លុយ​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​មិន​ចូល​ថវិកា​រដ្ឋ

ពល​រដ្ឋ​ខ្មែរ​សឹង​ពេញ​នគរ​រហូត​មក​ទល់​ពេល​នេះ​គ្មាន​នរណា​ដឹង​ច្បាស់​ ទេ​ថា តើ​លុយ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​មួយ​ឆ្នាំ​ៗ បាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។
ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បង្ហាញ​ថា ថវិកា​រាប់​សិប​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ដែល​ក្រុមហ៊ុន​សណ្ឋាគារ​សុខា​របស់​លោក​ឧកញ៉ា សុខ គង់ ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង ១​ឆ្នាំ​ៗ មិន​បាន​លាត​ត្រដាង​ឲ្យ​មាន​តម្លាភាព​ដល់​សាធារណជន ឬ មិន​បាន​ឃើញ​ចុះ​ក្នុង​បញ្ជី​គណនេយ្យ​ថវិកា​របស់​ជាតិ​នោះ​ឡើយ។

នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០០០ រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ក្រសួង​ទេសចរណ៍​បាន​ប្រគល់​សិទ្ធិ​ក្នុង​ការ​លក់​សំបុត្រ​ចូល​មើល​ប្រាសាទ​ អង្គរ​ទៅ​ឲ្យ​អាជ្ញាធរ​អប្សរា។ ប៉ុន្តែ​អាជ្ញាធរ​អប្សរា​សម្រេច​ប្រគល់​សិទ្ធិ​ប្រមូល​ប្រាក់​ពី​ការ​លក់​ សំបុត្រ​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​សណ្ឋាគារ​សុខា របស់​លោក​ឧកញ៉ា សុខ គង់ ជា​អ្នក​ប្រមូល​លុយ​ជំនួស។
លិខិត​របស់​រដ្ឋាភិបាល​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០០៨ បង្ហាញ​ថា ក្រុម​ហ៊ុន​សណ្ឋាគារ​សុខា របស់​លោក​ឧកញ៉ា សុខ គង់ កាល​ពី​ឆ្នាំ​២០០៧ រក​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​នោះ​ជាង ២៩​លាន​ដុល្លារ ហើយ​បង់​ទៅ​ឲ្យ​រដ្ឋាភិបាល​ជាង ២២​លាន​ដុល្លារ ចែក​ទៅ​ឲ្យ​ខាង​អភិរក្ស​អង្គរ​ជិត ៥​លាន​ដុល្លារ ហើយ​ក្រុម​ហ៊ុន​នេះ​យក​ជាង ៥​លាន​ដុល្លារ ខណៈ​អាជ្ញាធរ​អប្សរា​រាយ​ការណ៍​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរណ៍​អន្តរ​ជាតិ​ជាង ២​លាន​នាក់ មាន​តែ​ចំនួន ៥០% ប៉ុណ្ណោះ​ដែល​ទៅ​មើល​ប្រាសាទ​អង្គរ។
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណ​បក្ស​ សម ​រង្ស៊ី ​បដិសេធ​ថា តួ​លេខ​ដែល​រដ្ឋាភិបាល​បាន​បង្ហាញ​នោះ​ ជា​តួ​លេខ​មិន​ពិត​ប្រាកដ។ លោក​ថ្លែង​ថា តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​លោក​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន ៨០% មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​នា​ឆ្នាំ​នោះ ហើយ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ដែល​មក​ទស្សនា​នៅ​កម្ពុជា ​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​ ដូច្នេះ​ចំនួន​នៃ​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត ក៏​មាន​ការ​កើន​ឡើង​នោះ​ដែរ។
