2011-05-17
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានអាស៊ាន នៅឆ្នាំ២០១១ បានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេស អាស៊ាន នៅក្នុងទីក្រុងហ្សាកាតា រយៈពេល ៤ថ្ងៃ នៅក្នុងសប្ដាហ៍នេះ។ឧនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានចាកចេញពីប្រទេសកម្ពុជា
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១១ ដើម្បីទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ាន លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១១ នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយផ្ដោតលើបញ្ហាសន្តិសុខនៅក្នុងតំបន់ កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងបញ្ហាសន្តិសុខនៅតាមព្រំដែននៃប្រទេសជាសមាជិក។
លោក ទៀ បាញ់ បានដឹកនាំគណៈប្រតិភូយោធាកម្ពុជា សរុប ២៤នាក់ ទៅចូលរួមក្នុងកិច្ចប្រជុំនោះ។ លោកក៏មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ លោក ប្រាវីត វង់សូវ៉ាន់ (Prawit Wongsuwan) ផ្ដោតលើស្ថានការណ៍ជម្លោះ ប្រដាប់អាវុធរវាងកម្ពុជា និងថៃ។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ នៅមុនចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១១ បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា កិច្ចប្រជុំនោះគឺជាឱកាសសំខាន់មួយសម្រាប់ឲ្យរដ្ឋមន្ត្រីការពារ ជាតិអាស៊ាន បានជួបពិភាក្សាគ្នាលើបញ្ហាសន្តិសុខក្នុងតំបន់។
លោក ទៀ បាញ់ បានថ្លែងថា ៖ «ជាពិសេសនោះ នៅល្ងាចថ្ងៃទី១៨ នេះ នឹងអាចមានការជួបខ្លីមួយរវាងខ្ញុំជាមួយនឹងលោក ប្រាវីត វង់សូវ៉ាន់ នៅឯទីក្រុងហ្សាកាតា នេះផងដែរ ហើយការជួបនេះ គឺច្បាស់ណាស់ អាចនឹងមានការជជែកគ្នាផ្នែកណាមួយ ពិសេសអំពីបញ្ហាដែលមានជម្លោះរវាងកម្ពុជា និងថៃនេះជាក់ជាមិនខាន»។
រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសសមាជិកអាស៊ានចំនួន ១០ គេរំពឹងថា នឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះ រាប់ទាំងប្រទេសកម្ពុជា និងថៃផង។
កាសែតថៃ ឈ្មោះ ម្គុត (MCOT) បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវីត វង់សូវ៉ាន់ មានគម្រោងការជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិកម្ពុជា លោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសឥណ្ឌូណេស៊ី ម៉ាទ្បេស៊ី វៀតណាម និងសិង្ហបុរី ផ្ដោតលើកិច្ចសហប្រតិបត្តិការសន្តិសុខនៅតាមព្រំដែន និងការជឿទុកចិត្តគ្នានៅក្នុងតំបន់។
អ្នកវិភាគស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា លោករំពឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ មិនអាចដោះស្រាយបញ្ហាជាផ្លូវការជាមួយភាគីកម្ពុជាបានទេនៅពេលនេះ ៖ «រដ្ឋាភិបាលថៃ បានរំលាយសភាចោលហើយ ហើយរដ្ឋាភិបាលសព្វថៃ្ងជារដ្ឋាភិបាលចាំផ្ទះ។ ទោះបីជាខាងកងទ័ពចេញមុខដោះស្រាយបញ្ហា ក៏មិនមែនផ្លូវការដែរ។ តែគ្រាន់តែជាការសម្រួលកម្លាំងមិនឲ្យផ្ទុះអាវុធ អាហ្នឹងអាច ប៉ុន្តែរាល់ការដោះស្រាយអ្វីជាផ្លូវការមិនអាចទៅបានទេ ពីព្រោះរដ្ឋាភិបាលមួយមិនទាន់បានកើត»។
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១១ កន្លងទៅនេះ មេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា លោក ជា ម៉ន និងមេបញ្ជាការភូមិភាគទី២ របស់ថៃ លោក សុវត្ថិឆ័យ សាមុតសាខន បានឯកភាពគ្នាលើ ៦ចំណុច លើបទឈប់បាញ់ ក្រោយពីយោធាថៃ និងកម្ពុជា បានបើកការបាញ់ប្រហារគ្នាទ្រង់ទ្រាយធំតាំងពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៤ ឧសភា ឆ្នាំ២០១១។
ភាគីកម្ពុជា បានចោទថា យោធាថៃ ជាអ្នកបាញ់ប្រហារមុន ដើម្បីឈ្លានពានកាន់កាប់ប្រាសាទតាក្របី និងប្រសាទតាមាន់ ប៉ុន្តែមិនបានសម្រេច៕
ไม่มีความคิดเห็น:
แสดงความคิดเห็น