ខ្មែរ​ទទួល​បាន​ផល​ប្រយោជន៍​តិចតួច​ពី​ភ្ញៀវ​ទេសចរ​កូរ៉េ

2011-06-19
សមាជិក​សភា​ពី​ខាង​គណ​បក្ស​កាន់​អំណាច បាន​ព្រមាន​ក្រសួង​ទេសចរណ៍​របស់​កម្ពុជា​ថា ការ​អនុញ្ញាត​ឲ្យ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាតិ​សាសន៍​ផ្សេង ក្រៅ​ពី​ពល​រដ្ឋ​ខ្មែរ អាច​ធ្វើ​ឲ្យ​ខាត​ផល​ប្រយោជន៍​របស់​ខ្មែរ​ដ៏​ធំ។
ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
តំណាង​រាស្ត្រ​ពី​ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ជៀម យាប កាល​ពី​ថ្ងៃ​សុក្រ បាន​ព្រមាន​ថា ក្រសួង​ទេសចរណ៍​ត្រូវ​តែ​ទទួល​ខុស​ត្រូវ និង​កែ​ប្រែ​ជា​បន្ទាន់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍ ឬ​ហៅ​ថា Guide ជន​ជាតិ​កូរ៉េ​ជា​អ្នក​បក​ប្រែ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។

លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ខាត​ប្រយោជន៍​របស់​ខ្មែរ​ជា​ច្រើន ក្នុង​ការ​រក​ចំណូល​ពី​ចំហាយ​ទេសចរណ៍ និង​អាច​ធ្វើ​ឲ្យ​ការ​បក​ប្រែ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​មិន​បាន​គ្រប់​ ជ្រុង​ជ្រោយ ឬ​អាច​មាន​ការ​ភ័ន្តច្រឡំ ៖ «រឿង guide នេះ កម្ពុជា​ត្រូវ​ទទួល​ផ្ដាច់​មុខ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ត្រូវ​ទទួល​ខុស​ត្រូវ។ មិន​អាច​ឲ្យ​នរណា​គេ​មក​កាន់​កាប់​អា​ហ្នឹង​បាន​ទេ ពី​ព្រោះ​អ្នក​អាស័យ​សាស្ត្រ​មិន​អាច​យល់ មិន​អាច​ស្គាល់​វប្បធម៌​របស់​ជាតិ​បាន​ច្បាស់​លាស់ ប្រពៃណី ទំនៀម​ទម្លាប់ និង​ប្រវត្តិ​សាស្ត្រ​របស់​ជាតិ​បាន​នោះ​ទេ។ វា​មាន​តែ​កូន​ខ្មែរ​ទេ ដែល​រៀន​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​តាំង​ពី​ថ្នាក់​បឋម​សិក្សា មធ្យម​សិក្សា រហូត​ដល់​ថ្នាក់​ឧត្ដម​សិក្សា។ ទោះបី​យើង​មិន​ចេះ​ភាសា​ដិត​ដល់​ដូច​គេ​ក៏​ដោយ ប៉ុន្តែ​ទោះ​យ៉ាង​ណា ភាសា​គ្រាន់​តែ​ជា​ការ​យាន្ត​អែបៗ នោះ តែ​សំខាន់​បំផុត គឺ​ប្រវត្តិ​យើង​បាន​ដឹង។ ហើយ​យក​គេ​ផ្សេង​ទៀត​ទោះបី​គេ​ចេះ​ប្រវត្តិ​សាស្ត្រ​ខ្លះ​ក៏​ដោយ ក៏​គេ​មិន​និយាយ​អស់​ដែរ អា​ហ្នឹង​គឺ​ជា​កំហុស​មួយ​ដែល​ក្រសួង​ទេសចរណ៍​ត្រូវ​តែ​កែ​ប្រែ​ជា​ បន្ទាន់។»
