2011-05-28
អង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃ២៧ ឧសភា បានបដិសេធការចោទប្រកាន់ថា ខ្លួនបានជ្រៀតជ្រែកចូលក្នុងការស៊ើបអង្កេតរបស់តុលាការខ្មែរក្រហម ឬក៏ដាក់សម្ពាធទៅលើចៅក្រមស៊ើបអង្កេត។ការបដិសេធនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកតាមដានសាលាក្ដីខ្មែរ ក្រហមបានសម្ដែងក្ដីបារម្ភថា តុលាការនឹងបិទមិនដំណើរកាត់ទោសករណី ០០៣ និង ០០៤។
នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ កាលពីពេលថ្មីៗនេះបានលើកឡើងថា សកម្មភាពរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ដែលបានហាមឃាត់សហព្រះរាជអាជ្ញាអន្តរជាតិមិនឲ្យបញ្ចេញព័ត៌មាន ទាក់ទងនឹងករណី ០០៣ ជាការធ្វើសម្បទានទៅតាមការទាមទាររបស់រដ្ឋាភិបាលខ្មែរ ដោយធ្វើសកម្មភាពមិនឲ្យតុលាការខ្មែរក្រហមបន្តករណី ០០៣ បាន។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានព្រមានមិនឲ្យតុលាការខ្មែរក្រហមបន្តការកាត់ទោសលើសពី ករណី ០០១ និង ០០២ នោះទេ។
អ្នកនាំពាក្យអង្គការសហប្រជាជាតិមានប្រសាសន៍ថា អគ្គលេខាធិការអង្គការសហប្រជាជាតិមិនបានលូកដៃចូលកិច្ចការឯករាជ្យ តុលាការនោះទេ។ លោកបន្តថា អង្គការសហប្រជាជាតិគ្មានបានបញ្ជាអ្វីទាំងអស់ទាក់ទងនឹងករណី ០០៣ និង ០០៤៕
ไม่มีความคิดเห็น:
แสดงความคิดเห็น