ប្រជា​ពល​រដ្ឋ​​ពុះ​កញ្រ្ជោល​តវ៉ា​និង​ចោទ​ប្រកាន់​ថា ក្រុម​លោក​នួន មួន ​ប្រើ​ប្រាស់​ឯក​សារ​មិនប្រក្រតី​ក្នុង​ការ​ដណ្តើម​កាន់កាប់ដី

ប្រជាពល​រដ្ឋ​​​ជាង​៨០​គ្រួសារធ្វើការតវ៉ា​និង​ចោទ​ប្រកាន់​ថាថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៤:៣៥

ខេត្តបាត់ដំបង ៖ ​លោក​នួន មួន មេបញ្ជា​ការ​ផ្នែកសឹករង​ស្រុក​រតនមណ្ឌល ​និង​កូន​ចៅ​​ក្រោម​ឱវាទ​របស់គាត់​ប៉ុន្មាននាក់ទៀត​ដែល​កំពុង​មានវិវាទ​ដីធ្លី​ជាមួយ​ប្រជា​ពល​រដ្ឋ​​ ត្រូវ​គេ​សង្ស័យថាបាន​ប្រើប្រាស់​ឯក​សារមិនប្រក្រតី​ដាក់បង្ហាញ​​ជូនទៅក្រុម​អធិការ​​កិច្ចខេត្ត ​ក្នុងការ​ប៉ុនប៉ង​​ដណ្តើម​កាន់កាប់​
ដីចំការ​ដែល​មាន​ទំហំ​​ជាង​២០០ហិកតា ​ពីប្រជាពល​រដ្ឋ​​​ជាង​៨០​គ្រួសារ ​​នៅចំណុច​​​ភ្នំស្រង់​តូច ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​​ឃុំត្រែង​ ស្រុក​រតនមណ្ឌល​ ដែល​កសិករ​ទាំងនេះសុទ្ធ​តែ​​មានប័ណ្ណ​កាន់​កាប់ដី​ស្រប​ច្បាប់​រួច​ទៅ​ហើយ ។

​ជួប​ជាមួយ​អ្នក​សារព័ត៌​មាន​ និង​សមា​គម ​ការពារសិទ្ធិ​មនុស្ស​ «​អាដហុក» ​លោកនួន មួន មេបញ្ជា​ការ​ផ្នែកសឹក​​រងស្រុក​រតនមណ្ឌល​​បាន​ប្រាប់ថា ​ដីទំហំ​៦០០ហិកតា​​ដែល​ស្ថិត​នៅ​តំបន់​ភ្នំស្រង់តូច ​ក្នុងឃុំត្រែង ​ត្រូវបាន​លោក​បែង​ចែក​​ទៅ​ឱ្យ​មន្ត្រីយោធា​ក្រោម​ឱវាទ មន្ត្រី​រាជ​ការ​ និងប្រជាពលរដ្ឋ​​មួយចំនួន​ក្នុង​ស្រុករតនមណ្ឌល ​​ក្នុងមួយ​គ្រួសារចំនួន៥ហិកតា ​ក្រោយ​ពី​​រូប​លោក​ស្នើ​សុំ​ដីព្រៃ​ទាំងនេះបានពីអាជ្ញា​ធរ​ស្រុក កាលពី​ឆ្នាំ​១៩៩៦ ។ លោក​និយាយ​ថា មនុស្ស​ចំនួន​១៤៨​នាក់ ​​​ទទួលបាន​ដី​នេះ ប៉ុន្តែ​ភាគ​ច្រើន​ពួកគេ​បាន​​លក់​បន្ត​ទៅ​ឱ្យ​ក្រុមហ៊ុន​ដាំដើម​កៅ​ស៊ូក្នុងអំឡុង​ឆ្នាំ២០០៥ ហើយ​នៅ​សល់​ប្រហែល​ជិត​២០០​ហិកតា ​ដែល​​មាន​ម្ចាស់​កាន់​កាប់​ស្របច្បាប់​ទៅ​ហើយ បែរ​ជា​មានប្រជាពល​រដ្ឋ​​​ចំនួន​៨៤​គ្រួសារ ​ទៅ​រំលោភ​​បំពាន​យក​ក្នុង​​អំឡុង​ឆ្នាំ​២០០០ ។ ​លោកមេបញ្ជា​ការ​​រូបនេះ បញ្ជាក់​ថា ​មន្ត្រី​យោធា មន្ត្រី​រាជការ និងប្រជា​ពលរដ្ឋ​​ចំនួន១៤៨​នាក់ ដែល​ទទួល​បាន​ការ​បែង​ចែក​ដីនេះ សុទ្ធតែ​មាន​ឈ្មោះ​ និង​ស្នាម​េម​ដៃ​ត្រឹមត្រូវ ។

