លោក ហ៊ុន សែន៖ មាន​ឯកសារ​សម្ងាត់​ច្រើន​ទៀត​ទាក់ទង​នឹង​បក្ស​ប្រឆាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ទម្លាយ​ថា លោក​មាន​ឯកសារ​សម្ងាត់​ជា​ច្រើន​ទៀត​ទាក់ទង​រវាង​លោក និង​លោក កឹម សុខា ហើយ​លោក​ក៏​បាន​ប្រកាស​ដែរ​ថា លោក​ក៏​មាន​ឯកសារ​សម្ងាត់​ទាក់ទង​​នឹង​​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង ក្នុង​រយៈ​ពេល​កន្លង​មក​​ដែរ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។
ជម្លោះ​ពាក្យ​សម្ដី​រវាង​មេ​ដឹកនាំ​គណបក្ស​នយោបាយ​តែងតែ​កើត​មាន​ជា​បន្ត ​បន្ទាប់​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្តងៗ ជា​ពិសេស​នៅ​ពេល​នេះ ដើម្បី​ទាញ​យក​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​មក​លើ​គណបក្ស​របស់​ខ្លួន។
ខណៈ​ដែល​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​មក​ដល់​ នៅ​ឆ្នាំ ២០១២ ខាង​មុខ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឈ្នះ​ឆ្នោត​លើសលប់​ពី​គណបក្ស​ប្រឆាំង​នោះ ឥឡូវ​នេះ បាន​បញ្ចេញ​ការ​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​ជា​ថ្មី​ម្ដង​ទៀត អំពី​ការ​លួច​ទាក់ទង​គ្នា​ជា​សម្ងាត់។
លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី ៦ មិថុនា បាន​ព្រមាន​គណបក្ស​ប្រឆាំង​ចំនួន​ពីរ គឺ​គណបក្ស សិទ្ធិមនុស្ស និង​គណបក្ស សម រង្ស៊ី ក្នុង​ឱកាស​ប្រគល់​វិញ្ញាបនបត្រ​ដល់​កម្មសិក្សាការី នៅ​សាលា​ភូមិន្ទ​រដ្ឋបាល នា​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ៦ មិថុនា​ថា មេ​ដឹកនាំ​គណបក្ស​ទាំង​ពីរ​នេះ ធ្លាប់​បាន​ទាក់ទង​លោក​ជា​ច្រើន​ដង។
លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​មាន​ឯកសារ​ជា​ច្រើន​ទៀត និយាយ​អំពី​ការ​ទាក់ទង​គ្នា​ជា​សម្ងាត់​ជាមួយ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស។ លោក ហ៊ុន សែន ក៏​បាន​បញ្ជាក់​ថា អតីត​អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​ផ្ដាច់​ខ្លួន​ចូល​គណបក្ស​ប្រជាជន​វិញ​នោះ គឺ​លោក កែវ រ៉េមី គឺ​លោក​ជា​អ្នក​រៀបចំ​ឲ្យ​ដែរ។
ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ លោក កែវ រ៉េមី ដែល​បច្ចុប្បន្ន​មាន​នាទី​ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​ជាតិ ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អតីត​ជា​អនុប្រធាន​គណបក្ស​សិទ្ធិមនុស្ស ដែល​ធ្លាប់​តែ​រិះគន់​ការ​ដឹក​នាំ ប្រទេស​មិន​ល្អ​របស់​រដ្ឋាភិបាល​នោះ លោក​បាន​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ជា​ការ​ពិត។
ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក កឹម សុខា បាន​បំភ្លឺ​ថា លោក​គ្មាន​ដឹង​អំពី​ផែនការ​របស់​លោក ហ៊ុន សែន រៀបចំ​លោក កែវ រ៉ែមី ដែល​អតីត​ជា​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ហើយ​ចូល​មក​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​នោះ​ទេ។
លោក កឹម សុខា បាន​មាន​ប្រសាសន៍​ថា លោក​គ្មាន​ការ​ភ្ញាក់​ផ្អើល​អំពី​ផែនការ​របស់​លោក ហ៊ុន សែន ដែល​ព្រមាន​ថា មាន​ឯកសារ​សម្ងាត់​ជា​ច្រើន​ទៀត​នោះ​ក្តី។ ប៉ុន្តែ លោក កឹម សុខា បាន​អះអាង​ថា លោក​ធ្លាប់​បាន​ទាក់ទង​ជា​មួយ​លោក ហ៊ុន សែន នោះ គឺ​និយាយ​អំពី​បញ្ហា​ជាតិ ដូចជា ករណី​រំលោភ​សិទ្ធិមនុស្ស ករណី​រំលោភ​ដី​ធ្លី​ប្រជា​ពលរដ្ឋ។ វា​គ្មាន​អាថ៌កំបាំង​អ្វី​ឡើយ។
លោក កឹម សុខា បាន​អះអាង​ម្ដង​ទៀត​ថា គោលបំណង​របស់​លោក ហ៊ុន សែន គឺ​ជា​រឿង​នយោបាយ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស សម រង្ស៊ី ដក​សេចក្ដី​ទុក​ចិត្ត​ពី​គណបក្ស​សិទ្ធិមនុស្ស ដោយសារ​តែ​លោក ហ៊ុន សែន មិន​ចង់​ឲ្យ​គណបក្ស សម រង្ស៊ី បង្កើត​សម្ពន្ធភាព​នឹង​គណបក្ស​សិទ្ធិមនុស្ស​តែ​ប៉ុណ្ណោះ។
ការ​ប្រកាស​ជា​ថ្មី​ម្ដង​ទៀត​របស់​លោក ហ៊ុន សែន អំពី​ការ​ទាក់ទង​គ្នា​នឹង​លោក កឹម សុខា នេះ នៅ​បន្ទាប់​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចេញ​ខ្សែ​អាត់​និយាយ​ពី​ការ​ទាក់ទង​គ្នា​រវាង​លោក កឹម សុខា និង​លោក ហ៊ុន សែន ដែល​គេ​បង្ហោះ​នៅ​លើ​គេ​ទំព័រ​ក្នុង​ស្រុក​មួយ កាល​ពី​ថ្ងៃ​ទី ២៩ ឧសភា ឆ្នាំ ២០១១ និយាយ​អំពី​ការ​ធ្វើ​សមាជ​គណបក្ស​សិទ្ធិមនុស្ស កាល​ពី​ឆ្នាំ ២០០៧។
ក្រៅ​អំពី​ការ​ទាក់ទង​គ្នា​ជាមួយ​មេ​ដឹកនាំ​គណបក្ស សិទ្ធិមនុស្ស លោក ហ៊ុន សែន ក៏​បាន​ប្រកាស​ថា លោក​ក៏​ធ្លាប់​ទាក់ទង​ជាមួយ​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី ដែរ។ លោក ហ៊ុន សែន បាន​លើក​ពី​លោក សម រង្ស៊ី ថា​ធ្លាប់​បាន​ជួប​លោក​នៅ​តាខ្មៅ និង​ជួប​គ្នា​តាម​ទូរស័ព្ទ និយាយ​ពី​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ជ្រើស​តាំង​ប្រធាន អនុប្រធាន​រដ្ឋសភា ការ​ជ្រើសតាំង​រដ្ឋាភិបាល​ពី​រូប​មន្ត ២ ភាគ ៣ ទៅ​ជា ៥០ បូក ១ វិញ។