តម្លៃ​សំបុត្រ​ដែល​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​បី​ប្រភេទ គឺ​ពី ​២០​ដុល្លារ ៤០​ដុល្លារ និង​ ៦០​ដុល្លារ។ សំបុត្រ​តម្លៃ ២០​ដុល្លារ សម្រាប់​ភ្ញៀវ​ដែល​ចូល​មើល​រយៈ​ពេល​មួយ​ថ្ងៃ ហើយ ៤០​ដុល្លារ​សម្រាប់​ភ្ញៀវ​ដែល​ចង់​ចូល​ទស្សនា​រយៈ​ពេល ៣​ថ្ងៃ រី​ឯ​តម្លៃ ៦០​ដុល្លារ សម្រាប់​ភ្ញៀវ​ដែល​ចង់​ទស្សនា​រយៈ​ពេល ១​អាទិត្យ។
លោក សុន ឆ័យ មាន​ប្រសាសន៍​ថា ភ្ញៀវ​ទេសចរណ៍​សឹង ៧០%​ ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​តម្លៃ ៤០​ដុល្លារ ដល់ ​៦០​ដុល្លារ សម្រាប់​រយៈ​ពេល​បួន​ថ្ងៃ​ដល់ ១​អាទិត្យ។ លោក​ថ្លែង​ថា ​ភ្ញៀវ​ទេសចរណ៍​ភាគ​តិច​ណាស់​ដែល​ទិញ​សំបុត្រ​ក្នុង​តម្លៃ ២០​ដុល្លារ​នោះ។
លោក​ឧកញ៉ា សុខ គង់ ប្រធាន​ក្រុម​ហ៊ុន​សណ្ឋាគារ​សុខា ដែល​ជា​អ្នក​ប្រមូល​លុយ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ នៅ​មិន​ទាន់​អាច​ផ្ដល់​សេចក្ដី​អត្ថាធិប្បាយ​បាន​ទេ​ទាក់​ទិន​ទៅ​ខ្ទង់​ ចំណូល​ពី​ការ​លក់​សំបុត្រ​នោះ។
លោក សុខ គង់ មាន​ក្រុម​ហ៊ុន​ធំៗ មួយ​ចំនួន​នៅ​កម្ពុជា ដូច​ជា​ក្រុម​ហ៊ុន​លក់​ប្រេង​សាំង​សូគីម៉ិច ក្រុម​ហ៊ុន​សណ្ឋាគារ​សុខា ក្រុម​ហ៊ុន​កាត់​ដេរ​សម្លៀក​បំពាក់ ​គង់ ​ហុង ក្រុមហ៊ុន​​សុខា​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ភ្នំ​បូកគោ និង​ក្រុម​ហ៊ុន​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ជា​ដើម។ ក្រុម​ហ៊ុន​លក់​ប្រេង​សាំង​សូគីម៉ិច ក៏​ជា​ក្រុម​ហ៊ុន​លក់​ប្រេង​ឥន្ធនៈ​ដល់​យាន​យន្ត​របស់​រដ្ឋ​ផង​ដែរ។
ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ បាន​ផ្ដល់​សំណូក​យ៉ាង​ច្រើន​ដល់​មន្ត្រី​រដ្ឋាភិបាល​សម្រាប់​ការ​គ្រប់​គ្រង ​ផ្ដាច់​មុខ​ក្នុង​កិច្ច​ការ​ជំនួញ និង​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​លោក។ ប៉ុន្តែ​នៅ​ក្នុង​បទ​សម្ភាសន៍​ពិសេស​រវាង​លោក​ឧកញ៉ា សុខ គង់ និង​អ្នក​យក​ព័ត៌មាន​របស់​កាសែត The Cambodia Daily កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០០៨ លោក សុខ គង់ បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​របស់​លោក​មិន​ចេះ​ផ្ដល់​សំណូក​ដល់​រដ្ឋាភិបាល​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ផ្គត់ផ្គង់​យ៉ាង​ច្រើន​ដល់​សាលា​រៀន មន្ទីរ​ពេទ្យ កាកបាទ​ក្រហម ព្រម​ទាំង​បង់​ពន្ធ​ចូល​រដ្ឋ​យ៉ាង​ទៀង​ទាត់ ហើយ​ថា​ក្រុម​ហ៊ុន​របស់​លោក​បាន​ធ្វើ​សវនកម្ម​យ៉ាង​មាន​តម្លាភាព។
