ការសម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​២០១១​ត្រូវ​បាន​បញ្ចប់

2011-05-28
សម​យុទ្ធ​យោធា​ជា​លក្ខណៈ​ពហុ​ជាតិ​ឈ្មោះ​ថា ឆ្មាំ​អង្គរ​២០១១ (Angkor Sentinel) ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក បាន​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​សុក្រ ទី​២៧ ឧសភា នេះ។


ទាហាន​ពហុ​ជាតិ​សាសន៍​គោរព​ទង់ជាតិ ក្នុង​ពិធី​បិទ​លំហាត់​សម​យុទ្ធ​យោធា​ពហុជាតិ​សាសន៍ នៅ​សាលា​ហ្វឹកហ្វឺន​សម្រាប់​កម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ នៅ​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១១។
ឧត្ដមសេនីយ៍​យោធា​កម្ពុជា បាន​ថ្លែង​ក្នុង​ឱកាស​
បិទ​លំហាត់​សម​យុទ្ធ​ពហុជាតិ​លើក​ទី​២ ឆ្មាំ​អង្គរ ឆ្នាំ​២០១១ នៅ​ឯ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា សម​យុទ្ធ​ដែល​សហការ​រៀបចំ​ដោយ​កម្ពុជា និង​សហរដ្ឋ​អាមេរិក បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ទប់​ទល់​នឹង​សត្រូវ​ឈ្លានពាន។
អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក​ឧត្ដមសេនីយ៍ ប៉ុល សារឿន មាន​ប្រសាសន៍​ថា សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ ឆ្នាំ​២០១១ ឆ្លុះ​បញ្ចាំង​នូវ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ធំ មហាអំណាច និង​ប្រទេស​តូច​ដែល​កំពុង​តែ​អភិវឌ្ឍន៍ បង្ហាញ​នូវ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ដែល​សហគមន៍​អន្តរជាតិ​គាំទ្រ និង​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ការ​ហ្វឹកហ្វឺន ហើយ​លើស​ពី​នេះ​គឺ​វា​បាន​ជួយ​បង្កើន​សមត្ថភាព​វិស័យ​យោធា​របស់​កម្ពុជា។
លោក ប៉ុល សារឿន ថ្លែង​បន្ត ៖ «សកម្មភាព​ទាំង​នេះ​ជា​នយោបាយ​មួយ​ដែល​ផ្ដល់​ការ​លើក​ទឹកចិត្ត​យ៉ាង​ ក្លៀវក្លា​ដល់​កងទ័ព​កម្ពុជា ឆ្លើយ​តប​នឹង​មហិច្ឆតា និង​អាទិភាព​របស់​ប្រទេស​ជិតខាង​ដែល​មាន​បំណង​មក​លើ​ទឹក​ដី និង​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា»
មេបញ្ជាការ​មក​ពី​បញ្ជា​ការដ្ឋាន​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ អាស៊ី​ប៉ាស៊ីហ្វិក លោក​ឧត្ដមសេនីយ៍ត្រី អាឡិកសាន់ដឺ ខហ្សឡូវ (Alexander Kozlov) ថ្លែង​អំណរគុណ​ដល់​កម្ពុជា ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​សម​យុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១១ ហើយ​ថា ការ​គាំ​ទ្រ​របស់​កម្ពុជា​ដល់​ប្រតិបត្តិការ​រក្សា​សន្តិភាព​នៃ​អង្គការ​ សហប្រជាជាតិ បាន​ជួយ​ឲ្យ​មាន​ស្ថិរភាព​នៅ​ប្រទេស​ឆាត អាហ្វ្រិក​កណ្ដាល ស៊ូដង់ និង​លីបង់។
លោក​មាន​ប្រសាសន៍​បន្ត ៖ "ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​របស់​លំហាត់​ ហ្វឹកហ្វឺន​ឆ្មាំ​អង្គរ​បាន​គូស​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​នូវ​ទំនាក់ទំនង​ដ៏​ យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក និង​កម្ពុជា​ជា​មិត្ត​ជិតស្និទ្ធ ហើយ​និង​ជា​ដៃគូ​នៅ​អាស៊ី។ លំហាត់​នេះ​បាន​បង្ហាញ​នូវ​ឱកាស​ដ៏​អស្ចារ្យ​មួយ​ចំពោះ​កងទ័ព​នៃ​សហរដ្ឋ​ អាមេរិក​ដែល​បាន​ធ្វើការ​ជាមួយ និង​កង​យោធពល​ខេមរភូមិន្ទ"
កម្ពុជា និង​សហរដ្ឋ​អាមេរិក​បាន​សហការ​ធ្វើ​សម​យុទ្ធ​យោធា​រួមគ្នា​ជា​លក្ខណៈ​ ពហុជាតិ​ឈ្មោះ​ថា ឆ្មាំ​អង្គរ​ចំនួន​ពីរ​លើក​មក​ហើយ ដែល​ដៃ​គូ​សហការ​អះអាង​ថា ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោទនៈ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น