2011-08-21
សេចក្ដីរាយការណ៍ចុងក្រោយនៅថ្ងៃសៅរ៍ បានឲ្យដឹងថា កងទ័ពកម្ពុជាបានដកចេញពីសមរភូមិនៅក្បែរតំបន់ជម្លោះព្រំដែនជា លើកទីប្រាំហើយ ក្រោយពេលដែលភាពតានតឹងផ្នែកយោធាបានធូរស្រាល។កងពលតូចឈរជើងនៅផ្នែកខាងឆ្វេងប្រាសាទព្រះវិហារ ប្រមាណជិត១ពាន់នាក់ បានដកចេញពីតំបន់នោះនៅព្រឹកថ្ងៃសៅរ៍ តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
កងទ័ពកម្ពុជាបានចាប់ផ្ដើមកែសម្រួលខ្លួនតាំងពីចុងខែកក្កដា ក្រោយពេលថៃបានបង្កើតរដ្ឋាភិបាលថ្មីរួចមក។ មន្រ្តីជាន់ខ្ពស់កងទ័ពខ្មែរបញ្ជាក់ថា ការដកកងទ័ពនេះ ធ្វើឡើងតែចំពោះកងទ័ពដែលឈរជើងនៅក្រៅតំបន់គ្មានយោធា ដែលកំណត់ដោយតុលាការយុត្តិធម៌អន្តរជាតិតែប៉ុណ្ណោះ។
ទោះបីជាកម្ពុជាបង្ហាញភាពទន់ភ្លន់ក្នុងការដកកងទ័ពខ្លួនពី តំបន់ជម្លោះក្បែរប្រាសាទព្រះវិហារក៏ដោយ ភាគីយោធាថៃនៅមិនទាន់ដកកងទ័ពខ្លួននៅឡើយទេ។