អាមេរិក​ឲ្យ​ពិន្ទុ​កម្ពុជា​ល្អ​បង្គួរ​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស

ដោយ សុខ សេរី

2011-06-30
សហរដ្ឋអាមេរិក​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​ប្រចាំ​ឆ្នាំ លំដាប់​លេខ​២ គឺ​ល្អ​បង្គួរ​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ​២០១១។
RFA/Sok Serey
ម្ចាស់​សណ្ឋាគារ ឆាយ ហួរ II នៅ​ទីក្រុង​ភ្នំពេញ (រូប​ពាក់​មួក) ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ជួញដូរ​មនុស្ស និង​ផ្លូវ​ភេទ​នៅ​ឆ្នាំ​២០០៥។
របាយការណ៍​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១ បាន​និយាយ​ថា ប្រទេស​កម្ពុជា ជា​ប្រភព​នៃ​អំពើ​ជួញដូរ​មនុស្ស ជា​កន្លែង​ឆ្លងកាត់ និង​ជា​ទិសដៅ​នៃ​ការ​ជួញដូរ​មនុស្ស​មាន​បុរស ស្រ្តី និង​កុមារ សម្រាប់​ការងារ​ពលកម្ម​ដោយ​បង្ខំ និង​ការ​ជួញដូរ​ផ្លូវ​ភេទ​ជាដើម។

របាយការណ៍​បាន​បន្ត​ថា បុរស ស្រ្តី និង​កុមារ​កម្ពុជា បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​តាម​រយៈ​ពលកម្ម​ចំណាក​ស្រុក​ ទៅ​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ដទៃ​ទៀត ដូចជា​ការ​ជួញដូរ​ផ្លូវ​ភេទ ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ការងារ​នេសាទ កសិកម្ម ឧស្សាហកម្ម និង​រោងចក្រ ព្រមទាំង​ការងារ​នៅ​តាម​ផ្ទះសម្បែង គឺ​តាម​រយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ។
របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​២ ល្អ​បង្គួរ ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ប៉ុន្តែ​ចំណាត់ថ្នាក់​នេះ​មិន​ទាន់​អាច​ចាត់​ទុក​ជា​ចំណុច​ខ្លាំងក្លា​នៅ​ ឡើយ ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​បាន​បង្ហាញ​អំពី​ការ​រីក​ចម្រើន​ល្អ​ប្រសើរ​ក្នុង​ការ​ពង្រឹង​ ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ​២០១១។
របាយការណ៍​នេះ​បាន​កត់​សម្គាល់​ទៀត​ថា កាល​ពី​ឆ្នាំ​២០១០ កន្លង​ទៅ ពលករ​ចំនួន ១៦.៣៩៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី នៅ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១១.៩១៨​នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០០៩ គឺ​មាន​ចំនួន​សរុប ៩.៩៨២​នាក់ និង​ឆ្នាំ​២០០៨ ចំនួន ២.៦៥៤​នាក់។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ថា ការ​វាយ​តម្លៃ និង​ការ​ដាក់​ឈ្មោះ​កម្ពុជា ក្នុង​លំដាប់​លេខ​២ គឺ​ដូច​ឆ្នាំ​មុនៗ​ដែរ។ លោក​ចាត់​ទុក​ថា របាយការណ៍​នេះ​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ។
លោក​បន្ត​ថា ៖ «យើង​ចាត់​ថា នេះ​ជា​ការ​វាយ​តម្លៃ​មួយ​ដែល​សហរដ្ឋអាមេរិក បាន​ចាត់​ទុក​ថា នេះ​យើង​មាន​ការ​ខិតខំ​ប្រឹងប្រែង​មាន​សុឆន្ទៈ»
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក មឿន តុលា បាន​មាន​ប្រសាសន៍​ថា កន្លង​មក​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​ខ្លាំងក្លា ដើម្បី​ចាប់​ខ្លួន​ជនល្មើស ឬ​ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​ពលករ ដូចជា​ក្រុមហ៊ុន ធី អែន ភី (T & P) ជាដើម ដែល​មាន​ពលករ​លោត​ចេញ​ពី​ក្រុមហ៊ុន​បណ្ដាល​ឲ្យ​បាក់​ជើង​ទាំង​២ និង​មាន​ពលករ​ម្នាក់​បាន​ស្លាប់​នៅ​ក្នុង​ក្រុមហ៊ុន។
លោក​បន្ត​ថា ៖ «ក្រសួង​ការងារ​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​បញ្ជា​ឲ្យ​ មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​មួយ​របស់​មជ្ឈមណ្ឌល​នេះ​បិទ​ទេ។ មណ្ឌល​ផ្សេងៗ​នៅ​បើក​ហ្នឹង ហើយ​មិន​មាន​ការ​ដាក់​ទោស​ទណ្ឌ​អ្វី វា​ហាក់​ដូចជា​មិន​បាន​ធ្វើ​អ្វី​សោះ ព្រោះ​ជា​ទម្លាប់​របស់​ក្រុមហ៊ុន​នាំ​ពលករ​ចេញ។ កាលណា​មាន​បញ្ហា​នៅ​មណ្ឌល​មួយ​អ៊ីចឹង គេ​មិន​បើក​មណ្ឌល​ហ្នឹង​ទៀត​ទេ គេ​តែងតែ​ប្ដូរ​ពលករ​ទាំង​អស់​ទៅ​មណ្ឌល​ផ្សេងៗ​ទៀត​ហើយ»
របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ផ្ដល់​អនុសាសន៍​ដូច​តទៅ បង្កើន​ការ​ប្រឹងប្រែង​ក្នុង​ការ​ស៊ើបអង្កេត និង​ផ្ដន្ទា​ទោស​ជនល្មើស​នៃ​អំពើ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ។
របាយការណ៍​បាន​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ប្រឹងប្រែង​ឲ្យ​បាន​ល្អ​ប្រសើរ​ក្នុង​ការ​ការពារ​ជន​រងគ្រោះ និង​ផ្ដល់​ការ​ជួយ​ឧបត្ថម្ភ​នានា។ ខ្វះ​សម្ភារៈ​ដើម្បី​ផ្ដល់​ការ​ស្នាក់នៅ​របស់​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​ មនុស្ស។
កាល​ពី​ឆ្នាំ​២០០៥ កន្លង​ទៅ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​លំដាប់​ថ្នាក់​លេខ​៣ គឺ​អាក្រក់​បំផុត ដោយសារ​តែ​ប្រទេស​កម្ពុជា នៅ​ពេល​នោះ​មាន​រឿង​អាស្រូវ​ធំ​មួយ​នៃ​ការ​ជួញដូរ​មនុស្ស និង​ផ្លូវ​ភេទ នៅ​សណ្ឋាគារ ឆាយ ហួរ II នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ម្ចាស់​សណ្ឋាគារ​ឈ្មោះ ប៉ោ លី ត្រូវ​បាន​ចាប់​ខ្លួន​ផ្ដន្ទា​ទោស​នៅ​ពេល​នោះ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น