ក្រៅ​ពី​មគ្គុទ្ទេសក៍​ជន​ជាតិ​កូរ៉េ គេ​សង្កេត​ឃើញ​មាន​សណ្ឋាគារ​របស់​កូរ៉េ ភោជនីយដ្ឋាន​របស់​កូរ៉េ កន្លែង​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​កូរ៉េ កន្លែង​ម៉ាស្សា​របស់​កូរ៉េ និង​យន្តហោះ​របស់​កូរ៉េ​ផង​ដែរ។ ដូច្នេះ​ចាប់​ពី​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​កូរ៉េ មក​ដល់​កម្ពុជា គេ​សង្កេត​ឃើញ​កូរ៉េ​បាន​ផ្ដល់​ប្រយោជន៍​ទេសចរណ៍​តិច​តួច​បំផុត​ដល់​ពល​រដ្ឋ ​ខ្មែរ។ ហើយ​ប្រយោជន៍​មួយ​ចំនួន​ដែល​ខ្មែរ​ទទួល​បាន ភាគ​ច្រើន​បាន​ពី​កម្រៃ​ផ្ដល់​ទិដ្ឋាការ និង​ការ​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ប៉ុណ្ណោះ​ពី​ភ្ញៀវ​ទេសចរណ៍​ កូរ៉េ។ បញ្ហា​នេះ​គេ​ក៏​សង្កេត​ឃើញ​ផង​ដែរ​ថា មិន​មែន​ត្រឹម​តែ​មាន​ការ​កេង​ចំណេញ​ផ្នែក​ទេសចរណ៍​ពី​ខាង​ជន​ជាតិ​កូរ៉េ​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ជន​ជាតិ​ឯ​ទៀត ដូច​ជា​ជប៉ុន​ជា​ដើម ក៏​បាន​ធ្វើ​របៀប​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។
លោក ជៀម យាម មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​ហាក់​ចាញ់​ប្រៀប​កូរ៉េ​ទាំង​ស្រុង ក្នុង​ការ​រក​ស៊ី​លើ​វិស័យ​ទេសចរណ៍​នេះ ៖ « ​ចំណែក​កូរ៉េ យើង​ខាត​ស្ទើរ​ទាំង​ស្រុង ដោយ​សារ​តែ​កប៉ាល់​ហោះ​របស់​គេ យើង​មាន​តែ​ឡាន​ទេ បាន​តែ​ពេល​ចេញ​ពី​សៀមរាប មក​អូតែល​អី​ប៉ុណ្ណឹង​ទេ ហើយ​ពី​អូតែល​ទៅ​មើល​ប្រាសាទ​អី​អ៊ីចឹង​ទៅ ជួនកាល​ឡាន​របស់​គេ​ថែម​ទៀត​ក៏​មាន​ដែរ។ អ៊ីចឹង​បាន​ថា​ឲ្យ​ក្រសួង​ទេសចរណ៍​ត្រូវ​ពិនិត្យ​ពិចារណា​សា​ឡើង​វិញ។ អា​រឿង​ការ​ងារ​អស់​ទាំង​ហ្នឹង យើង​ត្រូវ​តែ​ទទួល​បាន​ចំណេញ​មួយ​ផ្នែក កុំ​ឲ្យ​គេ​ចំណេញ​ទាំង​ស្រុង វា​មិន​កើត​ទេ។»
វិទ្យុ​អាស៊ី​សេរី​នៅ​មិន​អាច​សុំ​សេចក្ដី​អត្ថាធិប្បាយ​ពី​លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​របស់​កម្ពុជា​បាន​ទេ កាល​ពី​ថ្ងៃ​សុក្រ ទាក់​ទិន​នឹង​ការ​ព្រមាន​របស់​លោក ជៀម យាប តំណាង​រាស្ត្រ​គណ​បក្ស​កាន់​អំណាច។ ប៉ុន្តែ​លោក ថោង ខុន ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​ទូរស័ព្ទ​កាល​ពី​ដើម​ខែ​ មិថុនា​ថា ការ​លើក​ឡើង​អំពី​បញ្ហា​ទេសចរណ៍​កូរ៉េ គ្រាន់​តែ​ជា​ការ​វាយ​តម្លៃ​ចំណុច​មួយ​ជ្រុង​ប៉ុណ្ណោះ តែ​ទោះ​បី​ជា​យ៉ាង​ក៏​ដោយ វា​បាន​ជួយ​ដល់​កម្ពុជា​ច្រើន​លើ​វិស័យ​វិនិយោគ​ទុន និង​ពាណិជ្ជកម្ម​ផ្សេងៗ ជា​ច្រើន​ទៀត ៖ «វា​គ្រាន់​តែ​ទស្សនៈ​មួយ​ជ្រុង​ទេ មើល​ឃើញ​តែ​មួយ​ជ្រុង​ទេ តែ​សំខាន់​វា​មាន​ការ​ចំណេញ​ច្រើន ពេល​ដែល​យើង​កំពុង​មាន​ការ​អភិវឌ្ឍ​ហ្នឹង គឺ​ត្រូវ​ការ​ឲ្យ​មាន​ការ​ធ្វើ​វិនិយោគ​ទុន។ ហើយ​ការ​វិនិយោគ​ទុន​នេះ វា​អាច​ជួយ​ឲ្យ​ស្រុក​ទេស​អាច​មាន​ការ​អភិវឌ្ឍ​ច្រើន​ណាស់។ ជា​បន្តើរ​ៗ ទៅ​យើង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង​ហើយ។ ហើយ​ចំពោះ​ភោជនីយដ្ឋាន​វិញ កាល​ណា​យើង​មាន​ទស្សនៈ​មក​ពី​កូរ៉េ ជិះ​តែ​របស់​កូរ៉េ ស៊ី​តែ​របស់​កូរ៉េ​អ៊ីចឹង អា​ហ្នឹង​យើង​ខំ​ធ្វើ​របស់​យើង​ឲ្យ​ឆ្ងាញ់​ទៅ វា​ជា​កេរ្តិ៍​ឈ្មោះ​របស់​យើង​ដែរ​តើ។ សំខាន់​ពេល​កូរ៉េ​មក​គេ​មិន​មែន​ហូប​តែ​របស់​កូរ៉េ​ឯ​ណា តែ​ពួក​គេ​ក៏​ហូប​របស់​ខ្មែរ​ដែរ​តើ។ ការ​វិភាគ​អ៊ីចឹង​វា​មិន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។»
ប៉ុន្តែ​លោក ជៀម យាប បាន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ថោង ខុន ថា​ជា​ការ​ដោះ​ស្រាយ​យក​រួច​ខ្លួន​ប៉ុណ្ណោះ ហើយ​លោក​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​សេចក្ដី​អត្ថាធិប្បាយ​របស់​លោក​រដ្ឋ​មន្ត្រី​នោះ ៖ «ប្រសាសន៍​ របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី គឺ​ជា​ការ​ទទួល​ខុស ហើយ​នឹង​ត្រូវ មិន​មែន​ជា​ការ​ឆ្លើយ​យក​រួច​ខ្លួន​របៀប​ហ្នឹង​នោះ​មែន​ទេ។ នរណា​ក៏​ចេះ​ឆ្លើយ​អ៊ីចឹង​ដែរ ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​អ៊ីចឹង​ទេ។ យើង​ចាំបាច់​ធ្វើ​យ៉ាង​ម៉េច​ត្រូវ​គៀង​គរ​ទោះបី​ម្ហូប​យើង​មិន​ឆ្ងាញ់​ក៏​ ដោយ ក៏​ចាំបាច់​បង្ខំ​ឲ្យ​គេ​ទទួល​ទាន​ម្ហូប​របស់​ជាតិ​យើង​ដែរ។ ម្ហូប​របស់​យើង​មិន​មែន​ថា​មិន​ឆ្ងាញ់​ទាំង​អស់​នោះ​ទេ ក៏​មាន​អា​មុខ​គេ​ឆ្ងាញ់ គេ​ត្រូវ​ការ មុខ​គេ​ចង់​សាក​ល្បង​អី​អ៊ីចឹង​ដែរ។ អា​ហ្នឹង​ខ្ញុំ​មិន​ធ្វើ​ការ​ពិចារណា​នោះ​ទេ បើ​សិន​ជា​ឆ្លើយ​អ៊ីចឹង​នោះ​គឺ​អត់​ទេ។ ខ្ញុំ​សូម​ជម្រាប​អញ្ចេះ​ថា យើង​ជា​អ្នក​ទទួល​ខុស និង​ត្រូវ វា​មិន​ធម្មតា​នោះ​ទេ។»
