​​​ចាស់​កាន់​​ជើង​ក្មេងព្រួត​គ្នា​វាយ​កុមារីម្នាក់​

កុមារី​រងគ្រោះខេត្តកំពត ៖ កុមារី​​ម្នាក់​រៀននៅ​​សាលា​បឋម​សិក្សា​​ម៉ាក់​ប្រាង្គ​ (ថ្នាក់ទី៤) ត្រូវ​បាន​​​គេ​​ព្រួតគ្នា​​វាយ​រហូត​ដល់​សន្លប់​ ដោយសារ​ជន​បង្ក​ខឹង​​នឹង​ប្អូន​កុមារី​​នេះ​ឈ្លោះគ្នា​​នៅ​សាលា​​ជាមួយ​ ប្អូន​​របស់​ខ្លួន​ ។ ហេតុការណ៍​​នេះ​បាន​​​កើតឡើង​​​នៅ​វេលា​​ម៉ោង​​២​រសៀល​ថ្ងៃទី​​២៦ ឧសភា នៅមុខ​ផ្ទះ​​កុមារី​រងគ្រោះ​ស្ថិតក្នុង​ភូមិ​ម៉ាក់​ប្រាង្គ​ ឃុំ​កំពង់​ក្រែង​ ស្រុក​ទឹកឈូ​ ។

