ថៃ​អះអាង​ថា​គ្មាន​គម្រោង​វាយ​ប្រហារ​កម្ពុជា​ទេ

ដោយ យន់ សាមៀន និង ហាស់ សាន

2011-06-30
មន្ត្រី​យោធា​ថៃ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា បាន​បដិសេធ​ការ​អះអាង​របស់​កម្ពុជា ដែល​បាន​លើក​ឡើង​ថា យោធា​ថៃ មាន​គម្រោង​វាយ​ប្រហារ​កម្ពុជា នៅ​ដើម​ខែ​កក្កដា​នេះ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ដែរ ថៃ​បាន​ព្រមាន​ថា ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​ពី​កម្ពុជា ថៃ​នឹង​វាយ​ប្រហារ​តប​វិញ។
២៦-មេសា-២០១១៖ ពលរដ្ឋ​ខ្មែរ​ជម្លៀស​ខ្លួន​ចេញ​ពី​លំនៅឋាន​ក្នុង​តំបន់​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ដោយសារ​សង្គ្រាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។

មន្ត្រី​យោធា​ខ្មែរ និង​ថៃ កំពុង​តែ​មាន​ការ​មន្ទិលសង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ចាប់​ផ្ដើម​ ប្រើប្រាស់​កម្លាំង​យោធា​ដោយ​ភាគី​ណា​មុន ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ។
ការ​មិន​ទុក​ចិត្ត​គ្នា​នេះ មាន​ឡើង​នៅ​បន្ទាប់​ពី​កម្ពុជា ទទួល​ជោគជ័យ​សម្រាប់​គម្រោង​រៀបចំ​ប្រាសាទ​ព្រះវិហារ។ ចំណែក​ថៃ បាន​បរាជ័យ និង​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្គូ (UNESCO)។
នៅ​ដើម​សប្ដាហ៍​នេះ រដ្ឋាភិបាល និង​យោធា​ខ្មែរ-​ថៃ បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គម្រោង​ធ្វើ​សង្គ្រាម​តំបន់​ក្បែរ​ ប្រាសាទ​ព្រះវិហារ។ ការ​មិន​ទុក​ចិត្ត​គ្នា​នេះ បាន​កើត​ឡើង​កន្លង​មក​ដោយសារ​តែ​ការ​ផ្ទុះ​អាវុធ​រវាង​ទាហាន​ខ្មែរ និង​ថៃ មាន​ភាព​ផុយ​ស្រួយ​ពេក ដែល​បណ្ដាល​ឲ្យ​ទាហាន​ទាំង​សង​ខាង​ស្លាប់​ច្រើន​ជាង ២០​នាក់។
មន្ត្រី​យោធា​ថៃ ត្រូវ​បាន​សារព័ត៌មាន​ថៃ ដក​ស្រង់​សម្ដី​ថា ទាហាន​ថៃ មាន​គោលជំហរ​ច្បាស់លាស់ គឺ​មិន​ឈ្លានពាន​ប្រទេស​ណា​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ការ​វាយ​ប្រហារ​បក​វិញ ប្រសិន​បើ​មាន​ការ​ប្រហារ​មក​លើ​ខ្លួន។
ឧត្ដមសេនីយ៍​ឯក​មេ​បញ្ជាការ​ទី​មួយ​ប្រចាំ​យុទ្ធ​ភូមិភាគ​១ លោក ឧត្តមដេត ស៊ីតាបុត្រ (Udomdej sitabutr) មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធ ទី​២៩ មិថុនា ថា ថៃ​នឹង​មិន​ចាប់​ផ្ដើម​វាយ​ប្រហារ​កម្ពុជា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ ៖ «ទំនាក់ទំនង​រវាង​មន្ត្រី និង​អង្គភាព​យោធា​របស់​ប្រទេស​ទាំង​ពីរ​នៅ​តែ​បន្ត​ធ្វើ​ដូច​ដើម។ យើង​នៅ​តែ​និយាយ​រក​គ្នា​ទៅ​វិញ​ទៅ​មក។ កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​ខ្លះ​ពី​ភាគី​កម្ពុជា អំពី​ការ​វាយ​ប្រហារ​របស់​ថៃ។ ប៉ុន្តែ​វា​មិន​មែន​ជា​ការ​ពិត​ទេ​ដែល​ថៃ នឹង​ចាប់​ផ្ដើម​ប្រយុទ្ធ​នឹង​កម្ពុជា​នោះ។ ខ្ញុំ​អាច​អះអាង​បាន​ថា យើង​រួម​ទាំង​អគ្គ​មេបញ្ជាការ​ទ័ព គ្មាន​គោលនយោបាយ​ណា​មួយ ស្ដីពី​ការ​វាយ​ប្រហារ​កម្ពុជា​ទេ។ ប៉ុន្តែ​ប្រសិន​បើ​យើង​រង​នូវ​ការ​វាយ​ប្រហារ យើង​ចាំបាច់​ត្រូវ​តែ​តប​ត​វិញ»។
អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ឈុំ សុជាត កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា បាន​បញ្ជាក់​ថា កងទ័ព​កម្ពុជា ពុំ​មាន​ការ​ចល័ត​ទ័ព និង​ហ្វឹកហាត់​យុទ្ធសាស្ត្រ​បោក​គ្រាប់បែក និង​បាញ់​កាំភ្លើង​ធំ ដូច​ការ​ចោទ​ប្រកាន់​របស់​មេបញ្ជាការ​យោធា​ថៃ​នោះ​ទេ។
អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា កងទ័ព​ខ្មែរ​ដែល​កំពុង​តែ​ឈរ​ជើង​នៅ​តាម​ខ្សែ​ត្រៀម​ជួរ​មុខ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ប៉ុន្តែ​បាន​ត្រៀម​លក្ខណៈ​ដើម្បី​ការពារ​ទឹក​ដី។ លោក​បន្ត​ថា ចំណែក​ឯ​ការ​ចោទ​ប្រកាន់​របស់​យោធា​ថៃ គឺ​ជា​លេស​មួយ​ដើម្បី​វាយ​ប្រហារ​ជា​ថ្មី​មក​លើ​ភាគី​កម្ពុជា តែប៉ុណ្ណោះ។
