ពលករ​ត្រូវ​គេ​លក់​ឲ្យ​ទូក​នេសាទ​ថៃ​ព្រមាន​កុំ​ឲ្យ​ជឿ​មេ​ខ្យល់ លក់​មនុស្ស

Monday, 01 August 2011 15:06 

សែន ដាវីត - David Boyle

ភ្នំពេញៈ បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សុក្រ​ លោក ទិត្យ សុភ័ក្រ្ត ជន​រង​គ្រោះ ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​បាន​ព្រមាន​ទៅ​ដល់​ប្រជា​ជន​កុំ​ឲ្យ​ជឿ​លើ​ការ ​សន្យា​របស់​ពួក​មេ​ខ្យល់។

លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ស្រក់​ទឹក​ភ្នែក ពេល​ឃើញ​ពលករ​រង​គ្រោះ​ឯ​ទៀត។ វា​មាន​ស្ថាន​ភាព​ដូច​នៅ​ឋាន​​នរក​។ មាន​​ជន​កម្ពុជា​​ជា​ច្រើន​នាក់ ​​មិន​មែន​ត្រឹម​តែ​១០០​នាក់​នោះ​ទេ គឺ​ប្រមាណ​ជា​​១០០០​នាក់​កំពុង​នៅ​លើ​ទូក​»​។
លោក​អះអាងថា បុរស​កម្ពុជា​ដែល​រង​គ្រោះ​ដូច​ជា​​រូប​លោក ត្រូវ​ឈ្មួញ​លក់​ឲ្យ​ទៅ​ទូក​នេសាទ​ថៃ​និង​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​ជា​ទាសករ  និង​ស្ថិត​ក្រោម​ការ​រំលោភ​បំពាន​ដ៏​គួរ​តក់​ស្លុត​បំផុត​។
អ្នក​ទាំង​ឡាយ​ដែល​គេ​គិត​ថា​ទុក​មិន​ចំណេញ ​​ដោយ​សារ​តែ​ជំងឺ​ឬ​គ្មាន​កម្លាំង​ បន្ទាប់​ពី​ធ្វើ​ការ​២២​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ ​ត្រូវ គេ​វាយ​ដំ​ច្រំ​ធាក់​ ​ហើយ​បន្ទាប់​មក​គេ​បោះ​ចូល​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​ស្លាប់​យ៉ាង​ អាណោច​អាធ័ម​។ លោក ទិត្យ សុភ័ក្រ្ត និង​បុរស​៦​នាក់​ផ្សេង​ទៀត​ ជា​អ្នក​មាន​សំណាង​ដែល​បាន​លោត​ចេញ​ពី​ទូក​និង​ត្រូវ​ជួយ​​សង្គ្រោះ​នៅ​ ម៉ាឡេស៊ី ​​ហើយ​បន្ទាប់​មក​ពួក​គេ​បាន​វិល​ត្រឡប់​មក​​ផ្ទះ​វិញ​កាល​ពី​ថ្ងៃ​សុក្រ។
លោក ទិត្យ សុភ័ក្រ្ត អាយុ​២៩​ឆ្នាំ បាន​ថ្លែង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ថា៖​ «​ពួក​គេ​ធ្វើ​បាប​យើង​ណាស់​។ ​គេ​​វាយ​យើង ​ហើយ​ប្រជា​ជន​កម្ពុជា​ជា​ច្រើន​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង ​សមុទ្រ​។ ខ្ញុំ​បាន​សម្រេច​ចិត្ត​លោត​ទឹក។ ខ្ញុំ​គិត​ថា​ ប្រសិន​បើ​ខ្ញុំ​មាន​សំណាង ខ្ញុំ​នឹង​មាន​ជីវិត​។ ខ្ញុំ​ហែល​ទឹក ២០០​ម៉ែត្រ ​ហើយ​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី»។
អ្នក​ស្រី ចន្ទ ផល្លី ​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ នូវ វុទ្ធី អាយុ​២១​ឆ្នាំ ដែល​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ថ្ងៃ​សុក្រ​​ដែរ​នោះ បាន​ថ្លែង​ថា អ្នក​ស្រី​បាន​ព្រមាន​កូន​ប្រុស​ថា ការ​សន្យា​ផ្តល់​ការ​ងារ​ដោយ​ឲ្យ​​ប្រាក់​កម្រៃ​​ច្រើន​ក្នុង​ប្រទេស​ថៃ​ពី​ មេ​ខ្យល់​ជា​រឿង​គ្រោះ​ថ្នាក់​ ប៉ុន្តែ​ កូន​ប្រុស​អ្នក​ស្រី​នៅ​តែ​មានះ។