របាយ​ការណ៍​របស់​រដ្ឋ​សភា​កម្ពុជា​បង្ហាញ​ថា ចំណូល​ថវិកា​ជាតិ​ជា​រួម​នៅ​រយៈ​ពេល ៦​ខែ​ដើម​ឆ្នាំ​២០១១ បាន​កើន​ឡើង​ដល់​ទៅ​ជាង ១​ពាន់​លាន​ដុល្លារ ពី​គ្រប់​វិស័យ​ទាំង​អស់ នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១០។ ចំណែក​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​មក​កម្ពុជា នៅ​រយៈ​ពេល​បួន​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១១ មាន​ចំនួន ១​លាន ១​ម៉ឺន​នាក់។
ទោះ​បី​ជា​មាន​ភ្ញៀវ​ទេសចរណ៍​ដ៏​ច្រើន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ​ឥត​ឈប់​យ៉ាង​នេះ​ក្តី ក៏​គេ​សង្កេត​ឃើញ​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​តំបន់​ទេសចរណ៍ ជា​ពិសេស​ក្នុង​ខេត្ត​សៀមរាប​នៅ​តែ​មាន​ជីវភាព​ក្រ​តោកយ៉ាក​ដដែល ចាប់​តាំង​ពី​អ្នក​នាំ​ភ្ញៀវ រហូត​ដល់​អ្នក​លក់​ដូរ​វត្ថុ​អនុស្សាវរីយ៍​នៅ​ទីនោះ។
មគ្គុទ្ទេសក៍​ខាង​ភាសា​កូរ៉េ​ម្នាក់ លោក តាន់ ប៊ុន​វ័ន បាន​អំពាវនាវ​ដល់​ក្រសួង​ទេសចរណ៍​ឲ្យ​ដោះ​ស្រាយ​បញ្ហា​មគ្គុទ្ទេសក៍​ទេសចរណ៍ ​ជន​ជាតិ​កូរ៉េ ដែល​កំពុង​ដណ្ដើម​ការ​ងារ​របស់​ខ្មែរ និង​កំពុង​មើល​ងាយ​ច្រាសឆ្អេះ​ដល់​ក្រុម​អ្នក​នាំ​ភ្ញៀវ​ខ្មែរ ថា​ជា​ពួក Guide ទីងមោង ឬ​ជា Guide សម្រាប់​នាំ​ភ្ញៀវ​ទៅ​បង្គន់​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ លោក​ក៏​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ពន្យល់​ខុស​អំពី​ ប្រវត្តិ​សាស្ត្រ​របស់​ខ្មែរ​ផង​ដែរ ៖ «ក្រសួង​ទេសចរណ៍​គួរ​គិត​គូ​ដោះ​ ស្រាយ​បញ្ហា​នេះ ទី​មួយ​ដោះ​ស្រាយ guide ជន​ជាតិ​កូរ៉េ យើង​មិន​ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ដូច្នេះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ឲ្យ guide ជន​ជាតិ​កូរ៉េ សូម​ឲ្យ​យក guide របស់​យើង​ជា​អ្នក​ពន្យល់ ហើយ​ចាំ​ឲ្យ guide ជន​ជាតិ​កូរ៉េ​ជា​អ្នក​ពន្យល់​ជា ភាសា​កូរ៉េ​ទៅ​ភ្ញៀវ ទើប​ប្រវត្តិ​យើង ហើយ​ជន​ជាតិ​ខ្មែរ​យើង​មាន​តម្លៃ។ ដូច​រាល់​ថ្ងៃ​ខ្ញុំ​គិត​ថា ជន​ជាតិ​ខ្មែរ​យើង​អន់​មែនទែន រហូត​ដល់​វា​ប្រើ​ពាក្យ​ថា guide ទីងមោង និង​ជា guide សម្រាប់​នាំ​ភ្ញៀវ​ទៅ​បង្គន់​មួយ​ម៉ាត់​ហ្នឹង ខ្ញុំ​ឈឺ​ចាប់​ណាស់។»
លោក​ថ្លែង​បន្ត​ថា រាល់​តម្លៃ​ទំនិញ តាំង​ពី​តម្លៃ​ធ្វើ​សរសៃ ទឹក​សុទ្ធ រហូត​ដល់​តម្លៃ​លក់​វត្ថុ​អនុស្សាវរីយ៍ គឺ​ក្រុម Guide ជន​ជាតិ​កូរ៉េ ជា​អ្នក​កំណត់​តម្លៃ​ទាំង​អស់ ដូច្នេះ Guide របស់​ខ្មែរ​គ្មាន​សិទ្ធិ​និយាយ ហើយ​ចាំ​តែ​ទទួល​កម្រៃ ២០​ដុល្លារ ក្នុង ១​ថ្ងៃ​ប៉ុណ្ណោះ។
