ប៉ូលិស​ប៉ះ​និង​អ្នក​ភូមិទង្គិច​គ្នា​​រឿង​ទំនាស់​ដី






ប្រជាពលរដ្ឋ​ប្រហែល ២០០​នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រហែល ៣០០​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​ទាក់ទិន​នឹង​ទំនាស់​ដីធ្លី​មួយ​កន្លែង​នៅ​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។
ប្រជាពលរដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ប៉ះ​ទង្គិច​គ្នា ក្នុង​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា ទាក់​ទិន​នឹង​ជម្លោះ​ដី​មួយ​កន្លែង​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។
ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​នៅ​ម៉ោង ១​រសៀល ខណៈ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ព្យាយាម​ការពារ​ដី​ស្រែ​ប្រឆាំង​នឹង​ការ​ចុះ​ អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្ដី គឺ​ក្រុមហ៊ុន​តៃវ៉ាន់ ម៉េង កេត។

កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ទាំង​ខែល និង​ដំបង​ឆក់​ផង​នោះ បាន​សម្រុក​ចូល​ទៅ​រក​ភាគី​ប្រជាពលរដ្ឋ និង​បាន​បាញ់​គំរាម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រាប់។ ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ជា​អ្នក​ការពារ​ដី​របស់​ខ្លួន​ក្រោម​ពាក្យ​ ស្លោក «ស៊ូ​ស្លាប់​ដើម្បី​ការពារ​ដី​ស្រែ» នោះ ក៏​បាន​ទប់ទល់​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ ដោយ​ពួក​គាត់​ប្រើ​ដំបង កាំបិត ពូថៅ ដាវ ចម្ពាម​កៅស៊ូ និង​ឧបករណ៍​មួយ​ចំនួន​ទៀត។
ភាគី​ទាំង​ពីរ​បាន​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​លើ​វាលស្រែ​ដែល​មាន​ ទឹក​ខ្លះ​ផង មើល​ទៅ​ហាក់​ដូច​ជា​ការ​ប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ​រវាង​កងទ័ព​នៃ​ជាតិ​ មួយ និង​កងទ័ព​នៃ​ជាតិ​មួយ​ទៀត​ដូច្នោះ​ដែរ ហើយ​ទី​បំផុត​ភាគី​ប្រជាពលរដ្ឋ​បាន​រុញច្រាន​ភាគី​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​សមត្ថកិច្ច​ដែល​ចុះ​អនុវត្ត​សាលដីកា​ឲ្យ​ត្រឡប់​ក្រោយ​វិញ។
ការ​ប៉ះទង្គិច​គ្នា​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ប្រហែល ៥​នាទី បាន​បង្ក​ឲ្យ​មាន​របួស​ដល់​ភាគី​ទាំង​សងខាង ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧​នាក់ កង​កម្លាំង​នគរបាល ២​នាក់ និង​កង​រាជ​អាវុធហត្ថ​ម្នាក់។ កង​កម្លាំង​នគរ​បាល​ម្នាក់​ដែល​រង​របួស​ធ្ងន់​ចំ​ក្បាល ត្រូវ​បាន​ក្រុម​ប្រជាពលរដ្ឋ​ជួយ​គ្រា​ទៅ​ទទួល​ការ​ព្យាបាល​ពី​សំណាក់​ក្រុម ​គ្រូពេទ្យ​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ និង​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ស្ពឺ។
ម្នាក់​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ដែល​រង​របួស​ទាំង ៧​នាក់ អះអាង​ថា រូប​គាត់​រង​របួស​បញ្ឆិត​លើ​ថ្ងាស​ដោយ​គ្រាប់​កាំភ្លើង​របស់​កង​កម្លាំង​ ប្រដាប់​អាវុធ។
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ដែល​បាន​ឃ្លាំ​មើល​ព្រឹត្តិការណ៍​តាំង​ពី​ដើម​រហូត​ដល់​ចប់ ថ្លែង​ថា ការ​ប៉ះទង្គិច​ជា​ផលវិបាក​នៃ​ការ​ពិចារណា​មិន​បាន​ដិតដល់ ហើយ​និង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​ក្នុង​ការ​អនុវត្ត​ សាលដីកា។
អនុ​ប្រធាន​កម្មវិធី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​បាន​តាមដាន​ការ​ប៉ះ​ទង្គិច​ដល់​កន្លែង​កើត​ហេតុ​ដែរ បាន​ទទូច​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល​ថា បើ​សិន​ជា​មាន​ការ​ចុះ​អនុវត្ត​សាលដីកា​លើក​ក្រោយ​ៗ​ទៀត គួរ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី ពីព្រោះ​ប្រជាពលរដ្ឋ​ក៏​ជា​អ្នក​រងគ្រោះ​ដោយ​អយុត្តិធម៌​ដែរ។
ករណី​វិវាទ​ដីធ្លី​នៅ​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​អនុវត្ត​សាលដីកា​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១០ តែ​មិន​បាន​សម្រេច​ព្រោះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា មាន​ការ​ផ្ទុះ​អាវុធ និង​បង្ក​របួស​ស្នាម​ដល់​ភាគី​ទាំងសងខាង​ដែរ។ ការ​ប៉ះ​ទង្គិច​គ្នា​លើក​នេះ​មាន​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុន៕

ไม่มีความคิดเห็น:

แสดงความคิดเห็น