អ្នក​ទៅ​កំសាន្ត​នៅ​មាត់​សមុទ្រ​រយៈ​​ពេល​៣ថ្ងៃកើន​ឡើង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ និង​ទំនិញ​ឡើង​ថ្លៃ​កប់​ពពក​

ខេត្ត​ព្រះ​សីហនុ​ ៖​ ភ្ញៀវ​ទេស​ចរ​ប្រមាណ​៦០.០០០​ម៉ឺន​នាក់​ជាចំនួន​ច្រើន​ជាង​ថ្ងៃ​បុណ្យ​ចូល​ ឆ្នាំ​ប្រពៃណី​ជាតិ​ទៅ​ទៀត​ បាន​សំរុក​ចូល​កំសាន្ត​នៅ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​សីហនុ​នា​ឱកាស​បុណ្យ​ ចម្រើន​ព្រះ​ជន្ម​​ព្រះ​ករុណា​សម្តេច​ព្រះ​បរមនាថ​ នរោ​ត្តម​ សីហមុនី ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ឆ្នាំ​២០១១​នេះ​។ អ្នក​ទេស​ចរ​មក​ពី​រាជ​ធានី​ភ្នំពេញ​​ឱ្យ​ដឹង​ថា ការ​​មក​កំសាន្ត​នៅ​ទី​នេះគាត់​សប្បាយ​រីក​រាយ​ណាស់ ព្រោះ​តែ​ទេស​ភាព និង​មាន​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ ហើយ​គាត់​នឹង​ស្នាក់​នៅ​​រយៈ​ពេល​២​ថ្ងៃ​ទៀត​ ព្រោះ​ការ​ឈប់​សំរាក​នា​ឱកាស​នេះ​មាន​រយៈ​ពេល​យូរ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​នោះ គឺ​តម្លៃ​កន្លែង​អង្គុយ​ឡើង​ថ្លៃ​ខ្ពស់​កប់​ពពក​ ដូច​ជា​សម្រាប់​តុ​មួយ​មាន​តម្លៃ​ពី​៣០​ទៅ​៤០​ដុល្លារ​។
ធ្វើ​បែប​នេះ​​ហាក់​បី​ដូច​ជា​យក​ភ្ញៀវ​ទេស​ចរ​ធ្វើ​ ជា​ចំណាប់​ខ្មាំងទេសចរណ៍ ដើម្បី​​ជម្រិត​ទារ​ប្រាក់​​អ៊ីចឹង ។ ការ​​ឆក់​ឱកាស​បែប​នេះ​អាជ្ញា​ធរ​គ្រប់ជាន់​ថ្នាក់​គួរ​តែ​ណែ​នាំ​ដល់​ អាជីវករ​ដែល​ប្រកប​មុខ​របរ​​លក់​ដូរ​​តាម​ឆ្នេរ​សមុទ្រ​ផង​ ធ្វើ​​យ៉ាង​ណា ឱ្យ​ពួកគេ​​​អនុវត្ត​​​ការ​លក់​​​ដូរ​សុចរិត ដើម្បី​​​រក្សា​​ទំនុកចិត្ត​​ពីភ្ញៀវ​ទេសចរណ៍​ បើ​មិន​ដូច្នេះ​ទេ ​ភ្ញៀវ​នឹង​រត់​ចោលជា​មិនខាន ព្រោះ​គេខ្លាច​​រអា ចំពោះ​ការឡើង​​ថ្លៃ​ទំនិញ​ដូច​កាប់ឆៅ ឬ​កោរ​មិន​​ដាក់ទឹក​បែបនេះ​។ មិន​តែ ប៉ុណ្ណោះ លំហូរ​ទេស​ចរណ៍​នៅ​ខេត្ត​មួយ​នេះ​នឹង​ត្រូវ​ថយ​ ឬ​បាត់​បង់​ជាក់​ជា​ពុំ​ខាន​។
​លោក​សោម ចិន្តា​ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​ឱ្យ​ដឹង​ថា ​ឱកាស​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រ​​នា​ឆ្នាំ​២០១១​នេះ មន្ត្រី​រាជ​ការ និង​​ប្រជា​ពល​រដ្ឋ​​កម្ពុជា​បាន​សម្រាក​រយៈ​​ពេល​យូរ​ថ្ងៃ​ជា​ហេតុ​ធ្វើ​ ឱ្យ​មាន​ពេល​ដើរ​កំសាន្ត​ រី​ឯ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ​មាន​ភ្ញៀវ​ទេស​ចរ​ទៅកំសាន្ត​​នៅ​ មាត់​សមុទ្រ​មាន​ចំនួន​តិច​ជាង​ ព្រោះ​តាម​ប្រពៃ​ណី​ខ្មែរ​យើង​ឱ្យ​តែ​ដល់​ពេល​បុណ្យ​ចូល​ឆ្នាំ​តែង​តែ​ធ្វើ​ ដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ​ច្រើន​ជាង​ដើរ​កំសាន្ត​ ដូច្នេះ​មិន​សូវ​មាន​ពេល​វេលា​សម្រាប់​ដើរ​លេង​នោះ​ទេ​។ លោក​ឱ្យ​ដឹង​ថា ​ក្នុង​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ ព្រះ​មហា​ក្សត្រ​នេះ​មាន​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ប្រមាណពី​៦០.០០០​ទៅ ៧០.០០០​មឺុន​នាក់​គឺ​មាន​ការ​កើន​ឡើង​បើ​ធ្វើ​ការ​ប្រៀប​ធៀប​ទៅ​នឹង​ពិធី​ បុណ្យ​នេះ​កាល​ពី​ឆ្នាំ​២០១០​។
លោក​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ដដែល​បាន​សំណូម​ពរ​ ដល់​ម្ចាស់​ផ្ទះ​សំណាក់​ សណ្ឋា​គារ​ និង​អាជីវ​ករ​លក់​ដូរ​នៅ ក្នុង​ក្រុង​ព្រះ​សីហនុ​​ឱ្យ​សហ​ការ​ជាមួយ​អាជ្ញា​ធរ​ដែន​ដី​ដើម្បី​រក្សា​ វិស័យ​ទេស​ចរណ៍​នៅ​ខេត្ត​ព្រះ​សីហនុ​ឱ្យ​កាន់​តែ​រឹង​មាំ​ឡើង​។ លើស​នេះ​ទៀត​សំណូម​ពរ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ឱ្យ​ជួយ​រក្សា​អត្ត​សញ្ញាណ​ ជាតិ​ និង​ជួយ​ថែ​រក្សា​អនា​ម័យ​នៅ​តាម​ទី​តាំង​រម​ណីយ​ដ្ឋាន​ និង​កន្លែង​ទេស​ចរណ៍​នានា ​។ បញ្ហា​ទំនិញ​ឡើង​ថ្លៃ​កប់​ពពក​នៅ​តែ​ជា​បញ្ហា​ចំបង​ដែលមិន​អាច​លុប​បំបាត់​ បាន​ឡើយ​។ ការ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត​របស់​អ្នក​លក់​ដូរ​នេះ​បាន​បង្ហាញ​ថា មិន​មាន​ការ​កែ​លំអ​ និង​មិន​ទាន់​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញា​ធរ​នៅ​ឡើយ​ទេ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น