ខេត្តពោធិ៍សាត់ ៖ រយៈពេល២ថ្ងៃកន្លងមកនេះ មានការភ្ញាក់ផ្អើលពីរឿងជីកកំណប់មាសដោយជនមកពីចម្ងាយមួយក្រុម ប៉ុន្តែបានផ្អាកសកម្មភាពទៅវិញ ដោយសារតែសមត្ថកិច្ចដឹងទៅទប់ស្កាត់ ព្រោះពុំបានសុំច្បាប់ពីអាជ្ញាធរដែនដី ។ កន្លែងជីកកំណប់នោះនៅម្តុំភ្នំដាក់ព្រះ ស្ថិតក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ដែលពាក្យចចាមអារ៉ាមថា មានមាសរាប់សិបគីឡូក្រាម គេដាក់ក្នុងកេសគ្រាប់ជាច្រើនកប់ក្នុងព្រៃទីនោះកាលពីសម័យប៉ុល ពត ។
នៅថ្ងៃទី១៧ ឧសភា អភិបាលខេត្តបានបង្កើតគណៈកម្មការមួយដែលមានលោកម៉ក់ រ៉ា អភិបាលរងខេត្តជាប្រធាន លោកឆាយ ម៉ាទីណាល់ អភិបាលក្រុងពោធិ៍សាត់ ជាអនុប្រធាននាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាល ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត និងប្រធានសាខាធនាគារជាតិខេត្តជាសមាជិក ។
លោកខូយ សុខា អភិបាលខេត្តមានប្រសាសន៍ថា បាតុភាពបានកើតឡើងទៅ ហើយបើយើងមិនបន្តធ្វើឱ្យឃើញការពិតទេ ទីនោះនឹងក្លាយជាកន្លែងបង្ហូរឈាមដាក់គ្នា ព្រោះតែដណ្តើមកំណប់ ។ ដូច្នេះហើយទើបថ្នាក់លើឱ្យបង្កើតគណៈកម្មការ ដើម្បីជីកំណប់នោះ ។ បើសិនជាឃើញមានកំណប់មែន ទោះបីមានចំនួនប៉ុន្មានក៏ដោយ យើងត្រូវការពារវេចខ្ចប់ដឹកជញ្ជូនធានាសុវត្ថិភាពយកទៅប្រគល់ជូនរាជ រដ្ឋាភិបាល ធនាគារជាតិ ឬក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គឺពុំមានអ្នកណាម្នាក់មានសិទ្ធិបានទទួលចំណែកឡើយ ។ បើសិនជាគ្មានកំណប់វិញ យើងប្រកាសឱ្យមហាជនដឹង ដើម្បីបញ្ចប់ការសង្ស័យទាំងអស់គ្នា ។
លោកមានជំនឿតែ១០% ប៉ុណ្ណោះថា រកឃើញកំណប់ព្រោះកន្លងមកនៅខេត្តពោធិ៍សាត់មានរឿងបែបនេះប៉ុន្មាន កន្លែងហើយ ប៉ុន្តែរកមិនដែលឃើញទេ ។ នៅរសៀលថ្ងៃទី១៧ ឧសភា គណៈកម្មការបានចុះប្រតិបត្តិការទៅជីកកំណត់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់នោះដើម្បីចង់ដឹងការពិត។ កន្លែងដែលគេអះអាងថា មានកប់កំណប់នោះជាដីទួលគ្របដណ្តប់ដោយព្រៃ។ កំលាំងប៉ូលិស ប៉េអឹម យោធាបានពង្រឹងការពារយ៉ាងតឹងរ៉ឹង អនុញ្ញាតឱ្យចូលតែអ្នកនាំផ្លូវ គណៈកម្មការ អ្នកថតវីដេអូទុកជាឯកសារម្នាក់ និងកម្មករប៉ុណ្ណោះ ចំណែកអ្នកកាសែតមិនអនុញ្ញាតឱ្យចូលដាច់ខាត។ កម្មករជីកកំណប់នោះមានប្រមាណជាង១០នាក់ប្រើដែកស្បែង ចបកាប់ បង្គី ពុំមានប្រើគ្រឿងចក្រទេ។ ពួកគេបានខិតខំជីកបែកញើសប៉ុនៗគ្រាប់ពោតរយៈពេលជាង២ម៉ោងរក មិនឃើញ គណៈកម្មការក៏បញ្ឈប់សកម្មភាពនាំគ្នាត្រឡប់មកវិញទាំងអស់សំណើច គ្រប់ៗគ្នា។
ពេលត្រឡប់មកវិញមានអ្នកខ្លះសន្និដ្ឋានថា អាចជាការលេងសើចបោកប្រាស់ អ្នកខ្លះទៀតថា បើសិនមានកំណប់មែនអាចគេយកមួយថ្ងៃពីរថ្ងៃមុននេះ ឬប៉ុន្មានឆ្នាំកន្លងមកហើយ ព្រោះនៅកន្លែងនោះមានស្នាមជីកចាស់ៗ និងរកឃើញដបទឹកបរិសុទ្ធកប់ក្នុងដីនៅទីតាំងនោះផងដែរ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น