ប្រជា​ពល​រដ្ឋ​18​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​ប៉ូលិស​ថា យក​ដី​ស្រែ​ពួក​គាត់​ធ្វើ​ទី​បញ្ជា​ការ​

(ប្រុសកោះ)

ថ្ងៃសៅរ៏ ទី៩ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:២៥
ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មកតវ៉ា
កោះសន្តិភាព
ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មកតវ៉ា

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ផ្ទៃ​ដី​ស្រែ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៥៧,៥​ហិកតា​ដែល​ស្ថិត​នៅ​ចំណុច​​អូរ ​យាង​ខាង​លិច​ក្នុង​ភូមិ​ផ្អុង​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ប្រជា​ពលរ​ដ្ឋ​ចំនួន​១៨គ្រួសារ​​បាន​ផ្តិត​មេ​ដៃ​ដាក់​ពាក្យ​ប្តឹង​ចំពោះ​​ លោក​អនុ​សេនីយ៍​​ឯក​បិុច​ វណ្ណា បញ្ជា​ការ​អង្គ​ភាព​ប៉ូលិស​វរៈ​លេខ​៧០២​ការ​ពារ​ព្រំ​ដែន​​គោក​ខ្មែរ​-សៀម​ ដោយ​ចោ​ទ​ប្រកាន់​ថា បាន​ដើរ​បោះ​បង្គោល​ និង​ដើរ​បាញ់​ថ្នាំ​កំណត់​ព្រំ​ដី​រំលោភ​យក​ដី​ស្រែ​របស់​ពួក​គាត់​ធ្វើ​ទី​ បញ្ជា​ការ​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​២៨ មីនា កន្លង​ទៅ​ ។​ ទោះ​បី​ជា​បែប​ណា​មន្ត្រី ប៉ូលិស​​ដែល​បាន​សាក​សួរ​ប្រាប់​ថា ជាប់​រវល់​ ហើយ​ក៏​មិន​បាន​បំភ្លឺ​ទេ តែ​មន្ត្រី​សាលា​ខេត្ត​ថា ករណី​នេះ​នឹង​មាន​ការ​ដោះ​ស្រាយ​នា​ពេល​ខាង​មុខ​នេះ​។

ប្រជា​ពល​រដ្ឋ​ឈ្មោះ​ហុង សិរី​សុវណ្ណ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​តំណាង​ប្រជា​ពល​រដ្ឋ​​ ជា​អ្នក​ធ្វើ​ស្រែ​​ចំការ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ផ្ទៃ​ដី​ស្រែ​ចំការ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៥៧,៥​ហិកតា គឺ​ប្រជា​ពល​រដ្ឋ​​បាន​កាប់​ឆ្កា​រព្រៃ​ និង​បាន​បង្ក​បង្កើន​ផល​ស្រូវ​ជា​រៀង​រាល់​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​ មក​ម្ល៉េះ។ ដី​ស្រែ​នោះ​បើ​គិត​ក្នុង​១​គ្រួសារ​ អ្នក​ខ្លះ​មាន​ផ្ទៃ​ដី​ស្រែ​ចំការ​២​ទៅ​៥​ហិកតា​ប៉ុណ្ណោះ ស្រាប់​តែ​​លោក​អនុ​សេនីយ៍​ឯក​ប៉ិច វណ្ណា ប៉ូលិស​អង្គ​ភាព​វរៈ​លេខ​៧០២​ការ​ពារ​ព្រំ​ដែន​គោក​បាន​ឱ្យ​ប៉ូលិស​ក្រោម​ ឱវាទ​ដើរ​បោះ​បង្គោល​ និង​បាញ់​ថ្នាំ​ហ៊ុម​ព័ទ្ធ​ធ្វើ​ជា​ព្រំ​ដី​ បន្ទាប់​មកបាន​​ហាម​ឃាត់​មិន​ឱ្យប្រជា​ពល​រដ្ឋ​ចូល​ទៅ​ភ្ជួរ​ដី​​​ស្រែ​ ចំការ​នោះ​ទេ ព្រោះ​ដី​នេះ​សំរាប់​កសាង​ទី​បញ្ជា​ការ​ប៉ូលិស​ បើ​ប្រជា​ពលរ​ដ្ឋ​ណា​នៅ​តែ​រឹង​ទទឹង​ចូល​ទៅ​ភ្ជួរ​ដី​នោះ​នឹង​ត្រូវ​ចាប់​ ខ្លួន​។
ទាក់​ទិន​ករណី​នេះ​កោះ​សន្តិ​ភាព​ទូរ​ស័ព្ទ​​ជួប​លោក​ វរ​សេនីយ៍​ទោ ភិន យាន ស្នង​ការ​រង​ខេត្ត​ទទួល​ផ្នែក​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​គោក​ខ្មែរ​-សៀម​កាល​ ពី​ថ្ងៃ​ទី​៧ កក្កដា លោក​បាន​ឆ្លើយ​ខ្លី​ថា លោក​ជាប់​រវល់​ ហើយ​​មិន​បានបំភ្លឺ​យ៉ាង​ណា​មួយ​ឱ្យ​ដឹង​ទេ ។
លោក​​វ៉ាត​ ប៉ារ៉ានីន នាយក​សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា ប៉ូលិស​វរៈ​លេខ​​៧០២​ការ​ពារ​ព្រំ​ដែន​បាន​ដាក់​សំណើ​ដល់​អាជ្ញា​ធរ​ខេត្ត​ ដើម្បី​សុំ​ផ្ទៃ​ដី​ចំនួន​៧០ហិកតា សម្រាប់​កសាង​ទី​បញ្ជា​ការ​នៅ​ក្នុង​ភូមិ​ផ្អុង​ពិត​មែន​ តែ​អាជ្ញា​ធរ​ខេត្ត​បាន​អនុញ្ញាត​តែ​លើ​ផ្ទៃ​ដី​ទំហំ​២០០​គុណ​២៥០​ ម៉ែត្រប៉ុណ្ណោះ។ ករណី​ប៉ូលិស​បោះ​បង្គោល​ និង​បាញ់​ថ្នាំ​ហ៊ុម​ព័ទ្ធ​ទៅ​លើ​ផ្ទៃដី​ចំនួន​៧០​ហិកតា​ធ្វើ​ឱ្យ​​មាន​ការ​ ប៉ះ​ពាល់​នោះ គឺ​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ប្រជា​ពល​រដ្ឋហើយ។ រឿង​នេះលោក​នឹង​ដោះ​ស្រាយ​នា​ពេល​ខាង​មុខ​ឈរ​លើ​គោល​ការណ៍​ឈ្នះ-ឈ្នះ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น