ខ្មែរ​​មិន​បាន​​ចល័ត​ទ័ព​ដូច​ការ​ចោទ​របស់​ថៃ​ទេ

2011-06-29
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា កងទ័ព​កម្ពុជា ពុំ​មាន​ការ​ចល័ត​ទ័ព និង​ហ្វឹកហាត់​យុទ្ធសាស្ត្រ​បោក​គ្រាប់បែក និង​បាញ់​កាំភ្លើង​ធំ ដូច​ការ​ចោទ​ប្រកាន់​របស់​មេបញ្ជាការ​យោធា​ថៃ​នោះ​ទេ។ RFA/Hang Savyouth ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ខ្មែរ​ពិនិត្យ​មើល​ថ្ម​ប្រាសាទ​ព្រះវិហារ ដែល​បាក់​បែក​ដោយសារ​តែ​គ្រាប់​កាំភ្លើង​ថៃ​បាញ់​ចំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។
អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា កងទ័ព​កម្ពុជា ដែល​កំពុង​តែ​ឈរ​ជើង​នៅ​តាម​ខ្សែ​ត្រៀម​ជួរ​មុខ​បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ប៉ុន្តែ​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ការពារ​ទឹក​ដី​តាម​បទបញ្ជា​របស់​ថ្នាក់​ដឹកនាំ​ជា​ធម្មតា។ ចំណែក​ឯ​ការ​ចោទ​ប្រកាន់​របស់​យោធា​ថៃ គឺ​ជា​លេស​មួយ​ដើម្បី​វាយ​ប្រហារ​ជា​ថ្មី​មក​លើ​ភាគី​កម្ពុជា។ លោក​បន្ត​ថា ៖ «កម្លាំង​កងទ័ព​កម្ពុជា​យើង គឺ​ឈរ​ជើង​នៅ​តាម​ព្រំដែន គឺ​ពុំ​មាន​ចល័ត​កម្លាំង​ទេ។ ឃើញ​ថា បញ្ហា​នេះ​ជា​បញ្ហា​ដែល​ថៃ ប្រឌិត​ឡើង​សុទ្ធសាធ ដើម្បី​មាន​បំណង​ប្រឌិត​រឿង បង្ក​ហេតុ​ជាមួយ​ប្រទេស​កម្ពុជា តែ​ប៉ុណ្ណោះ»។ ការ​បដិសេធ​ជា​ផ្លូវការ​នេះ បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​របស់​កាសែត​ថៃ ឈ្មោះ ម្កុត (MCOT) បាន​ដក​ស្រង់​ប្រសាសន៍​របស់​មេបញ្ជាការ​យោធា​ថៃ ឈ្មោះ ប្រាវីត ហុកកែវ (Prawit Hookaew) បាន​ថ្លែង​ចោទ​ប្រកាន់​ថា កងទ័ព​កម្ពុជា កំពុង​តែ​ចល័ត​ទ័ព​នៅ​តាម​ព្រំដែន និង​កំពុង​តែ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​បន្ថែម​ទៀត។ មេបញ្ជាការ​យោធា​ថៃ​រូប​នេះ​បាន​អះអាង​ទៀត​ថា យោធា​ថៃ កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ និង​កំពុង​តែ​ពង្រឹង​កម្លាំង​ទ័ព​ផង​ដែរ​នៅ​តាម​ព្រំដែន។ ប្រធាន​អង្គការ​ឈ្មោះ សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន និង​ជា​សមាជិក​នៃ​បណ្ដាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិភាព បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ប្រៀប​លើ​ផ្លូវ​ច្បាប់ និង​ការទូត​នៅ​ឆាក​អន្តរជាតិ ដូច្នេះ​គ្មាន​ហេតុផល​ណា​ដែល​នាំ​ឲ្យ​កម្ពុជា ជា​អ្នក​បង្ក​សង្គ្រាម​នោះ​ទេ ៖ «បើ​អ៊ីចឹង​យើង​សួរ​ថា ប្រទេស​កម្ពុជា​យើង​មាន​ហេតុផល​អ្វី​ដែល​យើង​ឈ្លានពាន​ទៅ​លើ​ប្រទេស​សៀម ពីព្រោះ​យើង​ការពារ​តែ​ដែន​ដី យើង​ការពារ​តែ​បូរណភាពទឹកដី​ដី​របស់​ប្រទេស​កម្ពុជា​យើង ដែល​មាន​នៅ​ក្នុង​ច្បាប់​អន្តរជាតិ»។ សេចក្ដី​រាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា ប្រតិភូ​ថៃ​បាន​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​រារាំង​មិន​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) ទទួល​យក​សេចក្ដី​ព្រាង​ផែនការ​គ្រប់គ្រង និង​អភិរក្ស​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៥ នៅ​ក្នុង​ប្រទេស​បារាំង​សប្ដាហ៍​កន្លង​ទៅ​នេះ។ ប្រតិភូ​ថៃ បាន​ដើរ​ចេញ​យ៉ាង​តក់ក្រហល់ និង​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​សមាជិក​នៃ​អនុសញ្ញា​ស្ដីពី​ការ​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ បាន​វាយ​ប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំៗ ចំនួន ៣​លើក​កន្លង​មក។ លើក​ទី​១ នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពី​ប្រាសាទ​ព្រះវិហារ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨។ ការ​វាយ​ប្រយុទ្ធ​លើក​ទី​២ នៅ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១១ និង​លើក​ទី​៣ នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​តំបន់​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា។ មេបញ្ជាការ​យោធា​ថៃ នៃ​ភូមិភាគ​ទី​២ ឈ្មោះ សុវត្ថិឆ័យ សាមុតសាខន (Sowatchay Samusakhorn) និង​មេបញ្ជាការ​យោធា​កម្ពុជា នៃ​ភូមិ​ភាគ​ទី​៤ លោក ជា ម៉ន បាន​ឯកភាព​គ្នា​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ចំនួន ៦​ចំណុច លើ​បទ​ឈប់​បាញ់ រាប់​ទាំង​មិន​ឲ្យ​មាន​ការ​ផ្សាយ​ព័ត៌មាន​បំផ្លើស​ពី​ការ​ពិត ដើម្បី​បំពុល​បរិយាកាស​នៅ​តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น