អ្នក​និពន្ធ​ម្នាក់​​​ហៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​អ្នក​លួច​ជាតិ

2011-06-29

បញ្ហា​មួយ​ចំនួន​កើត​ក្នុង​សង្គម​ជាតិ​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​ត្រឹម​តែ​រាយការណ៍​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ។
កាសែត​អាមេរិកាំង The New York Times កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មិថុនា ផ្សាយ​សម្រង់​អត្ថបទ​វិភាគ​លើ​សៀវភៅ​មួយ​សរសេរ​ដោយ​អ្នក​និពន្ធ​ឈ្មោះ ចូល ប្រ៊ីងខ៍លី (Joel Brinkley) ដាក់​ចំណង​ជើង​ថា «ក្រោយ​ឆ្នាំ​សូន្យ» បាន​ពណ៌នា​ថា សហគមន៍​អន្តរជាតិ​ជា​ម្ចាស់​ជំនួយ ជា​ពិសេស​ស.រ.អា ជា​ញឹកញាប់​ច្រើន​តែ​អនុគ្រោះ​ជួយ​បន្ធូរបន្ថយ​ដល់​បិសាច​នៅ​ក្រៅ​ប្រទេស ហើយ​បន្ទាប់​មក​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​គោលនយោបាយ ដើម្បី​បញ្ចៀស​រឿង​ខូច​មុខមាត់។

ចូល វ៉ៃថ៍នី (Joel Whitney) និពន្ធ​នាយក​ទស្សនាវដ្ដី​ផ្នែក​វិចិត្រសិល្បៈ និង​នយោបាយ ឈ្មោះ ហ្គឺនីកា (Guernica) បាន​ធ្វើ​អត្ថាធិប្បាយ​លើ​សៀវភៅ​របស់​លោក ចូល ប្រ៊ីងខ៍លី ដែល​និយាយ​ថា ហេតុ​អ្វី​បាន​ជា​ប្រទេស​ផ្ដល់​ជំនួយ​មិន​ផ្អាក​ជំនួយ​សិន?
គាត់​បាន​រំឭក​ពាក្យ​ពេចន៍​របស់​សេដ្ឋ​វិទូ​ម្នាក់ គឺ​លោក ដាំប៊ីសា ម៉ូយ៉ូ (Dambisa Moyo) ដែល​និយាយ​ថា អំពើ​ពុករលួយ​គឺ​ជា​ការ​ផ្ញើ​ជីវិត​រស់​ដោយ​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ថា បើ​គេ​កាត់​ជំនួយ​ដល់​រាជរដ្ឋាភិបាល ក្រុម​អង្គការ​ម្ចាស់​ជំនួយ​ក៏​អស់​ការងារ​ធ្វើ​ដែរ។
បញ្ហា​កើត​មាន​រាល់​ថ្ងៃ ដូចជា​រឿង​ពុករលួយ រឿង​អ្នក​មាន​ជំងឺ​អាច​ស្លាប់​ក្នុង​ពេល​រង់ចាំ​ការ​ព្យាបាល​បើ​គ្មាន​លុយ​ សូក​គ្រូពេទ្យ ប៉ុន្តែ​ម្ចាស់​ជំនួយ​នៅ​តែ​បន្ត​ជួយ​ដូច​ការ​សន្យា​ជួយ​ជិត ២​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០ ដោយ​គ្មាន​លក្ខខណ្ឌ​មុន​សភា​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ ច្បាប់​ដែល​ចេញ​ពី​សភា​នោះ​ទៀតសោត ក៏​ពោរពេញ​ដោយ​ភាព​គ្មាន​ន័យ​អ្វី​ដែរ។
អ្នក​និពន្ធ​អាមេរិកាំង​រូប​នោះ​បាន​ហៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជា​អ្នក​បង្ក​ឲ្យ​មាន​បរិយាកាស​លួច​ជាតិ​សម្រាប់​បក្សពួក​គ្មាន​ធម៌​មេត្តា ហាក់​បី​ដូច​ពេជ្ឈឃាដ (murderous kleptocrat) ហើយ​ថា ខ្មែរ​ពី ៤៧% ទៅ ៦០% មាន​ជំងឺ​ភាំងៗ ធ្មឹងៗ សម្រាន្ត​មិន​លក់​ពេញលេញ ដែល​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ប្រភេទ​នេះ ជួនកាល​ស្ពឹក​ស្រពន់ ជួនកាល​ឆាប់​ច្រឡោត​ឆេវឆាវ​ដាក់​គេ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น