កម្ពុជា​រក្សា​ជំហរ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ដោយ​សន្តិវិធី

2011-06-10
ឯកអគ្គរាជទូត​ថ្មី​របស់​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រមុខ​ការទូត​ខ្មែរ ដោយ​បាន​ពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​ប្រទេស ​ទាំង​ពីរ។
១០-មិថុនា-២០១១៖ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា លោក សំផុង សាងួនប៊ុន (Sompong Sanguanbun) [ឆ្វេង] និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជួប​ពិភាក្សា​នៅ​ក្រសួង​ការបរទេស​កម្ពុជា រាជធានី​ភ្នំពេញ។
ប្រមុខ​ការទូត​ប្រទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១១ បាន​បញ្ជាក់​ជា​ថ្មី​ទៅ​ភាគី​ថៃ ថា ប្រទេស​កម្ពុជា នៅ​តែ​រក្សា​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ សន្តិវិធី។ ចំណែក​ឯ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ក្រុង​ទ្បាអេ ប្រទេស​ហុល្លង់ កន្លង​មក គឺ​ជា​ជម្រើស​ល្អ​មួយ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នោះ។

ការ​បញ្ជាក់​ជំហរ​នៅ​ពេល​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ភាគី​កម្ពុជា និង​ថៃ កំពុង​តែ​រង់ចាំ​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​គេ​គ្រោង​ប្រកាស​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។
លោក ហោ ណាំហុង បាន​ផ្ញើ​សារ​ដោយ​ផ្ទាល់​មាត់​បែប​នេះ​តាម​រយៈ​ឯកអគ្គរាជទូត​ថ្មី​របស់​ ប្រទេស​ថៃ នៅ​កម្ពុជា លោក សំផុង សាងួនប៊ុន (Sompong Sanguanbun) ដែល​បាន​មក​សម្ដែង​ការ​គួរ​សម​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១១។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ក្រោយ​ពី​ជំនួប​ខ្លី​រយៈពេល ៣០​នាទី បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា កម្ពុជា​ចង់​ឲ្យ​ភាគី​ថៃ ទទួល​យក​ដំណោះស្រាយ​ជា​កញ្ចប់ និង​ទទួល​យក​អ្នក​សង្កេតការណ៍​លើ​បទ​ឈប់​បាញ់​ពី​ប្រទេស​ឥណ្ឌូណេស៊ី។
លោក កុយ គួង បន្ថែម​ដូច្នេះ ៖ «ឆ្លើយ​តប​ទៅ​សំណួរ​ពាក់ព័ន្ធ​ទៅ​នឹង​ ការ​ប្រជុំ​គណៈកម្មការ JBC និង GBC ដែល​ឯកអគ្គរាជទូត​ថ្មី​របស់​ថៃ បាន​លើក​ឡើង​នោះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​បញ្ជាក់​ហើយ​ថា កិច្ច​ប្រជុំ JBC និង GBC មិន​អាច​ធ្វើ​បាន​ទេ ដរាបណា​ភាគី​ថៃ នៅ​មិន​ទាន់​យល់ព្រម ឬ​ក៏​ឆ្លើយ​តប​ជា​វិជ្ជមាន​ដល់​ដំណោះស្រាយ​ជា​កញ្ចប់​នេះ ដោយ​បាន​យល់​ព្រម​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ទាំង​បី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា កន្លង​មក​នេះ»
ឯកអគ្គរាជទូត​ថ្មី​របស់​ប្រទេស​ថៃ នៅ​កម្ពុជា លោក សំផុង សាងួនប៊ុន ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ ចង់​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​ផង​ដែរ និង​ចង់​ឃើញ​ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ​រស់​នៅ​ក្នុង​សន្តិភាព និង​ស្ថិរភាព ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​នឹង​ល្អ។
លោក សំផុង សាងួនប៊ុន បាន​បញ្ជាក់​ប្រាប់​លោក ហោ ណាំហុង ថា លោក​ប្រឹងប្រែង​ធ្វើ​ឲ្យ​មាន​ការ​បន្ធូរបន្ថយ​នូវ​ស្ថានការណ៍​តានតឹង និង​មាន​ការ​យល់​គ្នា​ប្រសើរ​ជាង​មុន។
ក្រសួង​ការបរទេស​កម្ពុជា បាន​ប្ដឹង​ជា​ផ្លូវការ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ក្នុង​ទីក្រុង​ទ្បាអេ (Hague) ប្រទេស​ហុល្លង់ (Netherlands) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១ សុំ​ឲ្យ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ទាក់ទង​ករណី​ប្រាសាទ​ព្រះវិហារ និង​សុំ​ឲ្យ​តុលាការ​នេះ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​របស់​កងទ័ព​ថៃ នៅ​ដី​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​ហៅ​ថា ដី​តំបន់ ៤,៦​គីឡូម៉ែត្រ​ការ៉េ។ បញ្ឈប់​ការ​បាត់បង់​ជីវិត​មនុស្ស និង​រក្សា​ប្រាសាទ​ព្រះវិហារ​មិន​ឲ្យ​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​រហូត​ដល់​ការ ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នោះ ត្រូវ​បាន​ប្រកាស។
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការបរទេស​កម្ពុជា បាន​បញ្ជូន​ឯកសារ​រួច​ហើយ​ស្ដីពី​ស្ថានការណ៍​របស់​ជនភៀសសឹក​នៅ​ក្នុង​ការ​ វាយ​ប្រយុទ្ធ​រវាង​កងទ័ព​ថៃ និង​កម្ពុជា កន្លង​មក តាម​សំណើ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น