យោងតាម​​សម្តី​​ស្ត្រីឈ្មោះ​សុះ សារ៉ស់ ជា​ម្តាយ​កុមារី​រងគ្រោះ​​បាន​ឱ្យ​កោះ​សន្តិភាព​​ដឹង​ថា នៅ​រសៀល​​​ថ្ងៃទី​២៦ ឧសភា កូន​ប្រុស​គាត់​ឈ្មោះ​​​រីម ឡៃម៉ាន អាយុ​៧ឆ្នាំ​ ទៅរៀន​​ជាមួយ​កូនស្រី​គាត់​ដែល​ត្រូវគេ​វាយ​​នោះ​នៅសាលា​​បឋម​សិក្សា​​ ម៉ាក់ប្រាង្គ​ ។ ​ពេល​នោះ​​កូន​ប្រុស​​គាត់​បាន​ឈ្លោះគ្នា​ជាមួយ​ក្មេង​​ប្រុស​​​​រៀន​ថ្នាក់ ​ជាមួយ​គ្នា អាយុ​ស្របាលគ្នា​តែបន្តិច​បន្តួច​ទេ​នៅ​សាលា​​​​ដោយ​សារ​នៅ​ថ្ងៃនោះ​​ គ្រូមិនបាន​មក​​បង្រៀន​​ រីឯ​រូប​គាត់​​​ក៏ពុំ​​បាន​នៅផ្ទះ​​​ដែររវល់​​ទៅ​ចម្ការ​​ ។​
​ស្ត្រីជាម្តាយ​បន្ត​ទៀតថា ក្រោយ​ពេល​កូន​គាត់​​ទាំងពីរ​​នាក់​​បងប្អូន​មក​ដល់​ផ្ទះ​មួយ​សន្ទុះ​​ ស្រាប់​​តែបងៗរបស់​កុមារ​ដែល​​ឈ្លោះ​គ្នា​ជា​មួយ​​កូន​គាត់​​មក​តាម​​រកកូន​ ប្រុស​​គាត់​ ។ ពេល​​នោះ​​កូន​ប្រុស​គាត់​ពុំ​បាន​ជួប​នឹងអ្នក​ដែល​មករក​ទេ ពីព្រោះ​កំពុង​នៅ​ឯផ្ទះ​​ជីដូន ។ ពេល​ពួកគេ​មក​ដល់​ផ្ទះ​​គាត់​បាន​​ស្រែក​​សួរ​រកកូន​​ប្រុស​គាត់​​​តែដោយ​​ មិន​ឃើញ​ប្អូន​ប្រុស ​កូនស្រី​គាត់​ជា​បងក៏​បាន​ចុះពីលើផ្ទះ​មកជួប​​ ក៏ត្រូវ​ពួក​គេ​ចាប់​អូស​ដៃតាំងពីលើ​កាំជណ្តើរ​​ទាញ​ចុះ​មក​ដី​ រួច​ម្នាក់​​ចាប់​ដៃ​ជាប់​ទុក​ឱ្យម្នាក់​ឈ្មោះ​ស៊ូ ឡៃម៉ាន ភេទ​ប្រុស អាយុ​​​២៥ឆ្នាំ ជាបងប្រុស​​​​របស់​ក្មេង​ដែល​ឈ្លោះ​ជាមួយ​កូន​​ប្រុស​គាត់វាយ​មក​​លើកូន​ ស្រី​​​​​​​គាត់​តាម​ចិត្ត​ ។ ពេល​​នោះ​កូន​ស្រី​​គាត់​ម្នាក់​ទៀត​ឈ្មោះ​​រីម រូហានី អាយុ​១៨ឆ្នាំ មាន​ប្តី​និង​មាន​ផ្ទៃ៤​ខែ​ផងនោះ​ បាន​រត់​ទៅ​ឃាត់​កុំ​ឱ្យ​ពួកគេ​វាយ​ធ្វើ​បាប​​ប្អូន​​ ក៏ត្រូវពួកគេ​វាយ​ឱ្យ​របួស​យ៉ាង​ដំណំ​ថែមទៀត ធ្វើ​ឱ្យ​​កូន​ស្រី​គាត់ចុក​ពោះ​ននៀល​នៅ​កន្លែង​កើត​ហេតុ ។  ក្រោយពី​​ព្រួត​​​វាយ​កូន​ស្រី​គាត់​អស់​ចិត្ត​​ហើយ​ពួកគេ​បាន​ឡើង​​​ជិះ​ ម៉ូតូ​ទៅផ្ទះ​បាត់ ។ 
ស្ត្រីជាម្តាយកុមារី​​រងគ្រោះ​បាន​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៣​និង​៣៥​នាទី​​រសៀល​ ​រូប​គាត់​បាន​ត្រឡប់​​មក​ពី​ចម្ការវិញ​ឃើញ​​កូន​ស្រី​គាត់​ទាំង២​ នាក់បងប្អូន​យំ​ដោយ​ការឈឺ​ចុក​ចាប់​ ហើយ​​អ្នក​ជិត​ខាង​​​បាន​ប្រាប់​​ពីដំណើររឿង​​ដូចខាង​លើ​ទើប​គាត់​ទៅ​ប្តឹង​ ប៉ូលិស​​ប៉ុស្តិ៍​​រដ្ឋ​បាល​​​ឃុំ​កំពង់​ក្រែង​។ ពេល​នោះ​​​ប៉ូលិស​ក៏​បាន​ទៅ​​ហៅ​ភាគី​ដៃដល់​មក​សួរនាំ​ដើម្បី​សម្រួល​គ្នា​​ បញ្ចប់​រឿងតែគាត់​​ជាម្តាយ​មិនព្រម​​​សម្រួលជា​មួយភាគី​ជន​ដៃដល់​ឡើយ គឺ​ទុក​ឱ្យ​ច្បាប់​ជួយ​រកយុត្តិធម៌​​ដល់កូន​ស្រី​គាត់​ទាំងពីរ​នាក់​ដែល​ រងគ្រោះ​​ដោយ​គេព្រួត​គ្នា​វាយ​នោះ ។
លោកអនុសេនីយ៍​​ទោ​លាង​ ស៊ុយ​ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​កំពង់​ក្រែង​បាន​ឱ្យ​​កោះសន្តិភាព​ដឹង​ តាមទូរស័ព្ទ​​កាលពី​រសៀល​​ថ្ងៃទី​២៧ ឧសភា កន្លង​មក​នេះ​ថា ក្រោយ​ពីទទួល​ពាក្យ​បណ្តឹង​ពីគ្រួសារ​​ស្ត្រីនិង​កុមារីរងគ្រោះ ​ភាគី​ចុង​ចោទ​បាន​បដិសេធ​ថា ខ្លួន​ពុំ​បាន​វាយ​កុមារីនិងស្ត្រី​មានផ្ទៃពោះ​ទេ គឺក្មេង​​៤នាក់​ជាអ្នក​វាយ ​ហើយ​បាន​សុំ​ឱ្យ​ប៉ូលិស​ជួយ​សម្រួល​​បង់​ថ្លៃព្យាបាល ​តែភាគីជនរងគ្រោះ​មិនព្រមដោយ​សុំ​ឱ្យ​បញ្ជូន​​ទៅ​សមត្ថ​កិច្ច​ថ្នាក់​លើ​​ ដើម្បី​ផ្តន្ទាទោស​​ឱ្យ​សមនឹង​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ។ លោកមេប៉ុស្តិ៍​បន្ត​ទៀត​ថា លោក​នឹង​កសាង​​​​សំណុំ​​រឿង​​បញ្ជូន​​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ ខេត្ត​ដើម្បី​ចាត់​ការ​បន្ត។ ទោះបីជាបែបណា ព័ត៌​មាន​ចុង​ក្រោយ​ពីមេប៉ុស្តិ៍​ ​បាន​ឱ្យដឹងថា មាន​ចាស់ទុំ​ខាង​ខ្មែរ​អ៊ិស្លាម​បាន​​ហៅភាគីទាំង២​ផ្សះផ្សាគ្នា​​បញ្ចប់​រឿង ​ ពីព្រោះ​ជាជនខ្មែរអ៊ិស្លាម​ដូចគ្នា​៕​

ไม่มีความคิดเห็น:

แสดงความคิดเห็น