ខណៈ​កំពុង​រង់​ចាំ​ស្វាគមន៍​កូន​ប្រុស​ដែល​ខាន​​ឃើញ​មុខ​ជា​ច្រើន​ខែ​ មក​ហើយ ​គាត់​បាន​និយាយ​ថា៖​ «​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ នៅ​ពេល​កូន​ប្រុស​ទូរ​ស័ព្ទ​មក​ ហើយ​ប្រាប់​ខ្ញុំ​ថា​វា​ត្រូវ​មេ​ខ្យល់​លក់​ឲ្យ​ឡើង​ទូក​នេសាទ​ថៃ​»។
បន្ទាប់​ពី​បាន​ជួប​ម្តាយ លោក នូវ វុទ្ធី បាន​​ថ្លែង​ថា៖«​ខ្ញុំ​នឹក​សាច់​ញាតិ​ណាស់ ជា​ពិសេស​ម្តាយ​ខ្ញុំ​ឥឡូវ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ​ដូច​ទើប​កើត​ម្តង​ទៀត​»។
លោក ​ហ៊ុយ ពេជ្យ​សុវណ្ណ មន្រ្តី​កម្ម​វិធី​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​បាន ​ថ្លែង​ថា ​បើ​ទោះ​​ជា​បុរស​ទាំង​​ ៦​នាក់​បាន​វិល​មក​ផ្ទះ​វិញ​ក៏​ដោយ ក៏​ប៉ុន្តែ អនាគត​ពួក​គេ​នៅ​តែ​មិន​ប្រាកដ​ប្រជា​នៅ​​ឡើយ​​។
លោក​ថ្លែង​ថា​៖«​ពួក​គេ​នៅ​តែ​បារម្ភ​ពី​ជីវិត​របស់​ខ្លួន។ ពួក​គេ​គ្មាន​ការ​ងារ​ធ្វើ​ ហើយ​គ្មាន​ចំណូល ...​វា​ពិបាក​រក​ការ​ងារ​ធ្វើ ឬ​ផ្តល់​ការ​បណ្តុះ​បណ្តាល​»។
ប៉ុន្តែ​ពេល​វិល​មក​វិញ​នេះ​បុរស​ទាំង​នេះ​បាន​ទទួល​​អំណោយ​ជា​មី ត្រី​ខ និង​ប្រាក់​១០​ដុល្លារ​អាមេរិក​ពី​កាក​បាទ​ក្រហម​កម្ពុជា​ ហើយ​ប្រហែល​អាច​រក​ការ​ងារ​ខ្លះ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​ទទួល​បាន​ ប្រាក់​ខែ ដើម្បី​ប្រាប់​អ្នក​ដទៃ​ទៀត​​ពី​ភាព​តក់​ស្លត់​ដែល​ពួក​គេ​បាន​ឆ្លង​កាត់ ​។
លោក ​ពេជ្រសុវណ្ណ បាន​បញ្ជាក់​ថា​ ​ពួក​គេ​ភាគ​ច្រើន​ចង់​បើក​អាជីវ​កម្ម​ខ្លួន​ឯង ប៉ុន្តែ ពួក​គេ​មិន​ដឹង​ពី​ជំនួយ​ហិរញ្ញ​វត្ថុ​ពី​រដ្ឋាភិបាល​ទេ​។
លោក ស៊ុន បារាំង អាយុ ៤៧ឆ្នាំ ជា​ជន​រង​គ្រោះ​ម្នាក់​ដែរ​​បាន​ថ្លែង​ថា លោក​នឹង​មិន​ធ្វើ​ខុស​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​​ទៀត​ទេ។ ​លោក​ថ្លែង​​ថា៖ «​ខ្ញុំ​នៅ​មាន​ជីវិត​នេះ​ជា​សំណាង​របស់​ខ្ញុំ​ ខ្ញុំ​អត់​ចេះ​អក្សរ ​ហើយ​ខ្ញុំ​មិន​ដឹង​ធ្វើ​អ្វី​ទេ​ នៅ​ថ្ងៃ​អនាគត។ ខ្ញុំ​​គ្រាន់​តែ​ចង់​នៅ​និង​ម្តាយ​ឲ្យ​សប្បាយ​ចិត្ត​។ ខ្ញុំ​ជា​បុរស ខ្ញុំ​មិន​យំ​ទេ​»។
លោក ប៊ិត គឹមហុង ប្រធាន​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិជន នៅ​ក្រសួង​មហា​ផ្ទៃ បាន​ថ្លែង​ថា ​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ និង​កំណត់​អត្ត​សញ្ញាណ និង​ចាប់​ខ្លួន​​មេ​ខ្យល់​ដែល​​ជួញ​ដូរ​បុរស​ទាំង​នេះ នៅ​ចុង​ឆ្នាំ​មុន​និង​ដើម​ឆ្នាំ ២០១១​នេះ៕ TK
រាយ​ការណ៍​បន្ថែម វង្ស សុខេង

ไม่มีความคิดเห็น:

แสดงความคิดเห็น