ទណ្ឌិត​បរទេស​ម្នាក់​សរសេរ​ blog ពី​ទារុណ​កម្ម និង​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស




អង្គារ 02 សីហា 2011 8:51 AM Blog ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ឺនធឺណិត​ដែល​មាន​ឈ្មោះ​ថា «ការ​រស់​នៅ​ក្នុង​ទីធ្លា​មួយ​ម៉ែត្រ​ការ៉េ» ដែល​ត្រូវ​បាន​អះអាង​ថា បាន​សរសេរ​ដោយ​ទណ្ឌិត​បរទេស​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ក្នុង​ ទីក្រុង​ភ្នំពេញ បាន​លាត​ត្រដាង​អំពី​ស្ថានភាព​រស់​នៅ​ដ៏​សែន​វេទនា និង​អំពើ​ពុក​រលួយ​ដ៏​រីក​រាល​ដាល​នៅ​ខាង​ក្នុង​ពន្ធនាគារ​នោះ។
ពន្ធនាគារព្រៃស
ទណ្ឌិត​បរទេស​ដែល​ប្រាប់​អត្តសញ្ញាណ​របស់​ខ្លួន​ត្រឹម «Cookie» បាន​ពិពណ៌នា​នៅ​ក្នុង​ blog កាល​ពី​ថ្ងៃ​ពុធ មុន​នឹង blog នេះ​ត្រូវ​បាន​គេ​បិទ​កាល​ពី​ថ្ងៃ​អាទិត្យ អំពី​ភាព​ចង្អៀត​ណែន​ណាន់​តាន់​តាប់ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​ទូទៅ និង​អំពើ​ពុក​រលួយ​ដែល​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ ហើយ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្លួន​​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​ចំពោះ​ការ​លាត​ត្រដាង​ពី​ ស្ថានភាព​រស់​នៅ​ដ៏​សែន​វេទនា​នេះ។

លោក ហ្វីល រ៉ូបឺតសុន ប្រធាន​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា «អ្នក​ទោស​ដែល​បាន​សរសេរ blog នេះ គឺ​ក្លាហាន​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ដែល​ហ៊ាន​និយាយ​ពី​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ដឹង ប៉ុន្តែ​ជា​អ្វី​ដែល​មណ្ឌល​កែប្រែ​នេះ​តែង​តែ​ព្យាយាម​លាក់​បាំង​និយាយ​ថា ពន្ធនាគារ​នានា​របស់​ប្រទេស​កម្ពុជា​មាន​សភាព​ចង្អៀត​ណែន​យ៉ាង​ខ្លាំង និង​និយាយ​ថា មាន​លុយ​អាច​ធ្វើ​អ្វី​ក៏​បាន​នៅ​ក្នុង​ពន្ធនាគារ​ដ៏​ពុក​រលួយ​មួយ ជា​ទី​ដែល​ឆ្មាំ​ពន្ធនាគារ​មាន​ឋានៈ​ស្មើ​ស្តេច និង​មាន​របស់​របរ​លក់​គ្រប់​មុខ ហើយ​អ្នក​ដែល​គ្មាន​ធនធាន​ប្រឈម​នឹង​កង្វះ​អាហារ ការ​ថែទាំ​សុខភាព​ដែល​អន់ ឬ​អត់​មាន​សោះ និង​ការ​រំលោភ​បំពាន»។
លោក អំ សំអាត ប្រធាន​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​បាន​និយាយ​ថា «ប្រធាន​បទ​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ ឡើយ ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ពន្ធនាគារ។ ការ​សរសេរ​នេះ ប្រសិន​បើ​ជា​ការ​ពិត​មែន​នោះ វា​នឹង​ឈាន​ទៅ​ដល់​ការ​ស៊ើប​អង្កេត​មិន​ខាន»។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក ស្រ៊ុន លាង ប្រធាន​មណ្ឌល​កែប្រែ​ទី១ នៃ​ពន្ធនាគារ​ព្រៃស បាន​និយាយ​ថា លោក​នៅ​មិន​ទាន់​ដឹង​ពី blog នេះ​នៅ​ឡើយ​ទេ។ ដោយ​ថា «ខ្ញុំ​មិន​ដឹង​ពី blog នេះ​ទេ។ ខ្ញុំ​មិន​ដឹង​ថា គេ​ទទួល​បាន​សេវា​អ៊ីនធឺណេត​ដោយ​របៀប​ណា​នោះ​ឡើយ។ តើ​វា​ជា​អ្វី? តើ​វា​ជា​លិខិត​មួយ​ឬ? តើ​វា​អាច​ចេញ​តាម​អ៊ឺនធឺណេត​បាន​ដោយ​របៀប​ណា​ទៅ?»៕

ไม่มีความคิดเห็น:

แสดงความคิดเห็น