អំពើ​ពុករលួយ​ក្នុង​ពេល​ប្រឡង​ឆមាស​ទី​២​សម្រាប់​សិស្ស​ថ្នាក់​ទី​១២

2011-06-15


អាណាព្យាបាល​សិស្ស​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​បើក​ការ​ស៊ើប​អង្កេត និង​ទប់​ស្កាត់​​ចំពោះ​​ភាព​មិន​ប្រក្រតី​បាន​កើត​មាន​នៅ​ក្នុង​សម័យ​ប្រឡង​ឆមាស​ទី​២ នៅ​តាម​វិទ្យាល័យ​ដែល​​កើត​មាន​​អំពើ​ពុករលួយ ដោយ​គ្រូ​ប្រចាំ​ថ្នាក់ និង​ថ្នាក់​ដឹកនាំ​តាម​វិទ្យាល័យ​មួយ​ចំនួន តម្រូវ​ឲ្យ​សិស្ស​បង់​លុយ​ជា​ថ្នូរ​បាន​ប្រឡង​ជាប់ ឬ​ទទួល​បាន​ពិន្ទុ​ល្អ។
បុរស​ម្នាក់​ហុច​ប្រ៊ុយយ៉ុង​ឲ្យ​បេក្ខជន​ប្រឡង នៅ​អនុ​វិទ្យាល័យ​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១០។ ក្រសួង​អប់រំ​យុវជន និង​កីឡា​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១១ សម្រាប់​ឲ្យ​សិស្ស​ថ្នាក់​ទី​១២ ឬ​មធ្យម​សិក្សា​កម្រិត​ទី​២ នៅ​ទូទាំង​ប្រទេស​​ប្រឡង​ឆមាស​ទី​២ មុន​នឹង​​ប្រឡង​យក​សញ្ញាបត្រ​បញ្ចប់​ការ​សិក្សា​នៅ​ខែ​កក្កដា ខាង​មុខ។ ប៉ុន្តែ​ការ​ប្រឡង​ឆមាស​ទី​២ ដែល​ទើប​បិទ​បញ្ចប់​នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​មិថុនា មាន​សេចក្ដី​រាយការណ៍​ពី​អាណាព្យាបាល និង​សិស្សានុសិស្ស​ឲ្យ​ដឹង​ថា ថ្នាក់​ដឹកនាំ​នៅ​តាម​វិទ្យាល័យ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ បាន​គំរាម​ឲ្យ​សិស្ស​បង់​លុយ​ក្នុង​តម្លៃ​ខ្ពស់​ជា​ថ្នូរ​បាន​ប្រឡង​ជាប់។ បុរស​វ័យ​ចំណាស់​ស្នើ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ម្នាក់ រស់​នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​អះអាង​ថា ការ​ប្រឡង​ឆមាស​ទី​២ សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​នេះ កូនៗ​របស់​គាត់​បាន​សុំ​លុយ​ចំនួន ២៥​ដុល្លារ​ក្នុង​ម្នាក់​សម្រាប់​បង់​ជូន​គ្រូ​ប្រចាំ​ថ្នាក់ ក៏​ដូចជា​ថ្នាក់​​ដឹកនាំ​វិទ្យាល័យ​ឫស្សីកែវ ដែល​ទាមទារ​​ឲ្យ​សិស្ស​គ្រប់ៗ​រូប​ត្រូវ​បង់​ប្រាក់ ដោយ​បាន​គំរាម​ថា បើ​សិស្ស​រូប​ណា​មិន​បង់​លុយ​ឲ្យ​គ្រូ​ អាច​ប្រឡង​មិន​ជាប់ ឬ​មិន​ទទួល​បាន​ពិន្ទុ​ល្អ​ទេ។ ដោយ​ឡែក​នៅ​វិទ្យាល័យ​ច្បារ​អំពៅ និង​តាម​វិទ្យាល័យ​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ក៏​មាន​ព័ត៌មាន​ពី​សិស្សានុសិស្ស និង​មាតា​បិតា​សិស្ស​ប្រហាក់​ប្រហែល​គ្នា​ដែរ ជុំវិញ​ការ​ប្រឡង​ឆមាស​ទី​២​នេះ។ ភាព​អនាធិបតេយ្យ​ទាំង​នេះ អាណាព្យាបាល​សិស្ស​បាន​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ និង​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ជួយ​​ស៊ើប​អង្កេត ឬ​ជួយ​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​ទាំង​នេះ​កុំ​ឲ្យ​កើត​មាន​ក្នុង​វិស័យ​អប់រំ​កម្ពុជា ត​ទៅ​ថ្ងៃ​អនាគត ដើម្បី​លើក​ស្ទួយ​វិស័យ​សិក្សាធិការ​នៅ​កម្ពុជា ឲ្យ​មាន​គុណភាព។ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​ឆមាស​ទី​២ ឆ្នាំ​នេះ សមាគម​លោក​ពិត​ជា​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ពិត​មែន មាន​ដូចជា​ការ​បែក​ធ្លាយ​វិញ្ញាសា​មុខ​វិជ្ជា​ខ្មែរ និង​មុខ​វិជ្ជា​គណិត​វិទ្យា​ជា​ដើម។ លោក​ថា ភាព​មិន​ប្រក្រតី