អាជ្ញាធរ​ឃាត់​ខ្លួន​សកម្មជន​ការ​ពារ​ព្រៃ​ឡង់ ៣​នាក់

ដោយ ទីន ហ្សាការីយ៉ា

2011-08-21
ការ​កាប់​ព្រៃ​ឡង់​នៅ​ក្នុង​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ ក្រៅ​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នោះ គឺ​សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ចោទ​ប្រកាន់​ថា នៅ​មាន​ឈ្មួញ​ចូល​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ។
សកម្មជន​ការពារ​ព្រៃ​ឈើ​ចំនួន​បី​នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សណ្ដាន់​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​សណ្ដាន់ អស់​រយៈ​ជាង ៣​ម៉ោង កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ សីហា បន្ទាន់​ពី​ពួក​គាត់​បាន​សួរ​នាំ​រថ​យន្ត​ដឹក​ឈើ​ឲ្យ​ឈ្មួញ​ឈ្មោះ​អ្នក​ស្រី លី គឹម​ហុង ចំនួន ៧​គ្រឿង។

ប្រធាន​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ លោក ឈុត វុទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ សីហា​ថា រួប​លោក និង​តំណាង​សហគមន៍​ព្រៃ​ឡង់​ចំនួន​ពីរ​នាក់​ទៀត ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំនួន ៨​នាក់ ប្រដាប់​ដោយ​អាវុធ ដឹក​នាំ​ដោយ​អធិការ​រង​ស្រុក​សណ្ដាន់ ឈ្មោះ ញ៉ែម ដុន បាន​ឃាត់​ខ្លួន​ពួក​គាត់​ពី​ម៉ោង ៥​កន្លះ​ល្ងាច ដល់​ម៉ោង ៨​យប់ ទើប​គេ​ដោះ​លែង​វិញ ៖ "ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា ថ្ងៃ​ហ្នឹង​មាន​ប៉ូលិស​តាម​ច្រើន​ម្ល៉េះ ពេល​ខ្ញុំ​ចូល​ទៅ​មើល​ដើម​ជ័រ ស្រាប់​តែ​ពេល​ចេញ​មក​វិញ​ដល់​ស្ពាន មុខ​ស្រុក​ជិត​វត្ត​ហ្នឹង ស្រាប់​តែ​ប៉ូលិស​ចេញ​មក​ព្រូ​មាន​កាំភ្លើង​គ្រប់​ដៃ"
លោក ឈុត វុទ្ធី បាន​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ពួក​គាត់​នេះ គឺ​ជា​ការ​គំរាម​កំហែង ពីព្រោះ​ថា កាល​ពី​ថ្ងៃ​ទី​១៩ សីហា លោក​បាន​ទៅ​បង្រៀន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្ដាន់ ប្រមាណ ៧០​នាក់ អំពី​ច្បាប់​ភូមិបាល និង​ច្បាប់​ការ​ពារ​ព្រៃ​ឈើ ក្រោយ​មក​ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​ព្រៃ​ក៏​ឃើញ​គោ​យន្ត​ដឹក​ឈើ​ចំនួន ៧​គ្រឿង ក៏​បាន​ថត​ទុក​ជា​ភស្តុតាង។ ហើយ​កន្លង​មក ប្រជា​ពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច ដោយ​ចោទ​ប្រកាន់​អាជ្ញាធរ​គំរាម​សម្លាប់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ការ​ពារ​ ព្រៃ​ឈើ ៖ "គំរាម​កំហែង​សម្លាប់​តែ​ម្ដង​ក្នុង​រយៈ​កាល​កន្លង​ទៅ​នេះ រហូត​ដល់​ប៉ូលិស​អា​មេ​កាំ​ភ្លើង​បាញ់​គំរាម​កំហែង​ប្រជា​ពល​រដ្ឋ​ទៀត​ផង ឥឡូវ​នេះ​ប្រជា​ពល​រដ្ឋ​បាក់​ស្បាត​ហើយ"