មគ្គុទ្ទេសក៍​ទេសចរណ៍​ខ្មែរ​ម្នាក់​ទៀត លោក ប្រឹម ប្រីយ មាន​ប្រសាសន៍​ថា ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ឆ្ងាយ​ពី​តំបន់​ប្រាសាទ​មិន​សូវ​មាន​ចំណូល​ ចិញ្ចឹម​គ្រួសារ​បាន​ទេ ពី​វិស័យ​ទេសចរណ៍ ហើយ​បញ្ហា​នេះ​លោក​ថា រដ្ឋាភិបាល​គួរ​មាន​វិធី​សាស្ត្រ​យ៉ាង​ណា ដើម្បី​ឲ្យ​ចំហាយ​ទេសចរណ៍​អាច​ហូរ​ទៅ​ដល់​តំបន់​ដាច់​ស្រយាល ៖ «ភាគ​តិច​ ដែល​បង​ប្អូន​ខ្មែរ​យើង​លក់​វត្ថុ​អនុស្សាវរីយ​តាម​ជុំវិញ​ប្រាសាទ តាម​អី​ហ្នឹង មិន​សូវ​ជា​ច្រើន​ប៉ុន្មាន​ដែរ​ហ្នឹង។ រក​ចំណូល​បាន​តែ​អ្នក​នៅ​ជុំវិញ​ប្រាសាទ នៅ​ជិត​ៗ ទី​រួម​ខេត្ត​ហ្នឹង ហើយ​អ្នក​នៅ​ឆ្ងាយ​ៗ មាន​ដែល​បាន​ទទួល​អី​ណា។»
ចំណែក​អ្នក​ស្រី ជុំ រដ្ឋា អាយុ​៦០​ឆ្នាំ ដែល​ជា​អ្នក​លក់​ដូរ​វត្ថុ​អនុស្សាវរីយ មាន​អាវយឺត ក្រមា កម្រាល​តុ និង​វត្ថុ​ផ្សេង​ៗ ជា​ច្រើន​ទៀត បាន​ត្អូញត្អែរ​ថា ការ​រក​ស៊ី​របស់​អ្នក​ស្រី​សព្វ​ថ្ងៃ​មិន​សូវ​បាន​កាក់​កប​នោះ​ទេ ជា​មួយ​ភ្ញៀវ​កូរ៉េ ពី​ព្រោះ​ក្រុម Guide របស់​កូរ៉េ តែង​បង្វែរ​ភ្ញៀវ​ឲ្យ​ទៅ​ទិញ​វត្ថុ​អនុស្សាវរីយ៍​នៅ​តាម​សណ្ឋាគារ​ដែល​ពួក​ គេ​កំពុង​ស្នាក់​នោះ​វិញ ៖ «បើ​ពួក tour guide វា​ឲ្យ​ទិញ​អា​ហ្នឹង​ស្រួល ប៉ុន្តែ​ពួក​នោះ​ច្រើន​អត់​ឲ្យ​ទិញ ទោះ​ត្រូវ​ថ្លៃ​យ៉ាង​ណា​ក៏​ដោយ ជួន​ណា​រើស​របស់​យើង​ហើយ ក៏​វា​ហៅ​អ្នក​ទាំង​នោះ​ឲ្យ​វិញ​ដែរ ហើយ​ពួក​នោះ​ទៅ​វឹង។ វា​ហៅ​ទាំង​អស់​ថា មិន​បាញ់​ទិញ​ទេ ទៅ​ទិញ​នៅ​អូតែល ខ្ញុំ​ជជែក​ជា​មួយ​តើ​ខ្ញុំ​ខឹង ខ្ញុំ​ជជែក​ជា​មួយ។ ហើយ​ខ្ញុំ​អត់​លក់​ថ្លៃ​ទេ ខ្ញុំ​លក់​ថោក តម្លៃ​សមរម្យ ហើយ​ដល់​អ៊ីចឹង​ទៅ ក៏​វា​ហៅ​ថា​ឲ្យ​ទៅ​ទិញ​នៅ​អូតែល ខ្ញុំ​ក៏​ស្រែក ខ្ញុំ​ថា​អ្នក​ឯង​ទៅ​ទិញ​នៅ​អូតែល​តម្លៃ​លើស​ពី​របស់​ខ្ញុំ​ដល់​ទៅ​បី ឬ​បួន​ដង​ឯ​ណោះ។ ដូច​ថា​អត់​ជឿ​ជាក់​សោះ​កូរ៉េ វា​អត់​ពិត​ប្រាកដ​សោះ។»
ជុំវិញ​វិស័យ​ទេសចរណ៍​នេះ​ដែរ រដ្ឋ​សភា​របស់​កម្ពុជា​គ្រោង​នឹង​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​នា​ចុង​ខែ​ មិថុនា​ខាង​មុខ ដើម្បី​សួរ​ដេញ​ដោល និង​ស្វែង​រក​លទ្ធភាព​ផ្សេងៗ ដើម្បី​កែ​លម្អ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ថែម​ទៀត៕

ไม่มีความคิดเห็น:

แสดงความคิดเห็น