ឬ​អំពើ​ពុករលួយ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា ប្រសិន​បើ​ថ្នាក់ដឹកនាំ​ស្ថាប័ន​នេះ ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ គុណភាព​អប់រំ​នៅ​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ និង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​​មាន​ជីវភាព​ក្រីក្រ។ លោក រ៉ុង ឈុន ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «សកម្មភាព​រយៈពេល ៣​ថ្ងៃ​នេះ យើង​ទទួល​បាន​ព័ត៌មាន​ថា នៅ​សាលា​វិទ្យាល័យ​ឫស្សីកែវ មាន​ការ​ផ្ដល់​ប្រាក់ ២៥​ដុល្លារ ដើម្បី​ដំឡើង​ពិន្ទុ ហើយ​នៅ​វិទ្យាល័យ​ច្បារ​អំពៅ អ្នក​ប្រឡង​បេក្ខជន​ស្វៃរិន ១​មុខវិជ្ជា ១៥​ដុល្លារ ឲ្យ​គ្រូ​ធ្វើ​អត្រា​កំណែ​ឲ្យ។ ទង្វើ​បែប​នេះ​វា​ជា​រូបភាព​អាក្រក់​មែន​ទែន​នៅ​កម្ពុជា​យើង»។ ទាក់ទង​បញ្ហា​នេះ លោក អ៊ូ អេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា បាន​ថ្លែង​ថា ក្រសួង​​​​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​អំពើ​ពុករលួយ ឬ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​ឆមាស​ទី​២ សម្រាប់​សិស្ស​ថ្នាក់​ទី​១២ ដែល​​ទើប​បញ្ចប់​នៅ​ថ្ងៃ​ពុធ នោះ​ទេ។ ទោះ​យ៉ាង​នេះ​ក្ដី លោក អ៊ូ អេង បាន​អះអាង​ថា នឹង​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណើ​របស់​​សិស្ស និង​អាណា​ព្យាបាល​ជុំវិញ​អំពើ​ពុករលួយ​ទាំង​នេះ ៖ «ឲ្យ​តែ​មាន​ព័ត៌មាន​យើង​ស៊ើប​អង្កេត​ហើយ​បាទ!»។ មន្ត្រី​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថា នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​សិស្សានុសិស្ស​មធ្យមសិក្សា​ទុតិយភូមិ ឬ​មធ្យមសិក្សា​កម្រិត​ទី​២ មា​ន​សិស្ស​ចំនួន​ជិត ១០០.០០០​នាក់ (ដប់​ម៉ឺន​នាក់) ដែល​មាន​ឈ្មោះ​ប្រឡង​ឆមាស​ទី​២ ឆ្នាំ​២០១១​នេះ។ របាយការណ៍​​​​​​វិទ្យាស្ថាន​អភិវឌ្ឍន៍​បរទេស​របស់​ប្រទេស​អង់គ្លេស (United Kingdom-based Oversea Development) ចេញ​ផ្សាយ​ថ្ងៃ​ទី​១៣ ខែ​មិថុនា បាន​វាយ​តម្លៃ​​​អំពី​​គុណភាព​វិស័យ​អប់រំ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​សកលលោក​​​​បង្ហាញ​ថា ​ការ​អភិវឌ្ឍ​​លើ​វិស័យ​អប់រំ​នៅ​​​កម្ពុជា ស្ថិត​ក្នុង​កម្រិត​ទាប​ក្នុង​ចំណោម​ប្រទេស​​​​មួយ​ចំនួន​​ដែល​មាន​ការ​វិវឌ្ឍ​លើ​វិស័យ​សិក្សាធិការ​យឺតយ៉ាវ ដែល​ទាមទារ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណែ​ទម្រង់​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ ផែនការ​សិក្សា​​​សហសវត្សរ៍​ដែល​កំណត់​នៅ​ឆ្នាំ​២០១៥ កម្ពុជា​នឹង​មិន​​អាច​ទទួល​​​​​ជោគជ័យ​បាន​ទេ។ របាយការណ៍​ដដែល​ក៏​បាន​​ចាត់​ចំណាត់ថ្នាក់​គុណភាព​អប់រំ​​​​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កម្រិត​ទាប ឬ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ក្នុង​នោះ​រួម​មាន​ប្រទេស​ឡាវ (Laos) ប្រទេស​អែលសាល់វាឌ័រ (El Salvador) អេរីត្រា (Eritrea) រ៉វ៉ាន់ដា (Rwanda) អេត្យូពី (Ethiopia) សូម៉ាលី (Somalia) និង​រដ្ឋ​សូម៉ាលីលែន (Somali land) ដែល​ជា​រដ្ឋ​ស្វយ័ត​នៃ​ប្រទេស​សូម៉ាលី៕

ไม่มีความคิดเห็น:

แสดงความคิดเห็น