បក្ស​កុម្មុយនិស្ត​ចិន និង​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី

ដោយ ជុន ច័ន្ទបុត្រ

2011-08-21
មន្ត្រី​គណ​បក្ស​កុម្មុយនិស្ត​ចិន និង​មេ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​សហការ​មួយ​ចំនួន កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្រុង​ភ្នំពេញ។
ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ បាន​ឲ្យ​ដឹង​ថា លោក ជា ស៊ីម ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​លោក ហ្សូ យ៉ុង​កាង តំណាង​គណ​បក្ស​កុម្មុយនិស្ត​ចិន ដែល​កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​បាន​សន្យា​ថា​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ល្អ​ រវាង​គណ​បក្ស​ទាំង​ពីរ។

លោក ហ្សូ នឹង​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​អាទិត្យ។
ប្រមុខ​ដឹក​នាំ​នៃ​ប្រទេស​កម្ពុជា​តែង​សរសើរ​ថា ចិន​ជា​ប្រទេស​មួយ​ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា​ច្រើន ហើយ​មិន​មាន​ដាក់​ចំណង​ច្រើន​ដូច​ប្រទេស​ដទៃ​ទៀត​ទេ។ ក៏​ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​មាន​សហ​រដ្ឋ​អាមេរិក​ជា​ដើម ធ្លាប់​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​រក្សា​ឯករាជ​ភាព​នៃ​នយោបាយ​ក្រៅ​ ប្រទេស​របស់​ខ្លួន និង​ឲ្យ​ជៀស​វាង​ការ​ពឹង​ផ្អែក​ហួស​ហេតុ​ពេក​ទៅ​លើ​ប្រទេស​ចិន។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ស្រី ហ៊ីល​ឡារី គ្លីន​តុន រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក កាល​ពី​ចុង​ឆ្នាំ​២០១០ អ្នក​ស្រី ហ៊ីល​ឡារី គ្លីន​តុន បាន​រំលឹក​ថា ជា​ការ​ឆ្លាត​វៃ​មួយ​ដែល​ប្រទេស​កម្ពុជា​ចង​មិត្ត​ឲ្យ​បាន​ច្រើន​ជា​មួយ​ ប្រទេស​ក្រៅ។ ប៉ុន្តែ​កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​មាន​តុល្យភាព មិន​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ណា​មួយ​ខ្លាំង​ពេក​នោះ​ទេ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា ក្រុង​ភ្នំពេញ​គួរ​បើក​កិច្ច​ពិភាក្សា​ជា​មួយ​ក្រុង​ប៉េកាំង ដើម្បី​ពិភាក្សា​អំពី​ការ​ព្រួយ​បារម្ភ​នានា ដែល​ថា​គោល​នយោបាយ​របស់​ប្រទេស​ចិន​កំពុង​តែ​បន្ទុក​បង្អាក់​ការ​អភិវឌ្ឍ​ សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា និង​កំពុង​ធ្វើ​ឲ្យ​ខូច​ខាត​បរិស្ថាន​នៃ​ប្រទេស​កម្ពុជា។
អ្នក​ស្រី គ្លីន​តុន បាន​លើក​ឡើង​ច្បាស់​អំពី​ការ​សង់​ទំនប់​វារីអគ្គិសនី​នៅ​ផ្នែក​ខាង​លើ​នៃ​ ទន្លេ​មេគង្គ និង​ផល​អាក្រក់​ពី​ទំនប់​នេះ​មក​លើ​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា៕

ไม่มีความคิดเห็น:

แสดงความคิดเห็น