​ឃើញ​អ្នក​មេម៉ាយ​រូប​ស្អាត​អាត្មា​ជួយ​លុយ​រហូត លុះ​ដល់​អ្នក​មេម៉ាយ​រៀបការ​អាត្មា​ទារ​លុយវិញ

ប្តី​​ប្រពន្ធ​មួយគូនេះ ត្រូវព្រះសង្ឃ ​ប្តឹង​​ទារលុយ​
​ 
  ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៧:៥១
ក្រុងប៉ោយ​ប៉ែត ៖ ​រឿង​​ក្តី​មួយ​ស្ទើរ​តែ​​​មិន​គួរ​ឱ្យ​ជឿ​​ ខណៈ​ដែល​ភាគី​​ម្ខាង​ជាស្ត្រី​ភេទ ​និង​ម្ខាងជា​សង្ឃ​ ព្រោះ​តែ​ពាក់ព័ន្ធ​រឿង​លុយ ។ ​ភាគី​ដើម​បណ្តឹង​​គឺជា​​សង្ឃ​​បាន​ប្តឹង​ភាគី​​ស្ត្រី​ទារ​លុយ​វិញ​ជាង​ ១ពាន់​​ដុល្លារ​ដោយសំអាង​ថា ​ជា​លុយ​​ជំពាក់​​ តែភាគីស្ត្រី​​អះ​អា​ង​ថា ​ជា​លុយ​ដែល​ឱ្យ​មិន​មែន​​ជា​លុយ​ខ្ចីទេ ។​

ភាគី​សង្ឃ​​នាម​សាំង ​អៀង ​ព្រះជន្ម​​៣៩​​ឆ្នាំ ​គង់​នៅវត្ត​ប្រជាធម្ម​ត្រ័យ ​ស្ថិត​ក្នុង​ភូមិ​ប្រជា​​ធម្ម​​សង្កាត់​ប៉ោយប៉ែត ឯភាគី​​ស្ត្រី​ឈ្មោះ​ហ៊ាង ស្រី​ពៅ អាយុ​៣៣ឆ្នាំ​​ ​​ជា​អាជីវករ​លក់​ខោ​អាវ​​ នៅ​ផ្សារ​លុង​ក្លឿទឹក​ដី​សៀម​មានទីលំនៅ​ក្នុង​ភូមិ​ប្រជាធម្ម​ សង្កាត់​ប៉ោយ​ប៉ែត ។
ភាគី​​​សង្ឃ​ជាដើមបណ្តឹង​​ឱ្យដឹងថា នាង​ស្រី​​ពៅបានខ្ចី​លុយ​ព្រះ​អង្គជាង​១ពាន់​ដុល្លារ ​ដោយ​ថា យកទៅ​រកស៊ី​ ប៉ុន្តែពេល​ព្រះអង្គត្រូវ​​ការ​លុយ​​វិញ​ បែរជា​​​បដិសេធ​ថា ​មិនបាន​​ខ្ចី​ទៅ​វិញទាំងឪពុក​ទាំង​កូន ។ ម្យ៉ាង​ស្ត្រី​នោះ​​ដេញ​ឱ្យ​ទៅប្តឹង​ទើបព្រះអង្គ​ប្តឹង​ទៅ​​ប៉ុសិ៍្ត​​ ប៉ូលិស​​រដ្ឋ​បាល​សង្កាត់​ប៉ោយ​ប៉ែត​ ដើម្បី​ទារលុយ​វិញ​​ជាង​១ពាន់​ដុល្លារ កាលពី​ចុង​ខែ​មេសា ២០១១ ។ ​ការ​ប្តឹង​នោះព្រះ​អង្គ​​បានដកពាក្យបណ្តឹង​វិញ​ហើយ​កាលពី​ថ្ងៃទី​១ ឧសភា ដោយគិត​ថា ​បើ​ភាគី​ស្ត្រី​នោះ​មិនសង​​ក៏​ហី​ទៅចុះ ចាត់​ទុក​ជា​កម្ម​ពៀរ​សង​គ្នា​ពីអតីតជាតិ​ ។
​ចំណែកស្រ្តី​ឈ្មោះ​ហ៊ាង ស្រីពៅ បាន​បំភ្លឺថា ពិត​ជា​មានការ​ប្តឹង​ពីព្រះសង្ឃ​​​អង្គនោះ​​មែន​​ទារលុយ​ពីនាង​កាលពីពេល​ ថ្មីៗនេះ ប៉ុន្តែ​នាង​ថា ការប្តឹង​ទារ​លុយ​នោះ​ជា​រឿង​​មិនសម​ទាល់តែ​សោះ ដោយ​សង្ឃ​អង្គនោះឱ្យនាង​ចាយបន្ត​បន្ទាប់​៤ឆ្នាំមកហើយ មិនដែលគិត​ថា ជាលុយ​ឱ្យ​​ខ្ចី​ទេ ​​។