​នៅ​ក្នុង​ពាក្យស្នើសុំ​ដី​បង្ក​បង្កើន​ផល​ចំនួន​៦០០​ហិកតា ​របស់​លោក​នួន មួន សម្រាប់​គ្រួសារ​កងទ័ពក្នុងអង្គ​ភាព​របស់​លោក ​គោរព​ជូន​លោក​អភិបាល​ខេត្តចុះ​ថ្ងៃទី១ មករា​ ឆ្នាំ១៩៩៦ ​តាមរយៈ​លោកមេឃុំ​ត្រែង និង​លោកអភិបាល​​ស្រុករតនមណ្ឌល​ គេមិន​ឃើញ​មាន​ចំណារ​ឯក​​ភាព​ពី​អាជ្ញា​ធរ​ខេត្ត​ដែលបញ្ជាក់​​ថា ​បានប្រគល់​ដី​ត្រង់ចំណុច​ណា​​មួយ​ឱ្យ​ទៅ​តាមការ​​ស្នើ​សុំ​របស់​លោក​នួន មួន នោះទេ ​រហូត​មក​ដល់ពេលនេះ ​។ ផ្ទុយ​ទៅវិញ ​នៅ​លើពាក្យ​ស្នើ​សុំដីនោះ មានតែ​ចំណារ​​បញ្ជាក់ពីមេឃុំ​ត្រែង​​​លោកឆឹង យី បញ្ជូន​បន្ត​​មក​លោក​អភិ​បាល​ស្រុក ដើម្បី​ពិនិត្យ​ ហើយ​លោកប្រាក់ សន់ ​អភិ​បាល​រងស្រុក​នាសម័យ​នោះបាន​ចារ​បញ្ជូន​បន្ត​ទៅ​​លោក​អភិបាល​ខេត្ត​ ដើម្បី​​សុំយោ​បល់​​​សម្រេច​តែប៉ុណ្ណោះ ។ ដូច្នេះ​មិន​មាន​ខ្លឹម​សារ​​បន្តិច​ណា​ដែល​ថា អាជ្ញា​ធរ​ឃុំ ស្រុក ឬ​ខេត្ត​យល់​ព្រមប្រគល់ដី​៦០០​ហិកតា ​ទៅ​ឱ្យ​​លោក​នួន ​មួន យក​ទៅ​ចែក​​គ្រួសារ​​កង​ទ័ព​របស់គាត់​នោះទេ ​ប៉ុន្តែ​លោក​​នួន មួន ​បែរ​ជា​​ទៅ​វាស់ដី​​ទាំង​នោះ​ចែក​រំលែក​​ដល់​មនុស្ស​​​ចំនួន​១៤៨​នាក់ ​ដែលគាត់អះ​អាង​ថា ​ជា​គ្រួសារ​​កងទ័ព​​ មន្ត្រី​រាជ​ការ និងប្រជាពល​រដ្ឋ​ផង ​​មានឈ្មោះ​ និងស្នាម​មេ​ដៃ​​ច្បាស់លាស់​​ទៅ​វិញ ។

នៅក្នុង​បញ្ជី​​រាយ​នាម​​អ្នកទទួល​បានដី​ពី​លោក​នួន មួន ​ចំនួន​១៤៨នាក់ ភាគ​ច្រើន​ត្រូវ​គេ​រក​​ឃើញ​​ថា មិន​មែន​ជា​ស្នាមមេ​ដៃ​​របស់សាមី​ខ្លួន​ឡើយ ​ហើយសាមី​ខ្លួន​ខ្លះមិនបាន​ដឹង​ថា ​មាន​ឈ្មោះ​​ក្នុងបញ្ជី​​ទទួល​ដីរបស់លោកនួន មួន​ ទៀត​ផង ។ ​ជាក់ស្តែង​​ ដូច​ជា​មានឈ្មោះ​លោក​ប្រាក់ សន់ អតីត​​អភិបាល​រងស្រុករតន​មណ្ឌល លោកផន សុផល ​មេ​ឃុំ​​អណ្តើក​ហែប​បច្ចុប្បន្ន ​លោកសូត្រ ពក ​អតីត​ក្រុមប្រឹក្សាឃុំ​អណ្តើក​ហែប និង​លោក​មិត្ត ​អាន អតីត​យោ​ធា​ផ្នែក​​សឹក​រង​ស្រុកនេះ​ជាដើម ​។ ពួកគាត់​សុទ្ធ​តែ​​អះ​អាង​ថា ​មិន​ជាប់ពាក់ព័ន្ធ​​ក្នុងបញ្ជីឈ្មោះ​ទទួល​បាន​​ដីពី​លោកនួន​ មួន ឡើយ ។ មិន​តែប៉ុណ្ណោះ ​​ពួកគាត់​បានបង្ហាញ​​ស្នាម​មេដៃ​ដើម្បី​ផ្ទៀង​ផ្ទាត់ជាមួយ​ស្នាម​មេដៃ​​ក្នុង​​​បញ្ជី​រាយ​នាម​​នោះ​ទៀតផង ​និង​នៅមានឈ្មោះ​ជាច្រើន​ទៀតត្រូវគេ​លួច​ចុះ​ក្នុង​បញ្ជីនេះ ។

