តម្លៃ​​​ភ្លើង​នៅ​​ត្រើយ​ខាង​​​កើត​​ទន្លេ​​​បាសាក់ ​ថ្លៃ​​ជាង​​​ត្រើយ​​ខាង​លិច​

 ខេត្តកណ្តាល​​​ ៖ ​​ប្រជាពលរដ្ឋ​​​រាប់ពាន់​គ្រួសារ នៅត្រើយ​ខាង​កើតទន្លេ​​បាសាក់ ក្នុង​​​ស្រុក​​​ស្អាង និង​ស្រុកកោះធំ ​បាន​ត្អូញត្អែរថា ​សព្វ​ថ្ងៃ​ពួក​​គាត់​កំពុង​ជួ​បបញ្ហា​​​​ពិបាក​​​ច្រើនណាស់​​ក្នុងការ​ប្រើ ​ប្រាស់​​ថាមពល​អគ្គិសនី​​ ​បើទោះ​បី​បណ្តាញ​ភ្លើង​បាន​​​តភ្ជាប់ពី​ប្រទេស​វៀតណាម​​​ក៏ដោយ​ ​គឺថៅកែ​​​ដែលមាន​​អាជ្ញាប័ណ្ណ​​​ផ្តាច់​មុខ​​បាន​ទារ​តម្លៃ​​​ខ្ពស់បំផុត ​ដែលគេ​​ហៅ​ថា ថ្លៃ​​ទឹក​តែ ដើម្បី​​តចូលផ្ទះប្រើប្រាស់​​ ។ ​​ជាង​នេះ​ទៀត ​​តម្លៃ​​​ភ្លើង​ថ្លៃ​​រហូតដល់​​​១.២០០រៀល ​​ក្នុង​មួយ​គីឡូវ៉ាត់​​ម៉ោង​ ដែល​តម្លៃ​នេះ​ប្រហែល​​​ភ្លើង​​ឯក​ជន​​​ក្នុងស្រុក​កាលពីមុន​ដែរ ។

