ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១១ ម៉ោង ១៦:៥៦
ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្រែកយំពេញមន្ទីរពេទ្យបន្ទាប់ពីដឹកមក សង្គ្រោះ ដោយសារតែត្រូវរន្ទះបាញ់កាលពីរសៀលថ្ងៃទី១៣ ឧសភា នៅចំណុចបឹងក្រចាប់ ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ។
តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីគាត់ត្រូវរន្ទះបាញ់នោះ ឈ្មោះកែ យ៉ន អាយុ៥៦ឆ្នាំ មានទីលំនៅភូមិត្រពាំងចាន់ ។
នៅថ្ងៃកើតហេតុប្តីគាត់កំពុងឃ្វាលគោ-ក្របី នៅឯបឹងក្រចាប់ ។ ពេលនោះម៉ោងប្រហែល៣និង៣០នាទីរសៀលភ្លៀងចាប់ផ្តើមធ្លាក់ ហើយ ប្តីគាត់បានរត់ចូលជ្រកក្នុងរោងមួយតែម្នាក់ឯង។ ភ្លាមនោះរន្ទះបាញ់ក្ឌាំងឡើងចំសសររោងដែលប្តីគាត់ជ្រក តែក៏បណ្តាលឱ្យគាត់រងរបួសដែរ ។ ភ្លាមនោះអ្នកដែលឃ្វាលគោ-ក្របីដូចគ្នាឃើញហើយក៏នាំគ្នា គ្រាហ៍មកផ្ទះ ប៉ុន្តែប្តីគាត់បានស្រែកថា «ក្តៅខ្លាំងណាស់ ដាច់ខ្យល់ឥឡូវហើយ » ទើបបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្តង ។ មកដល់មន្ទីរពេទ្យខេត្តម៉ោង៧យប់ថ្ងៃដដែល ប្តីគាត់នៅតែស្រែកដោយសារក្តៅរោលរាលដែលតាមចាស់ៗហៅថា រន្ទះភ្លើង ។ ទោះយ៉ាងណាប្រហែលជាង១ម៉ោងក្រោយមក គាត់ក៏ឈប់ស្រែកព្រោះពេទ្យបានចាក់ថ្នាំបំបាត់ការឈឺចាប់ និងធ្វើឱ្យគាត់ងងុយដេកផងដែរ ។ គ្រូពេទ្យនិយាយថា អាចសង្គ្រោះបានមិនធ្ងន់ធ្ងរពេកទេ។ តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ធបានឱ្យដឹងថា ប្តីគាត់ត្រូវរន្ទះបាញ់នោះ ឈ្មោះកែ យ៉ន អាយុ៥៦ឆ្នាំ មានទីលំនៅភូមិត្រពាំងចាន់ ។
ដោយឡែកថ្ងៃដដែលនោះដែរក្នុងស្រុកបរិបូណ៍ ដូចគ្នាម៉ោង៤រសៀល នៅភូមិជាងហ្លួង ឃុំពន្លៃ ក៏មានរន្ទះបាញ់បណ្តាលឱ្យងាប់គោ៣ក្បាល ដែល២ក្បាលជារបស់ឈ្មោះង៉ែត សារ៉ី ភេទស្រី អាយុ៥២ឆ្នាំ និងមួយក្បាលទៀតជារបស់ឈ្មោះតុក សាខន ភេទប្រុស អាយុ៤៣ ឆ្នាំ ។ រន្ទះបាញ់គោងាប់៣ក្បាលនេះ គឺនៅកណ្តាលវាលស្រែចម្ងាយប្រមាណ១០០ម៉ែត្រពីភូមិ ។ មានការកត់សម្គាល់ថា រន្ទះបាញ់មានការកើនឡើងជារៀងរាល់ឆ្នាំ តាមទីវាលនិងតាមវាលស្រែចម្ការ ដែលធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភយ៉ាងខ្លាំងនៅពេល មេឃភ្លៀងម្តងៗ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น