លោក​សូត្រ ​ពក អាយុ​៧០ឆ្នាំ បានប្រតិកម្ម ​ចំពោះការយកឈ្មោះ​​ និងបន្លំ​ស្នាម​មេដៃ​ចុះ​ក្នុង​បញ្ជី​ទទួលដី​មិនប្រក្រតី​​នេះ ។ លោក​និយាយ​ថា លោកមិន​ស្គាល់ដី​នៅ​តំបន់​ភ្នំស្រង់​តូចនោះ​ទេ ហើយ​លោក​នឹង​ធ្វើ​ការ​សើ​រើ​​បើ​សិន​ជា​ផ្ទុះ​រឿងធំ ។ ​រីឯ​លោក​ផន សុផល ​មេ​ឃុំ​អណ្តើក​ហែប ​បានឆ្លើយ​តប​ក្រោយពី​រូបលោក​បានពិនិត្យ ​ឈ្មោះ​​ និងស្នាម​​មេ​ដៃ​​ក្នុងបញ្ជី​រាយ​នាម​​នោះ​​រួច​ថា ជា​បញ្ជី​ឈ្មោះដែលធ្វើឡើង​ដោយ​មិន​ប្រក្រតី ។ លោក​មេឃុំ​​បានបញ្ជាក់ថា សូម្បីតែ​ម្តាយ​របស់​លោក​​ឈ្មោះ​ណម សន សព្វថ្ងៃ​​ជា​ដូនជីក៏​មានឈ្មោះ​ក្នុងបញ្ជី​ខ្មៅ​នេះដែរ ។ លោក​មិន​បានដឹង​ទាល់​តែសោះអំពីបញ្ហានេះ ។ ​លោក​ផន សុផល ​បាន​និយាយថា ​គេមិនគួរ​យក​ឈ្មោះ និង​បន្លំ​ស្នាម​មេដៃ​របស់​លោក​ធ្វើ​ឱ្យ​ប្រជាកសិករ​ទន់ខ្សោយ ​ទឹកភ្នែក​បែបនេះ​ទេ ។ ​លោក​មាន​ការ​​សោក​ស្តាយ​ចំពោះ​ទង្វើនេះ ហើយ​លោក​នឹង​ធ្វើ​ការ​បំភ្លឺ​ជុំ​វិញ​បញ្ហា​នេះ​ដែរ ។

​ជាមួយគ្នា​នេះ ​អតីត​​អភិបាល​​រង​ស្រុក​រតន​មណ្ឌល​លោកប្រាក់ សន់ ​ដែល​មានឈ្មោះ​ និង​ស្នាម​​មេ​ដៃ​ក្នុង​បញ្ជី​​ទទួល​ដីពីលោកនួន មួន​ នេះ ​ដែរ បាន​ព្រមានថា ​បើ​សំណុំ​​រឿង​របស់​លោក​នួន មួន ​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ពេលវេលា​ប្រកប​របរ​ទទួល​ទាន ឬរំខាន​ដល់​ក្រុមគ្រួសារ​​របស់​លោក ​នោះ​លោក​នឹង​ប្តឹង​ទៅ​​​តុលា​ការ​ពីបទ​ក្លែង​បន្លំ​​ពីព្រោះ​ពួកគេ​ហ៊ាន​​ប្រើ​ឈ្មោះ ​និងបន្លំ​ស្នាម​មេ​ដៃរបស់លោក​ទៅបោកប្រាស់​​រំលោភ​យកដី​ពី​ប្រជាពលរដ្ឋ​​ដែលមានប័ណ្ណ​​កាន់កាប់​ដីដោយ​ស្របច្បាប់ ។