មន្រ្តី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ បាន​ឆ្លើយ​តប​វិញ​ថា លោក សម រង្ស៊ី ធ្លាប់​បាន​ជួប​លោក ហ៊ុន សែន មិន​មែន​ជួប​ជា​សម្ងាត់​ទេ។ រាល់​ការ​ជួប​របស់​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន គឺ​ជា​សាធារណៈ ដូចជា ការ​ជួប​គ្នា​កាល​ពី​ឆ្នាំ ១៩៩៨ និង​ជួប​គ្នា​ចុង​ឆ្នាំ ២០០៦ គឺ​រាល់​ការ​ជួប​លោក សម រង្ស៊ី បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន ដោះ​ស្រាយ​បញ្ហា​ជាតិ រួម​មាន​ដោះស្រាយ​រឿង​ព្រំដែន រឿង​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​ដោះស្រាយ​ភាព​ក្រីក្រ។ល។
ទាក់ទង​ទៅ​នឹង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ លោក យឹម សុវណ្ណ បាន​ពន្យល់​ថា គណបក្ស​ប្រឆាំង​មិន​មែន​ធ្វើ​តាម​បញ្ជា​លោក ហ៊ុន សែន ទេ។ មាន​ន័យ​ថា គណបក្ស​ប្រឆាំង​កែ​ចំណុច​ណា ដែល​គេ​យល់​ថា​ជា​ករណី​ខូច​ប្រយោជន៍​ជាតិ​ប៉ុណ្ណោះ។
នៅ​គ្រា​ដែល​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ប្រហារ​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​វិភាគ​ឯករាជ្យ​លើក​ឡើង​ថា មេ​ដឹកនាំ​កម្ពុជា​កំពុង​តែ​ដើរ​លើ​ផ្លូវ​នយោបាយ មិន​ខុស​ពី​មេ​ដឹកនាំ​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ប៉ុន្មាន​ឡើយ។
នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ លោក ហង្ស ឆាយា ពន្យល់​ថា មេ​ដឹក​នាំ​គណបក្ស​នយោបាយ​កម្ពុជា ហាក់​បី​ដូច​ជា​កំពុង​តែ​ធ្វើ​យុទ្ធនាការ​ឃោសនា​ទៅ​វិញ​ទេ។ លោក ហង្ស ឆាយា អះអាង​ថា នៅ​ខណៈ​ដែល​ប្រជា​ពលរដ្ឋ​កម្ពុជា​កំពុង​ចាប់​អារម្មណ៍​រឿង​ព្រំដែន​កម្ពុជា​ ទាំង​អស់​មិន​ថា ព្រំប្រទល់​ដែន​កម្ពុជា​ថៃ ឬ​ព្រំប្រទល់​កម្ពុជា​វៀតណាម និង​ឡាវ​នោះ​ទេ។ ដូច្នេះ រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​បង្វែរ​ស្ថានការណ៍​នេះ​ទៅ​វិញ។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ហង្ស ឆាយា បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​លេង​ល្បែង​នយោបាយ​វាយ​ប្រហារ​គ្នា​នេះ​ទេ។ បញ្ហា​ដែល​សំខាន់​នៅ​ចំពោះ​មុខ​រដ្ឋាភិបាល គួរ​តែ​ដោះ​ស្រាយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ​វិញ​ប្រសើរ​ជាង។
គណបក្ស​នយោបាយ ដែល​ជាប់​សំឡេង​ឆ្នោត កាល​ពី​ឆ្នាំ ២០០៨ នៅ​ក្នុង​អាណត្តិ​ទី ៤ ដែល​អាសនៈ​នៅ​ក្នុង​រដ្ឋសភា មាន​ចំនួន ៥ គណបក្ស រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា មាន ៩០ អាសនៈ គណបក្ស សម រង្ស៊ី មាន ២៦ អាសនៈ គណបក្ស​សិទ្ធិមនុស្ស មាន ៣ អាសនៈ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន ២ អាសនៈ និង​គណបក្ស​ជាតិ​និយម ដែល​បច្ចុប្បន្ន​ប្ដូរ​ឈ្មោះ​ជា​គណបក្ស នរោត្ដម រណឫទ្ធិ នោះ មាន ២ អាសនៈ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น