ស្ត្រីមេម៉ាយ​មេឆ្នោត​ធ្វើ​អត្តឃាត​ស្លាប់​ហើម​ក្នុង​អាង​

ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៨:៣៨



​​មន្ត្រី​ជំនាញ​​កង​​រាជ​អាវុធ​ហត្ថ​​ក្រុង​​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​ករណី​នេះក្រុង​ប៉ោយ​ប៉ែត ៖ ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​ក្នុង​អាង​​ទឹក​រយៈ​ពេល​៣​ថ្ងៃ​ ទើប​គេ​ដឹង ហើយ​​មន្ត្រី​ជំនាញ​​កង​​រាជ​អាវុធ​ហត្ថ​​ក្រុង​​កំពុង​ធ្វើ​ការ​ស្រាវ​ ជ្រាវ​អំពី​ករណី​នេះ។ តាម​ការ​បំភ្លឺ​ពី​កូន​ស្រី​ឈ្មោះ​យឹម ណៃគីម អាយុ​១៦​ឆ្នាំ បាន​រៀប​រាប់​​ថា ម្តាយ​របស់​នាង​ដែល​ស្លាប់​​នេះ​ឈ្មោះ​យឹម សុឃីម អាយុ​៣៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ចក ឃុំ​ចក ស្រុក​អូរ​រាំង​ឪ ខេត្ត​កំពង់​ចាម បច្ចុ​ប្បន្ន​ស្នាក់​នៅ​​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត និង​មាន​មុខ​របរ​ជា​មេ​ឆ្នោត។
​​ម្តាយ​របស់​នាង​ជា​ស្ត្រី​មេ​ម៉ាយ​រស់​នៅ​តែ​ម្នាក់​ឯង​ក្នុង​ផ្ទះ​កើត​ ហេតុ​នេះ ចំណែក​រូប​នាង​រស់​នៅ​ជា​មួយ​ជីតា​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​​នេះ​ដែរ។ នាង​រៀប​រាប់​ថា កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៧ ឧសភា រូប​នាង​​បាន​ទូរ​ស័ព្ទ​ទៅ​ម្តាយ​ពី​លទ្ធ​ផល​ឆ្នោត ចំណែក​​ម្តាយ​ឆ្លើយ​តប​វិញ​ថា មិន​ទាន់​ដឹង​ទេ ព្រោះ​មិន​ទាន់​បូក​សរុប​​រួច។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៩ ឧសភា រូប​នាង​បាន​ទូរ​ស័ព្ទ​ទៅ​ម្តង​ទៀត តែ​ទូរ​ស័ព្ទ​មិន​ចូល។
​នាង​យឹម ណៃគីម ​រៀប​រាប់​ទៀត​ថា ​លុះ​នៅ​យប់​ថ្ងៃ​ដដៃល រូប​នាង​បាន​ព្យាយាម​ទូរ​ស័ព្ទ​មក​រក​ទៀត​ក៏​នៅ​តែ​មិន​ចូល ហើយ​​បាន​ទាក់​ទង​មក​ទូរ​ស័ព្ទ​លើ​តុ​ចូល​តែ​គ្មាន​អ្នក​លើក។ ​ដោយ​មាន​ការ​សង្ស័យ វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២០ ឧសភា នេះ ​រូប​នាង​​និង​ជីតា​​ក៏​នាំ​គ្នា​មក​មើល​ឃើញ​ផ្ទះ​បិទ​ទ្វារ ហើយ​ចាក់​សោ​ពី​ក្នុង​តែ​មិន​បាន​ចុច​សោ​បិទ​​ទេ ក៏​​នាំ​គ្នា​គាស់​ទ្វារ​ចូល​ទៅ ឃើញ​ម្តាយ​នាង​ដេក​ស្លាប់​ផ្កាប់​មុខ​ក្នុង​អាង​ទឹក​ក្នុង​ផ្ទះ​ល្វែង​ជាន់​ ក្រោម ក្នុង​បន្ទប់​ទឹក​ស្លាប់​ហើម​អណ្តែត​ពេញ​អាង​ទឹក ទើប​រាយ​ការណ៍​ឱ្យ​សមត្ថ​កិច្ច​មក​ជួយ​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​នៃ​ការ​ ស្លាប់​នេះ។
ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​​សព​ស្ត្រី​​ខាង​លើ សមត្ថ​កិច្ច​កង​រាជ​អាវុធ​​ហត្ថ​ក្រុង​ និង​​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​បាន​សន្និ​ដ្ឋាន​​ជា​ជំហាន​ដំបូង​ថា ​ស្ត្រី​រូប​នេះ​ស្លាប់​អស់​រយៈ​ពេល​៣​ថ្ងៃ​មក​ហើយ។ ចំពោះ​ការ​ស្លាប់​នេះ​គឺ​ស្ត្រី​រង​គ្រោះ​ធ្វើ​អត្ត​ឃាត​ដោយ​​ការ​លេប​ថ្នាំ ​​ ពី​ព្រោះ​នៅ​កន្លែង​កើត​ហេតុ​សមត្ថ​កិច្ច​រក​ឃើញ​សំបក​មួយ​ចំនួន​​ដែល​ បន្សល់​​​ទុក​​នៅ​ទីនោះ។ ការ​អះ​អាង​​ជំហាន​ដំបូង​នេះ​ថា​​ជា​ការ​ធ្វើ​អត្ត​ឃាត​​មិន​​ទាន់​​បាន​ដឹង ​ពី​មូល​ហេតុ​​​ពិត​ប្រាកដ​នៅ​ឡើយ​ទេ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น