ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០១
រាជធានីភ្នំពេញ ៖
កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ សីហា នៅវិមានរដ្ឋសភា
សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា
បានទទួលជួបសវនាការជាមួយលោកចូវ យ៉ុងខាង
សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ
និងជាលេខាគណៈកម្មាធិការកិច្ចការនយោបាយនិងច្បាប់នៃគណៈ
កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រីហេង
សំរិន បានមានប្រសាសន៍ជម្រាបលោកចូវ យ៉ុងខាង ថា
ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅពេលនេះបង្ហាញយ៉ាងច្បាស់នូវ
ទំនាក់ទំនងដ៏ល្អត្រចះត្រចង់រវាងប្រទេសទាំងពីរព្រះរាជាណាច
ក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
ជាពិសេសរវាងបក្សទាំង២ គណបក្សប្រជាជនកម្ពុជា
និងគណបក្សកុម្មុយនីស្តចិន។ ព្រះរាជាណាចក្រកម្ពុជា
អបអរសាទរយ៉ាងខ្លាំងក្លា ចំពោះសាធារណរដ្ឋប្រជាមានិតចិន
ដឹកនាំដោយបក្សកុម្មុយនីស្តចិន
ដែលទទួលបានជោគជ័យដ៏ធំធេងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសគ្រប់
វិស័យពិសេសគឺវិស័យសេដ្ឋកិច្ច
ដែលធ្វើឱ្យចិនក្លាយជាមហាអំណាចដ៏កំពូលមួយមានឥទ្ធិពល
ទ្វេឡើងក្នុងឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ទៀតថា
តាំងតែពីដើមមក
កម្ពុជាតែងតែចាត់ទុកប្រទេសចិនជាមិត្តដ៏ល្អ
ហើយប្រកាន់ខ្ជាប់ជានិច្ចមិនងាករេនូវ «នយោបាយចិនតែមួយ» ។
ក្នុងនាមប្រជាជនកម្ពុជា
សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយយ៉ាងច្រើន
សន្ធឹកសន្ធាប់ដែលចិនបានផ្តល់ដល់កម្ពុជា
ហើយដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងនៅចំខួប៩០ឆ្នាំ
នៃការបង្កើតគណបក្សកុម្មុយនីស្តចិនផងដែរ។
លោកចូវ យ៉ុងខាង មានប្រសាសន៍ថា
នេះគឺជាទស្សនកិច្ចលើកទី១
របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា
ឆ្លើយតបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា
និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ លោកបានរំលឹកថា
សម្តេចអគ្គមហាពញាចក្រីហេង សំរិន
ជាមិត្តចាស់របស់លោកនៅពេលដែលសម្តេចបានអញ្ជើញទៅបំពេញ
ទស្សនកិច្ចនៅប្រទេសចិន
ហើយលោកក៏សូមនាំមកនូវការសួរសុខទុក្ខសម្តេចពីសំណាក់
ប្រធានរដ្ឋសភាចិនផងដែរ។
លោកចូវ យ៉ុងខាង
បានជម្រាបសម្តេចប្រធានរដ្ឋសភាទៀតថា
ទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាមានតាំងពីយូរលង់មកហើយ
រហូតដល់ពេលបច្ចុប្បន្ន។ នៅក្នុងដំណើរទស្សនកិច្ចនេះ
លោកក៏បានចូលរួមចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងចំនួន
២៧ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែក
ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរចិន
និងកម្ពុជាមានប្រមាណ១.០០០លានដុល្លារអាមេរិក ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น