ទាហាន​ខ្មែរ​ម្នាក់​ឈរ​ជើង​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​សុំ​មិន​ បញ្ចេញ​ឈ្មោះ បាន​ឲ្យ​កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ មិថុនា មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា កំពុង​ត្រៀម​ខ្លួន​ខ្លាច​ក្រែង​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​សា​ជា​ ថ្មី​ម្ដង​ទៀត។ លោក​បន្ត​ថា មក​ទល់​ថ្ងៃ​២៨ មិថុនា នៅ​តំបន់​ព្រំដែន​មិន​ទាន់​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ។
អ្នក​វិភាគ​បញ្ជាក់​ថា ភាព​តានតឹង​នៅ​តាម​ព្រំដែន​ដោយសារ​ការ​ខក​ចិត្ត​របស់​ថៃ ក្រោយ​ពេល​ដែល​កម្ពុជា បាន​សម្រេច​ផែនការ​ជួសជុល និង​អភិរក្ស​កម្ពុជា។ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៥ មិថុនា គណៈ​ប្រតិភូ​ថៃ បាន​ដក​ខ្លួន​ចេញ​ពី​អង្គការ​យូណេស្កូ បន្ទាប់​ពី​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ទទួល​យក​គម្រោង​កម្ពុជា មក​ពិភាក្សា។ ថៃ​បាន​ចោទ​ប្រកាន់​ថា សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​នេះ​ជា​អំពើ​អយុត្តិធម៌​សម្រាប់​ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹក​ដី​ខ្លួន។
នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាល​ពី​ថ្ងៃ​អង្គារ ទី​២៨ បាន​ប្រកាស​ថា រដ្ឋាភិបាល​ចាំ​ផ្ទះ​របស់​លោក​នឹង​ទុក​បញ្ហា​សមាជិកភាព​អង្គការ​យូណេស្កូ ថៃ ទៅ​ឲ្យ​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​ថ្មី​ដោះស្រាយ​ជា​បន្ត​ទៀត។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថៃ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ប្រសិន​បើ​ការ​ជំទាស់​របស់​ថៃ បណ្ដាល​ឲ្យ​ជម្លោះ​ព្រំដែន​កាន់​តែ​ធ្ងន់ធ្ងរ​ទៀត។
មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ កំពុង​តាមដាន​ស្ថានភាព​ពាណិជ្ជកម្ម​ថៃ នៅ​កម្ពុជា។ មន្ត្រី​បន្ត​ថា ប្រសិនបើ​មាន​ការ​ប្រយុទ្ធ​គ្នា​មែន​នោះ ពាណិជ្ជកម្ម​ថៃ នៅ​កម្ពុជា នឹង​មាន​ផល​ប៉ះពាល់​ជា​មិន​ខាន។
ថៃ​មិន​យក​លេស​រឿង​ជម្លោះ​ព្រំដែន​ដើម្បី​ពន្យារ​ការ​បោះ​ឆ្នោត​ទេ
ទីភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់ DPA ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​២៩ មិថុនា ថា នាយករដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ ឆ្លើយ​តប​ទៅ​នឹង​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា ថៃ​នឹង​យក​លេស​រឿង​វិវាទ​ជាមួយ​កម្ពុជា ដើម្បី​លើក​ថ្ងៃ​បោះ​ឆ្នោត​នោះ​ថា ការ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​៣ មិថុនា ដូច​បាន​គ្រោង​ទុក ឥត​កែប្រែ​ទេ ហើយ​ថា ថៃ​នឹង​មិន​បង្ក​ភាព​តានតឹង​រឿង​ព្រំដែន​ជាមួយ​កម្ពុជា ដើម្បី​ពន្យារ​ពេល​បោះឆ្នោត​នោះ​ឡើយ។
តាម​ដំណឹង​ក្នុង​កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) នៅ​ថ្ងៃ​២៩ មិថុនា មេបញ្ជាការ​យោធភូមិភាគ​ទី​១​ថៃ ឧត្ដមសេនីយ៍​ឯក ឧត្តមដេត ស៊ីតាបុត្រ (Udomdej Sitabutr) និង​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ឧត្ដមសេនីយ៍ឯក សុវត្ថិឆ័យ សាមុតសាខន (Sowatchay Samutsakorn) ថា ពុំ​មាន​ការ​បន្ថែម​កម្លាំង​ទ័ព​ទៅ​កាន់​ជាយ​ដែន​អ្វី​នោះ​ទេ គ្រាន់​តែ​ផ្លាស់ប្ដូរ​អង្គភាព​យោធា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ តែប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មេបញ្ជាការ​យោធភូមិ​ភាគ​ទី​១ ឧត្ដមសេនីយ៍ឯក ឧត្តមដេត ស៊ីតាបុត្រ ថ្លែង​ថា កម្ពុជា​បាន​បន្ថែម​កម្លាំងទ័ព​ថ្មើរ​ជើង​ខ្លះ​នៅ​តាម​ជាយ​ដែន តែ​មិន​ច្រើន​ទេ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น