អធិការ​ស្រុក​សណ្ដាន់ លោក ញ៉ែម ដុង បាន​បដិសេធ​ថា ការ​ឃាត់​ខ្លួន​អ្នក​ទំាង​បី ដោយ​សារ​តែ​មាន​ប្រជា​ពល​រដ្ឋ​ប្ដឹង​ថា លោក ឈុត វុទ្ធី និង​អ្នក​ភូមិ​ពីរ​នាក់​ទៀត បាន​វាយ​បែក​កញ្ចក់​ឡាន​ដឹក​ឈើ។ ទាក់​ទង​ទៅ​នឹង​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​បាន​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​សមត្ថកិច្ច​មិន​ចាប់​ឡាន​ដឹក​ឈើ​នោះ​ទៅ​វិញ? លោក​ប្រាប់​ថា ឲ្យ​សួរ​ទៅ​ថ្នាក់​លើ ៖ "អា​ហ្នឹង​ជា​រឿង​របស់​ខាង​លើ គេ​គិត​គូរ​យ៉ាង​ម៉េច ខ្ញុំ​មិន​សូវ​ដឹង​ដែរ សួរ​ទៅ​ខាង​រដ្ឋបាល​ព្រៃ​ឈើ"
ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា អាជ្ញាធរ​មាន​តួនាទី​ការ​ពារ​ប្រជា​ពល​រដ្ឋ ផ្ទុយ​ទៅ​វិញ អាជ្ញាធរ​បាន​ការ​ពារ​ក្រុមហ៊ុន​ឈ្មួញ​បែប​នេះ វា​ពាក់ព័ន្ធ​ទៅ​អំពើ​ពុក​រលួយ ដែល​ជា​រឿង​ខុស​នឹង​ច្បាប់ ៖ "មិន​មែន​តែ ​ក្រុមហ៊ុន​ដី​សម្បទាន​ទេ ដែល​កាប់​ឈើ ឥឡូវ​នេះ​នៅ​កន្លែង​នោះ គឺ​កាប់​ឈើ​យ៉ាង​អានាធិបតេយ្យ អ្នក​កាប់​បាន​ប៉ុន​ណា យក​ប៉ុណ្ណឹង អ៊ីចឹង​ហើយ​បាន​ជា​សមត្ថកិច្ច​មិន​រារាំង​នោះ"
លោក ឈុត វុទ្ធី បាន​បន្ថែម​ថា នៅ​ថ្ងៃ​ទី​២១ សីហា លោក​ក៏​បាន​ទៅ​បង្រៀន​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​ដង​កាំបិត​ទៀត តែ​ត្រូវ​បាន​ប្រធាន​ប៉ុស្តិ៍​នគរបាល​ឃុំ​ទៅ​ប្រាប់​លោក មិន​អនុញ្ញាត​បង្រៀន​អំពី​ច្បាប់​ភូមិបាល ឬ​ច្បាប់​ការ​ពារ​ព្រៃ​ឈើ​អ្វី​ទេ។
ទាក់ទង​ទៅ​នឹង​បញ្ហា​ការ​ពារ​ព្រៃ​ឡង់​នេះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១១ ប្រជា​ពល​រដ្ឋ​សហគមន៍​ព្រៃ​ឡង់​ប្រមាណ ១០០​នាក់ ត្រូវ​សមត្ថ​កិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​នៅ​ខណៈ​ក្រុម​ប្រជា​សហគមន៍​ ទាំង​នោះ​ចែក​ខិត្តប័ណ្ណ​នៅ​តាម​ស្ដុប​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​មាន​ខ្លឹមសារ​ថា ការ​ពារ​ព្រៃ​ឡង់ និង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯក​ជន​ជា​ដើម។
ការ​ចាប់​ខ្លួន​ប្រជា​សហគមន៍​ទាំង​នោះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុម​សហគមន៍​ព្រៃ​ឡង់​ជាង ២០០​នាក់ តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋ​ចំនួន ១១៩​សហគមន៍ មក​ពី​ខេត្ត​ក្រុង​ចំនួន​១៩ បាន​មក​ប្រជុំ​គ្នា​នៅ​ព្រះអង្គ​ដង​កើ នៅ​ទន្លេ​បួន​មុខ​ក្បែរ​ព្រះ​បរម​រាជវាំង​ដើម្បី​បួង​សួង​សុំ​ឲ្យ​មាន​ការ​ គាំទ្រ និង​ថែ​រក្សា​ព្រៃ​ឡង់ ព្រម​ទាំង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

ไม่มีความคิดเห็น:

แสดงความคิดเห็น