ដឹងថា បាន​​បង្ក្រាប​បទល្មើស​​បាន​៣៥០​ករណី​(បើ​ប្រៀប​ធៀប​​ឆ្នាំ​២០០៩ ដែល​បទល្មើស​មាន​​៣០៩​ករណី)​ គឺកើនឡើង​១៣,២៦% ។ ឃាត់​​ខ្លួន​ជន​ល្មើស​៦៨៤​នាក់ (បើ​ប្រៀបធៀប​ឆ្នាំ​២០០៩ ដែលជន​ល្មើស​មាន​៦១៥​នាក់​)​ គឺកើន​ឡើង​១១,២១%​។​ ជាមួយ​នេះ​ដែរ សាលា​ដំបូង​​រាជធានី​-​ខេត្ត​ចំនួន​១៧ បាន​ខិតខំ​ជម្រះ​​​ក្តី​សំណុំ​រឿង​បទល្មើស​គ្រឿង​ញៀន​​បាន​ចំនួន​៣០៥​ករណី  កំពុង​ស៊ើប​​សួរ ១៨០​ករណី តម្កល់​​ទុក​មិន​ទាន់​បាន​ចាត់​ការ​៧​ករណី​(សរុប​ទាំងអស់​​មាន​ចំនួន​​៤៩២​ ករណី​រឿង) ។
យើង​​​បាន​បង្កើន​​កិច្ចសហការ​ជាមួយស្ថាប័ន​​អនុវត្ត​ ច្បាប់​ជាតិ និង​​អន្តរជាតិ​ ចាត់​វិធានការ​​​បង្ក្រាប​​បទល្មើស​​បានទាន់​​ពេល​វេលា​ ទាំង​ករណី​​ផលិត ចរាចរឆ្លង​កាត់​ ការជួញដូរ​ចែក​ចាយ​ និង​ការ​​​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ជាទ្រង់​ទ្រាយធំ-​មធ្យម​ និងតូច ។ ជារួម​ការ​អនុវត្ត​​ច្បាប់​​​គ្រឿង​ញៀន​​​បាននិង​កំពុង​លើកកម្ពស់​​ ចាប់តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មូល​ដ្ឋាន ។ យើង​បង្ក្រាប​បាន​ចំគោល​ដៅ​​ និង​បានបំផ្លាញ​អង្គការ​ចាត់​តាំង​ជួញដូរ​គ្រឿង​ញៀន​ក្នុង​ប្រទេស ​​ព្រមទាំង​​រក​ឃើញ​​​និង​បង្ក្រាប​​​មន្ត្រី​ខិលខូច​មួយ​​ចំនួន​​ដែល​នៅ​​​ ពីក្រោយការ​ប្រព្រឹត្ត​បទល្មើស​​គ្រឿងញៀន ។
ចំណុច​​ប្រឈម​របស់​យើងគឺ​​ពួកឧក្រិដ្ឋ​​ជន​នៅតែ​មាន​ មហិច្ឆតា​​បន្ត​ប្រើ​ប្រាស់​គ្រប់​ល្បិច​​កល​ គ្រប់​រូបភាព​ ក្នុង​ការ​ចរាចរ​ជួញដូរ​ចែកចាយ និងការ​ផលិត​កែច្នៃ​​គុណភាព​គ្រឿង​ញៀន ដើម្បី​​បម្រើ​ឱ្យ​ការប្រើ​ប្រាស់​នៅក្នុង​ស្រុក​ និង​សម្រាប់​​ការ​នាំចេញ​​ទៅក្រៅ​ប្រទេស​ ជាពិសេស​ការប៉ុន​ប៉ង​​​តាម​គ្រប់វិធីដើម្បី​យកកម្ពុជា​ធ្វើ​ជា​កន្លែង​​​ ផលិត​គ្រឿងញៀន​ ។ ជាមួយ​គ្នា​នេះ អនុក្រឹត្យ​​ បង្កើត​មជ្ឈមណ្ឌល​​ជាតិ​សម្រាប់​​ព្យាបាល​​ និង​ស្តារ​​នីតិសម្បទា​អ្នក​ញៀន​​គ្រឿងញៀន​ ត្រូវ​បាន​​ដាក់​ឱ្យ​នៅក្រោម​​​ការគ្រប់​គ្រង​​របស់​​ក្រសួង​សង្គម​កិច្ច​​ អតីតយុទ្ធជន និងយុវនីតិ​សម្បទា​ ​។ ​យើង​ក៏​មាន​កន្លែង​សម្រាប់ព្យាបាល​ និង​បន្សាប​​សារ​ធាតុ​​​ញៀន ទាំង​ឯកជន និង​រដ្ឋ​ចំនួន​១៣​កន្លែង (គ្រប់​​គ្រងដោយ​​អង្គភាព​រដ្ឋ​១០​កន្លែង​ និងឯកជន​៣​កន្លែង)​ ដែល​តួលេខ​​អ្នក​ដែល​​បាន​ចូល​ទៅ​រក​សេវា​​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ​មាន​ ចំនួន​​​២.៧៤៥​នាក់ ក្នុង​នោះ ​មណ្ឌល​ឯកជន​មាន​ចំនួន​៥៧៦​នាក់ ។ បាន​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សហគមន៍​វិញចំនួន​១.៧៤២​​នាក់ និង​កំពុង​បន្ត​ថែទាំនៅក្នុង​មណ្ឌល​​ចំនួន​៩៩៣នាក់ ៕​

ไม่มีความคิดเห็น:

แสดงความคิดเห็น