នគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួនបុរសទំនើង3នាក់ពីបទប្រើអំពើហិង្សា

(ប្រុសកោះ)
ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០១:៣០
ជនជាប់ចោទទាំង៣នាក់
កោះសន្តិភាព
ជនជាប់ចោទទាំង៣នាក់

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋ​បាល​ចតុមុខបានឃាត់ខ្លួនបុរសបីនាក់​កាលពីវេលា​ ម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១១ នៅមុខអតីតរដ្ឋសភា​តាម​ដង​វិថី​ព្រះ​សុធារស​ស្ថិត​ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ ខណៈយកដបស្រាបៀរ​វាយ​បុរសម្នាក់បណ្តាល​ឲ្យ​របួសធ្ងន់ ។

បុរស៣​នាក់​នោះ​១-ឈ្មោះ​ស្រី វិច្ឆ័យ អាយុ​២៥​ឆ្នាំ ជា​បុគ្គលិកក្រុមហ៊ុនទឹកក្រូច ស្នាក់​នៅ​ផ្ទះលេខ២១៩ ផ្លូវលេខ៣៦៩ សង្កាត់ព្រែក​ប្រា ខណ្ឌមានជ័យ ២-ឈ្មោះគឹម វុទ្ធី អាយុ២១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទឹកក្រូច និង៣-ឈ្មោះញ៉ូង រដ្ឋា អាយុ​២១ឆ្នាំ ជាអ្នក​បើកបរ​រថយន្តឲ្យ​ក្រុម​ហ៊ុន​ទឹក​ក្រូច។
យោងតាមបណ្តឹងជនរងគ្រោះឈ្មោះលេង មាស​សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ​ផ្ទះ​លេខ៩ ផ្លូវ​លេខ៥៦៤ សង្កាត់បឹងកក់ទី១ ខណ្ឌ​ទួលគោកឲ្យដឹងថា ពេល​រូបគេ​ជិះម៉ូតូ​គុប​ជ្រុង ពណ៌ខៀវឌុប​មិត្តស្រីម្នាក់ដើរលេង​ដល់​មុខ​ផ្សាររាត្រី ​វិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅទិស​ខាង​ត្បូង​ក៏ជួបបុរស​បីនាក់ជិះម៉ូតូគុបជ្រុង​ពណ៌ទឹក​ប៊ិច​បើក​ តាមពីក្រោយ និងប្រើពាក្យសំដី​លែប​ខាយ​មិន​សមរម្យទៅលើមិត្តស្រីរបស់គេ។ ​ពេល​នោះ​រូប​គេ​មិនតបត​ទេ លុះ​បន្តដំណើរដល់​មុខអតីត​រដ្ឋ​សភា វិថីព្រះសុធារស បុរសទាំង​នោះ​នៅតែ​បើកម៉ូតូតាម និងនៅតែប្រើពាក្យ​សំដី​អសុរោះ​ដដែលធ្វើឲ្យរូបគេទ្រាំមិនបានក៏តបតខ្លះ​ទៅ​ វិញ។ ភ្លាមៗនោះជនទាំងបីនាក់​បើក​ម៉ូតូស្ទាក់​ពី​មុខ​ ហើយជនពីរនាក់ចុះពី​លើម៉ូតូយកដប​ស្រា​​បៀរវាយក្តោង​ច្រមុះ​រូប​គេ​ បណ្តាលឲ្យបែកហូរ​ឈាមរហាម ក៏ប៉ុន្តែ​ស្របពេលនោះនគរបាល​ប៉ុស្តិ៍រដ្ឋបាល​ចតុមុខបានទៅ​ដល់ចំណុច​កើត​ ហេតុក៏ឃាត់ខ្លួនជនបង្កទាំងបីនាក់តែម្តង ។
នគរបាលបញ្ជាក់ថា ជនរងគ្រោះបែក​ក្តោង​ច្រមុះ ហើយត្រូវគ្រូពេទ្យដេរ៣២ថ្នេរ រីឯ​ជន​ដៃដល់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិ​ការ​ដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំ​រឿង​បញ្ជូនទៅសាលាដំបូង៕

ไม่มีความคิดเห็น:

แสดงความคิดเห็น