​ប្រជា​ពលរដ្ឋ​​​និយាយ​​​​ថា គាត់​មានការ​សប្បាយចិត្ត​​ខ្លាំង​ណាស់ ខណៈដឹង​ថា ​ក្នុងភូមិ​​​-​ឃុំ​របស់គាត់​​​បាន​​ត​​បណ្តាញ​​ភ្លើង​ពី​ប្រទេស​វៀត​ណាម ​​ចូលមក​ប្រើ​ប្រាស់ ហើយ​សង្ឃឹម​ថា ​​និង​មាន​​តម្លៃ​ថោក​​ដូច​នៅត្រើយ​​ខាង​លិច​​ក្នុងស្រុក​​ស្អាង និងស្រុកកោះធំ​ដែរ។ ប៉ុន្តែ​​​ផ្ទុយទៅវិញ ​​តម្លៃ​​​ថាមពលអគ្គិសនី​នៅ​ត្រើយ​​ខាង​កើត​​ថ្លៃ​ជាង​ត្រើយ​ខាង​លិច​ ជិតពាក់​កណ្តាល។ ចំណែក​​តម្លៃ​សេវា​.ត​ដំបូងវិញ​គឺថ្លៃ​ខ្លាំង​ណាស់ ​ដាក់​​កុងទ័រ​មួយ​​​​១០អំពែរ ត្រូវ​​ចំណាយលុយ​​​អស់​​២២​ម៉ឺន​រៀល ​បើ​ដាក់​​កុងទ័រ​២០អំ​ពែរ​វិញ ត្រូវ​​​បង់ប្រាក់​​៧០ម៉ឺនរៀល នេះ​​មិនទាន់គិតខ្សែ​​​ភ្លើង​​​ផង ​ដែល​តម្លៃ​​​នេះគេ​និយមហៅ​ថា ​ថ្លៃទឹក​​​តែ​​ ។ ​ប្រជា​ពល​រដ្ឋ​​​​​និយាយទៀត​ថា ដោយ​សារតែតម្លៃ​​ខ្ពស់​ដូច្នេះ​ហើយ ទើបមាន​ការ​ប្រើប្រាស់​ថាម​ពល​​​អគ្គិសនី​​នេះ គឺមាន​តែ​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាពខ្ពស់​ទេ ដែល​​​បាន​​តប្រើប្រាស់។​ ចំណែក​​អ្នក​ដែល​​មធ្យម និងក្រី​​​ក្រ​នោះ​គ្មានលុយ​​​​ត​ប្រើ​ប្រាស់​​ឡើយ​ គឺ​សុខចិត្ត​​​ប្រើ​ចង្កៀង​​ប្រេង​កាត​ ឬប្រើ​​អាគុយវិញ​ ។
​​មន្ត្រី​​​អាជ្ញាធរ​ស្រុក​មួយរូប​បាន​​ឱ្យ​​ដឹង​ថា ​​ភ្លើង​ដែល​​ប្រើប្រាស់​​នៅ​​ត្រើយ​ខាង​​កើត​ទន្លេ​បា​សាក់​ក្នុង​ ស្រុកស្អាង​​​ និងស្រុក​កោះធំ​​ មាន​អាជ្ញា​ប័ណ្ណ​​​ផ្តាច់​​មុខ​របស់​ឈ្មោះ​​​ចាន់ ថាណា​វ៉ាត់ ​​។​ ភ្លើងត្រើយ​ខាង​កើត​​បាន​តភ្ជាប់​ពីត្រើយ​ខាង​លិច​​ឆ្លង​កាត់ទន្លេ​​ត្រង់​ វត្ត​​កំពង់គ ឃុំ​ពោធិ៍​បាន ​​ស្រុក​កោះធំ ​​ដោយ​ត​ប្រើប្រាស់​​ចំនួន​​៥ឃុំ ​​គឺឃុំ​ពោធិ៍​បាន ​​​ឃុំខ្ពប ​ឃុំតាលន់ ឃុំត្រើយ​​ស្លា និង​ឃុំ​ស្វាយ​​​ប្រទាល ។ ​​​នៅ​ក្នុង​​អាជ្ញាប័ណ្ណ​​​ បន្ទាប់​ពី​​.ត​ភ្ជាប់​ថាម​ពល​​ពី​ប្រទេសវៀតណាម​​ហើយ​នោះ​ គឺ​​​អាជ្ញាធរ​​អគ្គិ​សនី​​​​កម្ពុជា​បាន​កំណត់តម្លៃ​​​ត្រឹម​​៧៥០​ រៀលប៉ុណ្ណោះ ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ​ហើយ​បើគេ​​​គិត​តម្លៃ​​​១.២០០​​រៀល ក្នុងមួយ​គីឡូ​វ៉ាត់ម៉ោង​នោះ គឺ​វា​ខុស​​ពី​តម្លៃ​​​កំណត់​ដោយ​អាជ្ញា​ធរ​​អគ្គិសនី​​ហើយ។
​ជាមួយគ្នានេះ​ ក៏​​មាន​​ការរិះគន់​​ទៀត​ថា ចំពោះ​កុងទ័រ​ដែល​​​​យកមក​​ដាក់​​ឱ្យ​ប្រើប្រាស់​​សព្វ​ថ្ងៃ ​​គឺ​ដើរ​​​លឿន​ខុស​​​ធម្មតា។ ​ម្យ៉ាង​ទៀត ​នៅ​លើ​កុងទ័រ​នោះ​មិនមាន​​​​បិទ​តែមប្រិ៍​​​របស់​អាជ្ញាធរ​អគ្គិសនី​​ទេ ដែលគេគ្រប់​ៗគ្នា​​មានការ​​សង្ស័យ​យ៉ាង​​​​ខ្លាំង​ទៅលើ​​​កុងទ័រនេះ ​មិន​ដឹង​ថា ​ខាង​ក្រុម​ហ៊ុន​​​ភ្លើងនេះ​កុម្មង់​​​មក​​ពីខាង​ណា​ទេ ។ ម្យ៉ាង​ទៀត ​កុង​ទ័រ​​​ដាក់នៅតាម​​សសរ​​​បង្គោល​ភ្លើង​​គ្មានលក្ខណៈ​​បច្ចេក​ទេស​ និងគ្មាន​ប្រអប់​​​ត្រឹម​ត្រូវ​ឡើយ ​ដែល​នាំ​​ឱ្យ​មាន​ការព្រួយ​​បារម្ភ​​ខ្លាច​ក្មេងៗ​​ដើរ​ទៅជិត ប៉ះ​ឆក់​​ស្លាប់​ ។
​ប្រជា​ពលរ​ដ្ឋ​​​បាន​​សំណូមពរ​​ដល់​អាជ្ញាធរ​​ អគ្គិសនី​កម្ពុជា ក៏ដូច​ជា​​ក្រសួង​​ពាក់ព័ន្ធ​​ សូម​មេត្តា​ជួយ​សម្រួល​ធ្វើ​យ៉ាង​ណា​​​ឱ្យតម្លៃ​​​ថាមពល​អគ្គិសនី​ ក៏​ដូចជា​តម្លៃ​​កុងទ័រ​ ឬតម្លៃ​​ទឹកតែ​​បាន​ចុះ​​​ថោក​​​ផងដើម្បី​​​សម្រួល​​​ឱ្យប្រជា​ពលរដ្ឋ​​​បាន ​ប្រើ​ប្រាស់​​​គ្រប់​ៗគ្នា ព្រមទាំង​​ជួយពិនិត្យ​មើល​កម្លាំង​របស់កុងទ័រ​ជាផ្លូវការ​ផង ដែល​គេ​សង្ស័យ​​​ថា វា​មិន​​ដើរ​ធម្ម​តាទេ បែរជា​​​រត់ទៅវិញ ៕​​

ไม่มีความคิดเห็น:

แสดงความคิดเห็น