ស្ត្រី​រូបនេះ​បន្ត​ថា នាង​មិន​មែនអ្នក​​បោក​​ទេ ផ្ទុយ​ទៅ​វិញសង្ឃ​អង្គ​នោះ​ទេ ជាអ្នកបោក​នាង​ព្រោះ​កន្លងមកពេល​មាន​បុរស​ម្នាក់​ចូលស្តី​​ដណ្តឹង​នាង សង្ឃ​អង្គ​នោះ​តែង​តែ​ប្រើគ្រប់​រូប​ភាព​មិន​ឱ្យ​​គេ​ចូលដណ្តឹង​នាងទេ ។ ​រឿង​ដែល​​គួរឱ្យចាប់​អារម្មណ៍​​មួយទៀត​គឺ​នៅយប់​ថ្ងៃ​ទី៣ ឧសភា ​មុន​ថ្ងៃ​ដែល​នាង​រៀបការ ​សង្ឃ​អង្គនោះ​ទាក់​ទង​នាង​តាម​ទូរ​ស័ព្ទ​​ថា «បើ​អាច​​ទៅ​រួច​ទៅ​ឱ្យ​ហើយ​ទៅ​ បើ​ចាំ​រៀបការ​រួច​ដោះ​ខ្លួន​មិន​រួច​ទេ» ។ មិន​តែ​ប៉ុណ្ណោះ នៅព្រឹក​ថ្ងៃទី៤ ឧសភា ​សង្ឃ​អង្គនោះ​ថែម​ទាំង​ឱ្យ​អ្នក​រត់ម៉ូតូឌុប​យក​លុយ​ឱ្យ​នាង​ចំនួន១០ម៉ឺន​ រៀល ដើម្បី​ទិញ​សំបុត្រ​​​រថយន្ត​ជិះ​ទៅស្រុកទៀតផង​ ហើយ​​ម្តាយ​​របស់​សង្ឃ​នេះ​បាន​ទូរស័ព្ទ​​សួរ​នាងថា «ដល់ណា​ហើយ» ហាក់​ដូច​ជា​ចង់ពង្វៀង​​នាង​មិន​ឱ្យ​រៀបការ ។
​​ស្ត្រី​រូបនេះ​ប្រាប់ថា កន្លង​មក ​នាង​តែង​តែ​ប្រាប់​សង្ឃ​អង្គ​នោះ​​ថា បើ​​ស្រឡាញ់​​នាង​សឹក​ទៅ​ ហើយចូលដល់ឪពុក​ម្តាយ​​​​ គឺ​នាង​នឹង​ទទួល​ ប៉ុន្តែ​​សង្ឃ​អង្គនោះមិនព្រមទេ​​ ។ លុះ​ដឹង​ថា នាង​ជិត​រៀបការ​ ស្រាប់​តែសង្ឃ​នោះ ​ប្តឹង​ទារ​លុយ​​ដែល​ឱ្យ​នាង​ចាយ​ទាក់​​ចិត្ត​កន្លង​មក ​ទើប​នាង​ដឹង​ការ​ពិតថា ​សង្ឃ​នោះ​លួច​​ស្រឡាញ់​នាង ។
នាង​ហ៊ាន​ ស្រីពៅ បានរៀប​ការ​ជាមួយ​បុរស​​ឈ្មោះ​នៅ សុវណ្ណ ​អាយុ​៣៧​ឆ្នាំ នៅថ្ងៃទី​៧ ឧសភា ​។ បុរសជាប្តី​បានប្រាប់ថា ​មុនថ្ងៃ​រៀប​​ការ​ដោយសារ​ការប្តឹង​​របស់​សង្ឃនោះ​ធ្វើ​ឱ្យ​​លោក​ និងប្រពន្ធ​ខ្មាស​គេ​ ហើយក៏​បាន​​ខាត​បង់​ពេលវេលា​ជាច្រើន​ ដោយ​សារ​តែ​ត្រូវ​ចំណាយ​ពេល​រត់​ការ​រឿងនោះ ។
ប្តី​​ប្រពន្ធ​ ប្រាប់​ថា​​ថ្មីៗ​នេះ​ពួកគេ បាននាំគ្នាទៅប្តឹង​​អង្គ​ការ​មួយ​ ដើម្បី​ឱ្យ​ជួយ​រកយុត្តិធម៌​​ ។ សូមបញ្ជាក់​ថា នាង​ហ៊ាង ស្រីពៅ ​មុនពេល​រៀបការ​​​ជា​ស្ត្រី​មេម៉ាយ​​កូន២ ។ ចំណែក​​សង្ឃ​ដើម​បណ្តឹង​មានសង្ឃ​ដីកា​ថា ការឱ្យ​ខ្ចី​លុយ​គឺ​ដោយ​សារ​យល់​ថា នាង​ស្រីពៅជា​អ្នកស្រុក​នៅ​ខេត្តព្រៃវែង​ដូចគ្នា ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น