ទាក់​ទិន​ទៅ​នឹង​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ប្រាសាទ​អង្គរ​នេះ ​ដែរ ក្រុម​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា កាល​ពី​ទសវត្ស​ឆ្នាំ​១៩៩០ ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ ជា​អ្នក​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ហើយ​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​នេះ មាន​ចំនួន​តិច​តួច​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង​ការ​គ្រប់​គ្រង​លក់​សំបុត្រ​របស់​ក្រុម​ហ៊ុន​ឯក​ជន។
អគ្គ​នាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ មាន​ប្រសាសន៍​ថា កិច្ច​សន្យា​រវាង​ក្រុម​ហ៊ុន​សណ្ឋាគារ​សុខា និង រដ្ឋាភិបាល ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព​បំផុត រួម​ទាំង​មាន​ការ​ត្រួត​ពិនិត្យ​ពី​អន្តរ​ជាតិ​ផង​ដែរ។ លោក ប៊ុន ណារិទ្ធិ បាន​ពន្យល់​អំពី​ការ​បែង​ចែក​ថវិកា​ពី​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គ ​រថា ប្រាក់​ចំណូល​ទាំង​នោះ​ត្រូវ​បញ្ចូល​ផ្ទាល់​ចូល​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ក្រសួង​នេះ​ជា​អ្នក​ចាត់​ចែង​បន្ត។
របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​កាល​ពី​ឆ្នាំ​២០១០ បង្ហាញ​ថា​ ភ្ញៀវ​ទេសចរណ៍​​អន្តរ​ជាតិ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ​មាន​ចំនួន ២​លាន ៥​សែន​នាក់ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​របាយ​ការណ៍​ចំណូល​ប៉ុន្មាន​នោះ​នៅ​ឡើយ​ទេ ហើយ​នៅ​រយៈ​ពេល​បួន​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១១ នេះ មាន​ចំនួន ១​លាន ១​ម៉ឺន​នាក់។
រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា នៅ​ចុង​ឆ្នាំ​២០១១ ខាង​មុខ ចំនួន​ភ្ញៀវ​ទេសចរណ៍​​មក​កម្ពុជា ​អាច​កើន​ឡើង​ដល់​ទៅ ២​លាន ៨​សែន​នាក់។ លោក​មាន​ប្រសាសន៍​ថា ទាក់​ទង​នៅ​នឹង​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ អង្គរវត្ត​នោះ ក្រសួង​របស់​លោក​ទទួល​បាន ១៥% សម្រាប់​ចំណាយ​ខាង​ការ​ផ្សព្វ​ផ្សាយ​វិស័យ​ទេសចរណ៍។
ជុំវិញ​ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ អង្គរ​នេះ​ដែរ គេ​នៅ​មិន​ទាន់​ឃើញ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កម្ពុជា​ដាក់​បង្ហាញ​ជា​សាធារណៈ​នៃ​ចំនួន​ថវិកា​ពិត​ ប្រាកដ​នៅ​ឡើយ​ទេ។
