ខេត្តកណ្តាល ៖ យុវជនពីរនាក់ដែលបើកម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កចំពីក្រោយបណ្តាលឱ្យដួលបោកលើផ្លូវជាតិរបួសធ្ងន់ទាំង២នាក់ត្រូវគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា នៅលើផ្លូវជាតិលេខ២១A ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ មន្ត្រីប៉ូលិសចរាចរណ៍ក្រុងតាខ្មៅឱ្យដឹងថា
ជនរងគ្រោះជាអ្នកបើកម៉ូតូម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល១L ៣០៥៩ ឈ្មោះធឿន រដ្ឋា អាយុ២១ឆ្នាំ មានទីលំនៅក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយបានរងរបួសបាក់ស្មងជើងខាងស្តាំ និងបាក់ដៃខាងស្តាំ។ ចំណែកអ្នករួមដំណើរជាមួយឈ្មោះហ៊ុន ថេន អាយុ២៧ឆ្នាំ រងរបួសបាក់ឆ្អឹងដងកាំបិត និងរបួសជាច្រើនកន្លែងទៀត។ បើតាមសាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា បុរសឈ្មោះឡាយ ឆាយ អាយុ៦០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បើកម៉ូតូសណ្តោងរ៉ឺម៉កពីជើងទៅត្បូងយឺតៗនៅកៀនខាងស្តាំដៃដោយមានសិស្សសាលាតូចៗជិះ៨នាក់។ ពេលបើកទៅដល់ចំណុចកើតហេតុស្រាប់តែត្រូវម៉ូតូម៉ាកស្មាស់បើកស្របទិសគ្នាបោះពួយយ៉ាងលឿនជ្រុលទៅបុកពីក្រោយពេញទំហឹង មិនដឹងថា អ្នកបើកបររវល់ងាកមើលទៅណាទេ។ ម៉ូតូនោះបានដួលអូសជាង៥ម៉ែត្រ បណ្តាលឱ្យអ្នកបើក និងអ្នករួមដំណើរបោកខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ និងសន្លប់ទាំងពីរនាក់។ ចំណែកម៉ូតូសណ្តោងរ៉ឺម៉កបានធ្លាក់ពីលើផ្លូវជាតិក្រឡាប់ចាក់សិស្សចោលនៅក្បែរនោះ ប៉ុន្តែមិនរងរបួសធ្ងន់ទេ។ ប៉ូលិសចរាចរណ៍បានយកម៉ូតូ និងរ៉ឺម៉កទៅរក្សាទុកនៅអធិការដ្ឋានក្រុងតាខ្មៅ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น