ប្រារព្ធ​ទិវាអន្តរជាតិ​​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន​​​​នៅតំបន់​​អ្នក​លឿង​

ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៦:៣០

    ការដើរ​ហែក្បួន​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត

ក្បួន​​ត្រូវ​បាន​ដង្ហែ​​តាម​​ដង​ផ្លូវ​​ក្នុងតំបន់​​ ដោយ​សមាជិក​​នៃអង្គពិធី​​បាន​កាន់​​បដា​​​ពាក្យ​ស្លោក​​​​ព្រោង​ព្រាត​ និង​មានការ​​ចាក់​ផ្សាយ​តាម​មីក្រូ​​ នូវ​ខ្លឹម​សារ​​នៃពាក្យ​ស្លោក​ទាំង​នោះ​ផងដែរ ។  ​​ក្នុង​ពេល​​​ជួបជុំ​ ក្រោយ​ពេល​​ដង្ហែ​​​ក្បួន​ លោក​​​សៅ ប្រសិដ្ឋ​ ​អភិបាល​នៃគណៈអភិបាល​​ស្រុក បាន​អាន​ខ្លឹម​សារ​ដើមទាំង​ស្រុង​​នៃ​សារលិខិត​របស់​​​​សម្តេច​អគ្គ​មហា​ សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា​​ជូន​ដល់​​​អង្គ​ពិធី​​​​ ទាំងមូល​ស្តាប់ ។ 

នៅក្នុង​សុន្ទរកថា​ បាន​បញ្ជាក់​ថា ការ​ប្រារព្ធ​​ទិវា​អន្តរជាតិ​​ប្រយុទ្ធ​​ប្រឆាំង​​គ្រឿង​ញៀន​​​ឆ្នាំនេះ​ ក្រោម​​ប្រធានបទ​ «សកម្ម​ភាព​ជា​សាកល​ ដើម្បី​សុខភាព​​និង​សហគមន៍​​គ្មាន​គ្រឿង​ញៀន​ »​ និង​​បង្ហាញ​​ពីគោល​​​បំណង​ដើម្បី​​ក្រើន​រំលឹក​​ និង​​ផ្សព្វ​ផ្សាយ​​​​ដល់​​មនុស្ស​​ជាតិ​ទាំងអស់​ នៅលើ​ពិភព​លោក​ ជាពិសេស​​​យុវវ័យ​ត្រូវ​យល់​​​ដឹង​​ពីគ្រោះ​​ថ្នាក់​​​ និង​ផល​ប៉ះពាល់​​យ៉ាង​ធ្ងន់​ធ្ងរ​ដែល​​បង្ក​ឡើង​​​ដោយ​គ្រឿង​ញៀន​ ​ព្រម​ទាំង​​សម្តែង​​​នូវ​ឆន្ទៈ​​​ និង​បំផុស​នូវ​ចលនា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ផលិត​​ ការ​ចរាចរ​ និងការ​ប្រើ​បំពាន​គ្រឿង​ញៀន​ដោយ​ខុសច្បាប់ ។ ក្នុងពិធី​​នាឆ្នាំនេះ ​តាមការ​​ពិនិត្យ​ឃើញ​ថា មាន​ការ​ចាប់​អារម្មណ៍​​ច្រើន​ ពិសេស​យុវវ័យ​ ចំពោះ​ផល​​ប៉ះពាល់​ ដែល​​ធ្វើ​ឱ្យ​​បាត់​បង់​ទាំង​ស្មារតី​ ចំណេះ​ដឹង ការសិក្សា​ ញាតិ​មិត្ត​​ សុខភាព​ និង​អនាគត​​​របស់​ខ្លួន​ ​ដើម្បី​ក្លាយ​ខ្លួន​ជាអ្នក​​បន្ត​វេន​​ ក្នុង​ការ​ដឹក​នាំប្រទេស​​ជាតិ ជាពលរដ្ឋ​ល្អ​ ដើម្បី​ចូល​​រួម​​​អភិវឌ្ឍន៍​​ប្រទេស​ជាតិ។ លោកសៅ ប្រសិដ្ឋ​ បាន​ស្នើ​​​ឱ្យ​ប្អូនៗ​​យុវវ័យ​​ទាំងអស់​​ត្រូវ​​​ដើរ​​​ចេញ​ឱ្យ​ឆ្ងាយ​ ពីគ្រឿង​ញៀន ។
សូមបញ្ជាក់​​ផង​ដែរ​ថា បន្ទាប់​ពី​រាជរដ្ឋា​ភិបាល​​​បាន​ដាក់​ចេញ​​នូវ​ផែន​ការ​​ចាត់​តាំង អនុវត្ត​​គោល​នយោបាយ​​ភូមិ​​​-ឃុំ​មាន​សុវត្ថិភាព​​​រួច​មក​ ស្រុក​​​ពាមរក៍ មាន​ការ​​ថយ​ចុះ​​ច្រើន​គួរកត់​សម្គាល់​ លើបញ្ហា​​គ្រឿង​ញៀននេះ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น