ប្រធាន​សមាគម​ជាតិ​សហគ្រាស​ទេសចរណ៍​លោក មឿង សុន បាន​ផ្ដល់​អនុសាសន៍​ថា ដើម្បី​លក់​សំបុត្រ​នេះ​ឲ្យ​មាន​តម្លាភាព​រវាង​ក្រុម​ហ៊ុន និង​រដ្ឋាភិបាល​ថែម​ទៀត គេ​គួរ​មាន​ម៉ាស៊ីន​មួយ​ដែល​អាច​ថត​រូប​អ្នក​ទិញ​សំបុត្រ ហើយ​ចេញ​សំបុត្រ និង​វិក្កយបត្រ​នោះ​ឲ្យ​ភ្ញៀវ​ទៅ​តាម​កម្មវិធី​ដែល​មាន​បញ្ចូល​តាម​ប្រព័ន្ធ ​កុំព្យូទ័រ អំពី​តម្លៃ​សំបុត្រ​ពី​២០​ដុល្លារ ដល់​៦០​ដុល្លារ​នោះ។ លោក​ថ្លែង​ថា បន្ទាប់​មក​គេ​ភ្ជាប់​ប្រព័ន្ធ​ម៉ាស៊ីន​នោះ​ទៅ​ក្រសួង​ហិរញ្ញវត្ថុ​ដោយ​ ផ្ទាល់​តែ​ម្ដង។
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​លោក ជៀម យាប តំណាង​រាស្ត្រ​ពី​គណ​បក្ស​ប្រជា​ជន និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម បាន​អះអាង​ថា រដ្ឋាភិបាល​បាន​គ្រប់គ្រង​ថវិកា​ពី​ចំណូល​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​ អង្គរ​នោះ​បាន​យ៉ាង​ត្រឹម​ត្រូវ ហើយ​ថា ​មាន​ការ​បែង​ចែក​ថវិកា​ទាំង​នោះ ទៅ​ឲ្យ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដើម្បី​ដំណើរ​ការ​ការ​ងារ​របស់​គេ។
លោក ជៀម យាប មាន​ប្រសាសន៍​បន្ត​ថា ដោយ​សារ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ធ្វើ​ការ​ដេញ​ថ្លៃ​ លក់​សំបុត្រ​នេះ​ហើយ ទើប​រដ្ឋ​អាច​រក​ចំណូល​ចូល​ថវិកា​ជាតិ​បាន​ខ្លះ។
ជុំវិញ​បញ្ហា​ខាង​ផ្នែក​ទេសចរណ៍​នៅ​កម្ពុជា​នេះ​ដែរ លោក ហូ វាន់ឌី សហ​ប្រធាន​ក្រុម​ការ​ងារ​ទេសចរណ៍​កម្ពុជា​បាន​ផ្ដល់​អនុសាសន៍​ថា កម្ពុជា​គួរ​បង្កើន​តម្លាភាព​ខាង​ការ​ប្រកួត​ប្រជែង​សេវា​កម្ម​ទេសចរណ៍ និង​បង្កើន​ជើង​ហោះ​ហើរ​ពី​បរទេស​ឲ្យ​បាន​ច្រើន​ថែម​ទៀត។
ក្រុម​អ្នក​វិភាគ​ខ្លះ​និយាយ​ថា ដើម្បី​ឲ្យ​សេវា​កម្ម​ទេសចរណ៍​នៅ​កម្ពុជា មាន​ស្តង់ដារ​ខ្ពស់​ដូច​បណ្ដា​ប្រទេស​ជឿន​លឿន​ក្នុង​ពិភព​លោក​នោះ រដ្ឋាភិបាល​បញ្ចូល​តម្លៃ​សំបុត្រ​ចូល​ទស្សនា​អង្គរ​នេះ​ទៅ​ក្នុង​តម្លៃ​ពន្ធ ​សំបុត្រ​យន្ត​ហោះ ខណៈ​ភ្ញៀវ​ទេសចរ​ណ៍​អន្តរ​ជាតិ​ប្រមាណ​ជាង ៨០% មក​ដល់​កម្ពុជា​តាម​ជើង​យន្ត​ហោះ។ ក្រុម​នេះ​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​គឺ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់​គ្រង​ថវិកា​ចំណូល ព្រម​ទាំង​មិន​រំខាន​ដេញ​តាម​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មក​ទិញ​សំបុត្រ​ចូល​អង្គរ​ វត្ត​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น