ពាក់ព័ន្ធ​នឹងឯកសារ​ក្លែងបន្លំ​​ និងការមាន​ប្រតិ​កម្ម​ខាងលើនេះ ​លោក​នួន មួន បាន​សារ​ភាព​​​អំពី​កំហុសឆ្គង​​របស់ខ្លួន ។​​ លោកបាន​ប្រាប់​ថា លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំដីកាលពី​ឆ្នាំ​១៩៩៦ ​តែ​បាន​រៀបចំ​ធ្វើបញ្ជី​រាយ​នាម​អ្នក​សុំ​​កាន់​កាប់​ដី​នៅឆ្នាំ​២០០៥ ។ លោក​បានទទួល​ស្គាល់​ថា ស្នាម​មេ​ដៃ​​ភាគ​ច្រើន​ពិត​ជាមាន​អ្នក​ផ្តិត​​ជំនួស​​​មែន ព្រោះ​​កាលណោះ​សាមីខ្លួនម្នាក់ៗ​​ជាប់​រវល់ ​​ម្យ៉ាង​​យើង​ត្រូវការ​លក់ដី​មួយចំនួន​ទៅ​​ឱ្យ​​ក្រុមហ៊ុន​ដាំកៅ​ស៊ូ ដូច្នេះ​ហើយ​​ទើប​ធ្វើបែបនេះ។ ​ប៉ុន្តែ​​លោកនួន មួន បានបញ្ជាក់​ថា គ្មាន​អ្នក​ណា​ម្នាក់​ដែលមានឈ្មោះ​ហើយថា គ្មាន​ដីនោះទេ ប៉ុន្តែ​ពួកគេ​បាន​លក់​បន្ត​ ក្រោយពេល​​លោក​បែង​ចែក ។ ​ទោះជា​បែបណា ​រូបលោក​បាន​ដាក់​ឯកសារ​ទាំងនោះ​ទៅ​កាន់​អធិការ​​​កិច្ច​ខេត្ត​​ដើម្បី​​ពិនិត្យហើយ ។​

សូមបញ្ជាក់ថា ដោយសារ​តែ​ឯកសារ​​ក្លែង​បន្លំ​ទាំងនេះហើយ​ដែលនាំឱ្យ​លោកនួន មួន ​និងកូនចៅ​របស់គាត់​ប៉ុន្មាននាក់​កំពុង​ប្រឈ​មមុខ ​​ដាក់គ្នា​ជាមួយប្រជាពលរដ្ឋ​​ចំនួន​៨៤​គ្រួសារ​​ដែល​ពួកគាត់​​មានប័ណ្ណ​​កាន់​កាប់​ដីស្រប​ច្បាប់ ទទួលស្គាល់​ដោយអាជ្ញា​ធរ ។ លោក​យិន ម៉េង​លី មន្ត្រី​ស៊ើបអង្កេត​​សមា​គម​​អាដ​ហុក​ប្រចាំខេត្ត​​បាត់ដំបង-ប៉ៃលិន ដែល​បាន​​ចុះ​ស្រាវជ្រាវ​ករណី​​ខាង​លើ​បាន​ថ្លែង​ថា ​លោក​​អភិបាល​ខេត្ត ឬ​មន្ត្រី​អធិការ​កិច្ចគួរ​តែពិនិត្យ​​​លើ​ខ្លឹមសារ​នៃពាក្យ​សុំដី​របស់​លោកនួន មួន​​ ព្រោះ​​គ្មានតម្លៃ​​តាមផ្លូវ​​ច្បាប់​ទេ ។ រីឯ​ការក្លែងបន្លំ​ស្នាម​មេដៃ​​វា​ជាបទល្មើស​​ព្រហ្មទណ្ឌ ។​ លោកនិយាយថា ​ក្រុម​អធិការ​​កិច្ច គួរ​តែ​​ចុះ​ទៅ​ពិនិត្យ​ដោយផ្ទាល់​នៅតំបន់​ដី​ជម្លោះ ​ចៀស​វាង​ការ​អូសបន្លាយ​ពេលយូរ​ ព្រោះ​​អាច​បង្ក​ឱ្យ​​មាន​ភាពតានតឹង​​កាន់​តែខ្លាំង​​ ហើយបើ​ចាំបាច់​​សមាគម​​អាដហុក​រីក​រាយ​សហការ​ជាមួយ​​អាជ្ញា​ធរ​​ទាំងស្មារតី​ និងសំភារ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น