នួន ជា សុំ​ឱ្យ​តុលាការ​ស៊ើប​ពី​តួនាទី​របស់​វៀតណាម​ក្នុង​រឿង​ខ្មែរ​ក្រហម

ដោយ​ ឡេង ម៉ាលី

2011-06-30
សវនាការ​បឋម​របស់​សាលាក្ដី​ខ្មែរក្រហម​ថ្ងៃ​ទី​៤ នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ នួន ជា បាន​ជម្រាប​ជូន​អង្គ​សវនាការ​បឋម​ថា កូន​ក្ដី​របស់​លោក​ស្នើសុំ​ឱ្យ​ចៅក្រម​ស៊ើបអង្កេត​លើ​តួនាទី​របស់​ប្រទេស​ វៀតណាម មុន និង​ក្នុង​អំឡុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​មិនមែន​ត្រឹមតែ​អំឡុង​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ប៉ុណ្ណោះ​ទេ។
២៩-មិថុនា-២០១១១៖ ព្រះសង្ឃ​ចូល​រួម​សង្កេត​មើល​ដំណើរ​ការ​នៃ​អង្គ​សវនាការ​បឋម​លើ​សំណុំ​រឿង ០០២ ថ្ងៃ​ទី​៣ ដែល​មាន​ជន​ជាប់​ចោទ នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធិរិទ្ធ។
មេធាវី​ការពារ​បាន​ឱ្យ​ដឹង​ថា ជន​ជាប់​ចោទ នួន ជា លើក​ឡើង​ពី​ការ​ចាំបាច់ ដែល​ត្រូវ​ស៊ើប​អង្កេត​រឿង​នេះ ព្រោះ​ថា សេចក្ដី​សម្រេច​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ច្រើន ធ្វើ​ឡើង​ដោយសារ​តែ​គោល​នយោបាយ​របស់​ប្រទេស​វៀតណាម។
មេធាវី​ជន​ជាប់​ចោទ នួន ជា ក៏​បាន​លើក​ហេតុ​ផល​ដែរ​ថា ការ​ទម្លាក់​គ្រាប់​បែក ក៏​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ដែរ ដើម្បី​ឱ្យ​ដឹង​ច្បាស់​ថា តើ​មាន​វិបត្តិ​ស្បៀង​អាហារ​ទេ​នៅ​មុន​ឆ្នាំ ១៩៧៥។ ប្រ​សិន​បើ​មាន​មែន តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដល់​ប្រជាជន​កម្ពុជា? តើ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​នេះ​បាន​ ទេ?
មេធាវី​ជន​ជាប់​ចោទ នួន ជា លើក​ឡើង​ទៀត​ថា វា​ជា​ការ​ចាំ​បាច់​ណាស់​ដែរ ដែល​ត្រូវ​ស៊ើប​អង្កេត​មេ​បញ្ជាការ​យោធា​ខ្មែរក្រហម នៅ​ភូមិ​ភាគ​បូព៌ា ដែល​ខាង​គណៈមជ្ឈិម​គ្មាន​តួនាទី​អនុវត្ត​អំណាច​របស់​ខ្លួន​បាន។
ជនជាប់ចោទ នួន ជា ក៏បាន​សុំ​ឱ្យ​ស៊ើប​អង្កេត​លើ​សេចក្ដី​ថ្លែង​ការ​របស់ ឌុច ដែរ ដែល​ថា រូប​គាត់​ជា​អ្នក​ឃោរឃៅ​ទាក់ទង​នឹង​ឧក្រិដ្ឋ​កម្ម​នៅ​គុក​ទួល​ស្លែង។
ចំណែក​ជន​ជាប់​ចោទ ខៀវ សំផន ក៏​បាន​តវ៉ា​ដល់​អង្គ​សវនាការ​ដែរ​ថា នៅ​ក្នុង​បញ្ជី​ឈ្មោះ​សាក្សី​របស់​សាលាក្ដី​មិន​មាន​ឃើញ​មាន​ឈ្មោះ​សាក្សី​ របស់​គាត់​ទេ គឺ​ភាគ​ច្រើន​បំផុត​ឃើញ​តែ​សាក្សី​របស់​ព្រះរាជអាជ្ញា។ មាន​ឈ្មោះ​សាក្សី​ខ្លះ​របស់​គាត់ បែរ​ទៅ​ជា​សាក្សី​របស់​ព្រះរាជអាជ្ញា​សម្រាប់​ចោទ​ប្រកាន់​ទៅ​វិញ។ ជនជាប់ចោទ ខៀវ សំផន សន្យា​ថា គាត់​នឹង​ដាក់​បញ្ជី​ឈ្មោះ​ជា​លាយ​លក្ខណ៍​អក្សរ​ម្ដង​ទៀត។ គាត់​សំណូមពរ​ឱ្យ​អង្គ​សវនាការ​ស្ដាប់​ខាង​គាត់​ផង បើ​ចង់​ដឹង​ច្បាស់ ព្រោះ​កន្លង​មក​គេ​និយាយ​ពី​គាត់​ច្រើន​ពេក​ហើយ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น